ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាំពាក្យ​ ៖ រោងចក្រ​សហគ្រាស​មួយ​ចំនួន​ដែល​នៅ​ជុំវិញ​ខេត្តបន្ទាយមានជ័យ បាន​ទទួលយក​កម្មករ​ពី​រោងចក្រ ហា​យ​-​ថេ​ក​ជា​បន្តបន្ទាប់

2 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ ក្រុមហ៊ុន ស៊ិ​ន​គិ អ៊ឹម​ភើ​រៀល ខេ​ម​បូ​ឌៀ​(Sunky Apparel Cambodia) ដែល​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកំពង់ឆ្នាំង និង​រោងចក្រ​ផ្សេង​ៗ​ទៀត ដែល​ស្ថិត​នៅ​ជុំវិញ​ខេត្តបន្ទាយមានជ័យ បាន​ទទួលយក​បងប្អូន​កម្មករ​របស់​ក្រុមហ៊ុន ហា​យ​-​ថេ​ក អឹ​ភែ​រឹល​(​ខេ​ម​បូ​ឌា​)​ជា​បន្តបន្ទាប់ ក្រោយ​ពី​ក្រុមហ៊ុន​បាន​ប្រកាស​បិទ​ដំណើរការ​អាជីវកម្ម​ត្រឹម​ខែសីហា ឆ្នាំ​២០២៦​ខាង​មុខ​នេះ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​ថា ក្រុមហ៊ុន​យល់ព្រម​ទូទាត់​ប្រាក់​បញ្ចប់​កិច្ចសន្យាការងារ ប្រាក់​ឈ្នួល​ចុង​ក្រោយ​, ប្រាក់​បំណាច់​ជួស​ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ដែល​នៅ​សល់​, ប្រាក់​បំណាច់​ជួស​ការ​ជូនដំណឹង​មុន និង​ប្រាក់​បំណាច់​អតីតភាព​ការងារ ឆមាស​ទី​២ ឆ្នាំ​២០២៦ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ដែល​អនុលោម​ទៅ​តាម​ច្បាប់​។

លោក​បន្ត​ថា ការ​ឯកភាព​ក្នុង​ដំណោះស្រាយ​នេះ ក្រោយ​ពី​មន្ត្រី​ជំនាញ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​ទៅ​សម្រប​សម្រប និង​ជួយ​រក​ដំណោះស្រាយ​សមរម្យ​ជូន​កម្មក​និយោជិត និយោជក និង​សហជីព ដើម្បី​ទូទាត់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៅ​តាម​ច្បាប់​។ ជា​លទ្ធផល​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​យល់ព្រម​ទទួលយក​ដំណោះស្រាយ ដោយ​មិន​មាន​បញ្ហា​ជំទាស់​អ្វី​នោះ​ទេ​។

អ្នកនាំពាក្យ​បញ្ជាក់​ថា​៖«​ចំពោះ​បងប្អូន​កម្មករ​ដែល​ធ្លាប់​ធ្វើ​ការងារ​នៅ​រោងចក្រ​ហា​យ​-​ថេ​កមួយ​ចំនួន​បាន​រក​ការងារ​ថ្មី ហើយ​ខ្លះ​ទៀត​ទទួល​បានការ​ងារ​ជាមួយ​រោងចក្រ ស៊ិ​ន​គិ នៅ​ខេត្តកំពង់ឆ្នាំង និង​រោងចក្រ​មួយ​ចំនួន​ទៀត ដែល​ស្ថិត​នៅ​ជុំវិញ​ខេត្តបន្ទាយមានជ័យ ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ប្រចាំខែ​បន្ត​ទៀត​»​។

លើស​ពី​នេះ​ទៀត លោក ស៊ុន មេ​សា បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករនិយោជិត​មួយ​ចំនួន​ទៀត ដែល​មិន​ទាន់​សម្រេចចិត្ត​ធ្វើការ​នៅ​រោងចក្រ​ផ្សេង ក៏​អាច​ដាក់​ពាក្យ​ស្វែងរក​ការងារ​ថ្មី​តាម​រយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA) នៃ​ក្រសួង​ការងារ ដែល​បាន​ចុះ​ទៅ​ដល់ទី​តាំង​ក្រុមហ៊ុន ដើម្បី​រង​ចាំ​ជួយ​សម្របសម្រួល​ផ្គូផ្គង​ការងារ​ផ្សេង​ទៀត​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​បងប្អូន​»​។

ជាមួយ​គ្នា​នេះ ក្រសួង​បាន​រំឭក​ដល់​បងប្អូន​កម្មករនិយោជិត​អញ្ជើញ​មក​ទូទាត់​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេង​ៗ ចាប់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៦​តទៅ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៦ នៅ​ក្នុង​រោងចក្រ ហា​យ​-​ថេ​ក ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយ​ប៉ែ​ត​អូរ​នាង ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​៕ អត្ថបទសហការ