ខេត្តតាកែវ ៖ សិស្សានុសិស្សមកពីវិទ្យាល័យនានាក្នុងខេត្តតាកែវ សរុបជិត១ពាន់នាក់ បានមកធ្វើទស្សនកិច្ចសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ដើម្បីស្វែងយល់អំពីការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) កម្មវិធីបណ្តុះបណ្តាលជំនាញ បរិក្ខារសិក្សាទំនើបៗ ជម្រើសមុខរបរ និងឱកាសការងារនាពេលអនាគត ។

ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយឱ្យសិស្សានុសិស្សទទួលបានការយល់ ដឹងកាន់តែច្បាស់អំពីជម្រើសនៃការសិក្សាជំនាញ បង្កើនការត្រៀមខ្លួនសម្រាប់ការសម្រេចចិត្តបន្តការសិក្សា និងកំណត់ទិសដៅអាជីពស្របតាមសមត្ថភាព ចំណង់ចំណូលចិត្ត និងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នេះជាឱកាសឱ្យសិស្សវិទ្យាល័យបានទស្សនាផ្ទាល់នូវបរិវេណសិក្សា បន្ទប់ពិសោធន៍ និងរោងជាងអនុវត្ត ព្រមទាំងស្វែងយល់ពីការបណ្តុះបណ្តាលបែបអនុវត្ត និងសម្ភារបរិក្ខារទំនើប ស្របតាមតម្រូវការវិស័យឧស្សាហកម្ម ។

លោកថ្លែងថា៖ «នេះជាឱកាសមួយឱ្យសិស្សវិទ្យាល័យស្វែងយល់ពីជម្រើសមុខជំនាញដែលមានច្រើន ហើយរៀនរយៈពេលខ្លី ស្វែងយល់ពីជម្រើសមុខរបរ បង្កើតជម្រើសជីវិតខ្លួនឯង ក៏ដូចជាបង្ហាញពីឧបករណ៍ទំនើបៗ និងសក្តានុពលរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ» ។

ជាមួយគ្នានេះ ក្រុមការងាររបស់វិទ្យាស្ថានបានធ្វើបទបង្ហាញ និងផ្សព្វផ្សាយអំពីកម្មវិធីអាហារូបករណ៍របស់រាជរដ្ឋាភិបាល ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងផ្តល់ព័ត៌មានលម្អិតអំពីមុខជំនាញអាទិភាព លក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន អត្ថប្រយោជន៍នៃការសិក្សា ឱកាសហាត់ការនៅតាមសហគ្រាស និងក្រុមហ៊ុនឯកជន ក៏ដូចជាឱកាសទទួលបានការងារធ្វើក្រោយពេលបញ្ចប់ការសិក្សា ដល់សិស្សវិទ្យាល័យ រួមមានសិស្សមកពីវិទ្យាល័យអង្គរកា អង្គសង្កែ វត្តបារាយណ៍ ថ្នល់បំបែក ខ្សាច់ស ព្រៃមេលង សម្តេចឳ ក្តីទន្ទឹម និងវិទ្យាល័យសុខ អាន សូបិណ ។

បន្ថែមពីនេះ សិស្សានុសិស្សបានចូលរួមយ៉ាងសកម្ម ក្នុងការសាកសួរ ផ្លាស់ប្តូរយោបល់ និងស្វែងយល់ពីបទពិសោធន៍សិក្សា ជីវភាពរស់នៅក្នុងវិទ្យាស្ថាន និងឱកាសអភិវឌ្ឍសមត្ថភាព ដែលបានរួមចំណែកបង្កើនការយល់ដឹង និងជំរុញទឹកចិត្តឱ្យពួកគេពិចារណាជ្រើសរើសការសិក្សាជំនាញជាផ្លូវមួយឆ្ពោះទៅរកការងារមានគុណភាព និងប្រាក់ចំណូលសមរម្យនាពេលអនាគត ៕ អត្ថបទសហការ





ចែករំលែកព័តមាននេះ