សូមបន្តប្រុងប្រយ័ត្ន! កម្ពុជារងឥទ្ធិពលព្យុះទី១៣ឈ្មោះ «ដូលហ្វីន» អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ ផ្គរ និងរន្ទះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា តំបន់មួយចំនួនកម្ពុជាចាប់ពីថ្ងៃទី២៨ កក្កដា ដល់ថ្ងៃទី៣ ខែសីហា រងឥទ្ធិពលព្យុះទី១៣ មានឈ្មោះដូលហ្វីនធ្វើឱ្យមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ។

យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី១៣ ឈ្មោះដូលហ្វីន របស់ក្រសួងធនធានទឹកបានឱ្យដឹងថា សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។ ព្រះរាជាណាចក្រកម្ពុជា ពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ដូលហ្វីននេះ
ទេ ។

ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅតំបន់វាលទំនាបមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង
កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្រប ដណ្តប់លើផ្ទៃដី៤០% ។

ចំណែកនៅតំបន់ខ្ពង់រាបមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៥០% ។ ដោយឡែក នៅតំបន់មាត់សមុទ្រមាន ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៧០%។ រលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ ។

យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹក ។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល ៕
ចែករំលែកព័តមាននេះ