ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចោរ​ចំណាយពេល​៥​ថ្ងៃ​ ស៊ី​គ្រឿង​ក្នុងផ្ទះ​អស់៦​ល្វែង ​ប៉េ​អឹ​ម​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​៣​​នាក់

2 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ សំណង់ផ្ទះ​ល្វែង​ចំនួន​០៦ របស់​ក្រុមហ៊ុន​ «​ស៊ី​ន ឃី​ម​» ដែល​ស្ថិត​ក្នុងភូមិ​អូរ​ដា​លើ  ឃុំ​បឹង​រាំង  ស្រុក​កំ​រៀង  ត្រូវ​បាន​លោក​ចោរ​ចំណាយពេល​០៥​ថ្ងៃ ធ្វើ​សកម្ម​ភាព​គាស់​ទម្លុះទម្លាយចូល​លួច​ស៊ី​គ្រឿងក្នុង​អស់​គ្មាន​សល់ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​នេះ ធ្វើការ​ស្រាវជ្រាវ​តាន​ចាប់ខ្លួន​ជន​ដៃដល់​ និង​អ្នក​ទ​ទួល​ផល ​«​ចោរកម្ម​»​បាន​ចំនួន​០៣​នាក់​ជា​បន្ត​បន្ទាប់  កាលពី​វេលា​ម៉ោង​១០​ព្រឹក​​ថ្ងៃ​ទី​២៧ កក្កដា  បន្ទាប់​ពី​សមត្ថ​កិច្ច​ទ​ទួល​បណ្ដឹង​ពី​បុ​គ្គ​លិ​ក​ក្រុមហ៊ុន​នេះ​ ។

​យោង​តាម​របាយ​ការ​ណ៍​​របស់​កងរាជអាវុធហត្ថបាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្ម​ភាព​គាស់​ទម្លុះទម្លាយ​ផ្ទះល្វែង​ទាំង​០៦​ខាងលើ​នេះ តាំងពី​ថ្ងៃ​ទី​២២ កក្កដា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី២៧ កក្កដា  ទើប​ខាង​ក្រុមហ៊ុន​បានដឹង និង​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​បញ្ជា​ការ​​មូលដ្ឋាន​កង​រាជ​អា​វុ​ធ​ហត្ថ​ស្រុក​កំ​រៀង ដើម្បី​សុំ​ជួយ​អន្តរា​គម​ន៍​ ​។

​បើ​តាម​របាយ​ការ​ណ៍​ដែល​ស្រង់​ពី​បណ្ដឹង​របស់​តំណាង​ក្រុមហ៊ុន គឺ​អ្នកស្រី វណ្ណ ស្រី​ពេជ្រ  អាយុ​៣៤​ឆ្នាំបាន​ឲ្យ​ដឹង​ថា  សម្ភារៈ​ដែល​ត្រូវ​បាត់បង់ ដោយសារ​ចោរលួច​រួម​មាន​៖  ១-​ម៉ា​ស៊ី​ត្រជាក់​ចំនួន​១៤​គ្រឿង  ២-​ម៉ូ​ទ័​រ​បូ​ម​ទឹក​ចំនួន​០២​គ្រឿង  ៣-​ម៉ាស៊ីនទឹក​​​ក្ដៅ​ចំនួន​០៧​គ្រឿង  ៤-​ប​ង្អួច​កញ្ចក់​ចំនួន​០៥​វង់   ៥-​វាំងនន​ចំនួន​០៦​ផ្ទាំង  ៦-​ខ្សែ​ភ្លើង  កុងតាក់ និង​ហ្វ្រី​ភ្លើង ដែល​រៀប​នៅ​ក្នុងផ្ទះ​ទាំង​០៦​ល្វែង​០២​ជាន់  ត្រូវ​លោក​ចោរ​គាស់ កាត់​ផ្ដាច់​ប្រមូល​យក​ទាំងអស់​ ។   ពោល​៖  សល់​តែ​សម្បក​ផ្ទះល្វែង ​។

​ប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ លោក​សូ ឌី បាន​ប្រាប់​បន្ថែម​ថា  ក្រោយ​មន្ត្រី​ជំនាញ​ទ​ទួល​បណ្ដឹង​ពី​តំណាង​ក្រុមហ៊ុន​ភ្លាម​ៗ  កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ តាម​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់  ក្នុង​នោះ ​មាន​ម្នាក់​ជា​ជន​ដៃដល់ ធ្វើ​សកម្មភាព កា​ស់ទ​ម្លុះ​ទម្លាយ​ផ្ទាល់  រីឯ​ចំនួន​០២​នាក់​ទៀត ជា​អ្នក​ទ​ទួល​ទិញ​ផល​ «​ចោរកម្ម​»    ប៉ុន្តែ​នៅ​មាន​ម្នាក់​ទៀត ដែល​ទើប​នាំ​ខ្លួន​មក​សួរនាំ ​គឺជា​ថៅកែ​អេត​ចាយ​ដែល​ទ​ទួល​ទិញ «​ផល​ចោរកម្ម​»​ ទាំង​អស់នេះ​ចុង​ក្រោយ​គេ​ ។

​ជនសង្ស័យ​ទាំង​០៣​នាក់​ដែល​ឃាត់ខ្លួន​បាន​ដំបូង  ក្រោយ​ទ​ទួល​ពាក្យបណ្ដឹង​រួម​មាន ​៖  ១-​ឈ្មោះ ប្រាជ្ញ គឹ​ម​សា ភេទ​ប្រុស ​អាយុ​៤១​ឆ្នាំ   ២-​ឈ្មោះ សុង យ៉​ន ភេទ​ប្រុស ​អាយុ​៤៦​ឆ្នាំ  និង​៣-​ឈ្មោះ ជា ម៉ៅ ភេទ​ប្រុស ​អាយុ​៤៦​ឆ្នាំ  ក្រុម​ជនសង្ស័យ​ទាំង​០៣​នាក់​នេះ គ្មាន​មុខរបរ​ពិតប្រាកដ​ទេ ពួក​គេ​រស់​នៅ​ក្នុងភូមិ​-ឃុំកើតហេតុ​ខាងលើ​ ។

​បើ​តាម​មន្ត្រី​ជំនាញបាន​បញ្ជាក់​ថា   ក្រុម​នេះ ​ត្រូវ​បានក​ម្លាំង​​ជំនាញ ធ្វើការ​ស្រាវជ្រាវ ឃាត់​ខ្លួន​បានជា​បន្តបន្ទាប់ បន្ទាប់​ពី​ទ​ទួល​បណ្ដឹង​តំណាង​ក្រុមហ៊ុន​ «​ស៊ី​ន ឃី​ម​» គឺ​អ្នកស្រី វណ្ណ ស្រី​ពេជ្រ​ ។

​ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន មន្ត្រី​ជំ​នា​ញ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន ដូច​ជា​៖ បំណែក​ម៉ាស៊ីនត្រជាក់​ចំនួន​០៦​គ្រឿង​, កង្ហា​បឺត​ខ្យល់​, កាមេរ៉ា​សុ​វត្ថិ​ភាព​,  វាំងនន​ចំនួន​០៦​ផ្ទាំង​,  កន្ត្រៃ​ចំនួន​៤  ទួណឺ​វី​ស  ពិល​ឆ្លុះ  និង​ដង្កាប់​ចំនួន​០៤ (​សម្ភារៈ​ធ្វើ​សកម្មភាព​) ,   ម៉ូ​ទ័​រ​ម៉ាស៊ីន​ត្រជាក់​ចំនួន​០២  រួម​ទាំង​ខ្សែ​ភ្លើង​ និង​ទុយោ​ស្ពាន់ មួយ​ចំនួន​ផង ​។

​លោក សី ឌី បាន​បញ្ជាក់​ថា  ផ្ទះល្វែង​ចំនួន​០៦ ដែល​ត្រូវចោរ​គាស់​ចូល​លួ​ច​គ្រឿងក្នុង​អស់​គ្មាន​សល់​នេះ ជា​របស់​ក្រុមហ៊ុន ​«​ស៊ី​ន ឃី​ម​»​ ។ ​កន្លង​ទៅ​ ក្រុមហ៊ុន​បាន​ជួល​ឲ្យ​អតិថិជន​ស្នាក់​នៅ  ប៉ុន្តែ​មួយ​រយៈចុង​ក្រោយ​នេះ អតិថិជន​បាន​ឈប់​ជួល​ស្នាក់​នៅ ហើយ​ខាង​ក្រុមហ៊ុន​បិទទ្វារ​ទុក​ចោល ទើប​ចោរ​គាស់​ទម្លុះទម្លាយ​ចូល​លួច​គ្រឿងក្នុង​បែប​នេះ  បើ​ទោះជា​មាន​អ្នកយាម​ជា​ប្រចាំ​ក្ដី​ ។

​ពាក់ព័ន្ធ​នឹង​អំពើ​ «​ចោរកម្ម​» ​នេះ     បើ​តាម​លោក សូ ឌី បាន​បញ្ជាក់​ដែរ​ថា    ដំបូង​យើង​​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់   ក្នុង​នោះ ​មាន​ម្នាក់​ជា​ជន​ប្រព្រឹត្ត​ផ្ទាល់   រីឯ​ចំនួន​០២​នាក់​ទៀត ជា​អ្នក​ទ​ទួល​ទិញ​ផល​ចោរ​ក​មុ្ម​ពី​ជន​ដៃដល់​ផ្ទាល់​ ។ ​ប៉ុន្តែ​ក្រោយ​ពី​ជន​​០២​នាក់​នោះ​​បាន​សារភាព ដែល​ពួក​ខ្លួន​យក ​«​ផល​ចោរកម្ម​» នោះ​ទៅ​លក់​បន្ត​ឲ្យ​ថៅកែ​ទិញ​អេ​ត​ចាយ​ដ៏​ធំ​មួយ​កន្លែង​ទៀត  ទើប​លោក​មេបញ្ជាការ​ខេត្ត​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ បាន​នាំ​ខ្លួន​លោក​ថៅ​​​កែ​អេ​ត​ចាយ​នោះ​មក​សួរនាំ​ដែរ ។

​លោក​បាន​បញ្ជាក់​ថា  ពេល​នេះ​ ថៅកែ​អេ​ត​ចាយ​ដ៏​ធំ​នោះ   មន្ត្រី​ជំនាញ​កំពុង​សួរនាំ​តាម​នីតិវិធី​ ។    ប៉ុន្តែ​លោក សូ ឌី មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​លោក​ថៅកែ​អេ​ត​ចាយ ដែល​ទ​ទួល​ទិញ​ផល​ «​ចោរកម្ម​» ​ចុង​ក្រោយ​នេះ​នៅឡើយ​ទេ​ ៕