ខេត្តមណ្ឌលគិរី ៖ មន្ត្រីឧទ្យាននុរក្សនៃដែនជម្រកសត្វព្រៃស្រែពក បានចុះល្បាត និងបង្ក្រាបបាននូវករណីបទល្មើសធនធានធម្មជាតិ និងអាវុធខុសច្បាប់ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ព្រមទាំងដកហូតបានអាវុធ AK-47 ស្វ័យបត់១ដើមគ្រាប់ និងមធ្យោបាយធ្វើដំណើរមួយចំនួននៅចំណុចអូរអង្ហែង ស្ថិតក្នុងភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើង នាវេលាម៉ោង៩:៣៥នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ដោយកម្លាំងមន្ត្រីឧទ្យាននុរក្ស បានប្រទះឃើញជនសង្ស័យចំនួន៤នាក់ កំពុងជិះម៉ូតូ៣គ្រឿង នៅក្នុងតំបន់ការពារ ។
ភ្លាមៗនោះ ក្រុមការងារបានចេញអន្តរាគមន៍ស្ទាក់ឃាត់ ប៉ុន្តែជនសង្ស័យ ២នាក់ បានរត់គេចខ្លួនបាត់ ហើយកម្លាំងជំនាញឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ រួមមាន ១. ឈ្មោះ ខ្វេះ ណាន់ ភេទប្រុស អាយុ៥១ឆ្នាំ (ជនជាតិដើមភាគតិចព្នង) មានទីលំនៅភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដា ។ ២. ឈ្មោះ សុភី សូត្រ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

តាមរយៈការឆែកឆេរក្នុងសាក់កាដូរបស់ក្រុមជនសង្ស័យ មន្ត្រីជំនាញបានរកឃើញ និងដកហូតវត្ថុតាងរួមមាន អាវុធ AK-47 ស្វ័យបត់ ចំនួន ១ដើម (លេខសម្គាល់ 17273790) មានភ្ជាប់ឧបករណ៍តម្រង់ និងគ្រាប់ចំនួន ៨គ្រាប់ ទូរស័ព្ទដៃចំនួន ២គ្រឿង (ម៉ាក REDMI ១គ្រឿង និងម៉ាក HONOR ១គ្រឿង) និងឧបករណ៍ឆក់ត្រី ។
ជុំវិញករណីនេះ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា សកម្មភាពកាន់កាប់អាវុធខុសច្បាប់ និងការចូលលួចបរបាញ់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិបែបនេះ គឺជាអំពើល្មើសយ៉ាងធ្ងន់ធ្ងរ ផ្ទុយពីបទប្បញ្ញត្តិនៃ«ក្រមបរិស្ថាន និងធនធានធម្មជាតិ»។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា បច្ចុប្បន្នមន្ត្រីឧទ្យាននុរក្សបាននាំយកជនសង្ស័យទាំង២នាក់ ព្រមទាំងវត្ថុតាងទាំងអស់ មកកាន់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ ។
ទន្ទឹមនឹងនេះ លោក ហាស់ វិបុល ក៏បានបន្តអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នករស់នៅជុំវិញ និងក្នុងតំបន់ការពារធម្មជាតិ សូមបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពបរបាញ់ កាប់រាន និងការដាក់អន្ទាក់ចាប់សត្វព្រៃខុសច្បាប់ ។
លោកប្រធានមន្ទីរបានគូសបញ្ជាក់ថា សត្វព្រៃ និងព្រៃឈើ គឺជាសម្បត្តិធម្មជាតិដ៏មានតម្លៃ និងជាសរសៃឈាមនៃប្រព័ន្ធអេកូឡូស៊ីក្នុងខេត្តមណ្ឌលគិរី។ ការចូលរួមថែរក្សា អភិរក្ស និងរាយការណ៍អំពីបទល្មើស គឺជាកាតព្វកិច្ចរបស់អ្នកទាំងអស់គ្នា ដើម្បីធានាថាធនធានធម្មជាតិទាំងនេះ នឹងត្រូវរក្សាបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ៕

ចែករំលែកព័តមាននេះ