ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួង​ការងារ ស្នើ​ឱ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ឈប់​យក​បញ្ហា​ចាស់​ៗ​ពី​ពលករ​ខ្មែរ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត មក​ផ្សាយ​ឡើង​វិញ ដែល​បង្កើត​ឱ្យ​មានការ​យល់​ច្រឡំ

2 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក ស៊ុន មេ​សា នៅ​ថ្ងៃ​ទី ២៤ ខែកក្កដា ឆ្នាំ ២០២៦​នេះ បាន​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងអស់​បញ្ឈប់​ការ​យក​ព័ត៌មាន​បញ្ហា​ចាស់​ៗ​របស់​ពលករ​ខ្មែរ ដែល​ធ្វើ​ការងារ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត មក​ផ្សាយ​ឡើង​វិញ ដែល​បង្កើត​ឱ្យ​មានការ​យល់​ច្រឡំ​។

លោក ស៊ុន មេ​សា បាន​ថ្លែង​ថា ថ្មី​នេះ​មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន ដែល​ជា​អ្នក​បង្កើត​មាតិកា​សង្គម បាន​យក​វិ​ឌី​អូ​បញ្ហា​របស់​ពលករ​ខ្មែរ ដែល​ធ្លាប់​ស្នើ​សុំ​ជំនួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ វិ​ឌី​អូ​នោះ បាន​បង្ហាញ​ពី​ការ​ស្នើ​សុំ​ជំនួយ​អន្តរាគមន៍​ជួយ​ពួក​គាត់​ឱ្យ​ត្រឡប់​មក​កម្ពុជា​វិញ​។

លោក​បន្ត​ថា វិ​ឌី​អូ​នេះ បាន​កើតឡើង​កាលពី​ឆ្នាំ​មុន ហើយ​ពួក​គាត់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា និង​អា​រ៉ា​ប៊ី​សា​អូឌីត ជួយ​សម្របសម្រួល​ឱ្យ​មាន​សុវត្ថិភាព ហើយ​ពួក​គាត់​បាន​ត្រឡប់​មក​ដល់​កម្ពុជា​ភ្លាម​ៗ​នោះ​ផង​ដែរ​។ ដូច្នេះ​សូមអ្នក​ប្រើប្រាស់​សង្គម​ទាំងអស់​មេត្តា​លុប​រាល់​វិ​ឌី​អូ​ទាំងនេះ​ចេញ​វិញ ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ​ពី​សាធារណៈជន​។

អ្នកនាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ថា​៖«​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តែងតែ​យកចិត្តទុកដាក់​ជា​អាទិភាព​របស់​បងប្អូន​ដែល​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស ដោយ​រង់ចាំ​ជួយ​សម្របសម្រួល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឱ្យ​បាន​លឿន​រហ័ស​។ យើង​មិន​ទុក​ឱ្យ​បងប្អូន​យើង​រង​គ្រោះ​នៅ​ក្រៅប្រទេស​ទេ គឺ​ជួយ​សម្របសម្រួល​ទាំង​យន្តការ​ផ្លូវច្បាប់​ជាតិ និង​យន្តការ​អន្តរជាតិ​»​។

ជា​ថ្មី​ម្តងទៀត អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ចែករំលែក​ព័ត៌មាន ត្រូវ​តែ​មាន​ប្រភព​ច្បាស់លាស់ ដែល​ជា​ព័ត៌មាន​ពិត ដោយ​ចៀសវាង​ការ​ចែក​លែ​ក​ព័ត៌មាន​ក្លែងក្លាយ ឬ​ព័ត៌មាន​ចាស់​ដែល​កើតឡើង​រាប់​ឆ្នាំ​ហើយ​។ ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​៕ អត្ថបទសហការ