ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​ដៃគូ​អន្តរជាតិ បើក​សិក្ខាសាលា​ថ្នាក់​ជាតិ ដើម្បី​ផ្សព្វផ្សាយ​ក្របខ័ណ្ឌ​ផែនទី​បង្ហាញផ្លូវ​របស់​កម្ពុជា​សម្រាប់​កាតាលីករ​សកល

2 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​ទទួល​បន្ទុក​ជំរុញ​ការ​អនុវត្ត​ផែនទី​បង្ហាញផ្លូវ​របស់​កម្ពុជា សម្រាប់​កាតាលីករ​សកល​ស្តី​ពី​ការងារ​សមរម្យ និង​ការ​គាំពារ​សង្គម​សម្រាប់​អន្តរកាល​យុត្តិធម៌ បាន​អញ្ជើញ​ជា​អធិបតី​បើក​សិក្ខាសាលា​ស្តី​ពី «​ការ​ពង្រីក​វិសាលភាព​នៃ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម និង​ការ​ជំរុញ​ការ​ឈាន​ចូល​ក្នុង​ប្រព័ន្ធ​សម្រាប់​កម្មករនិយោជិត​» នា​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​។ សិក្ខាសាលា​ដែល​មានការ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ អង្គការ​អន្តរជាតិ វិស័យ​ឯកជន និយោជក សហជីព កម្មករនិយោជិត និង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​រូប គឺ​ដើម្បី​ផ្សព្វផ្សាយ​លើកកម្ពស់​ការ​យល់​ដឹង​ពី​ផែនទី​បង្ហាញផ្លូវ​របស់​កម្ពុជា ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពហុភាគី ក្នុង​ទិស​ដៅ​ពង្រីក​ការ​គ្របដណ្តប់​របប​សន្តិសុខ​សង្គម និង​ព​ន្លឿ​ន​ការ​ជំរុញ​ការ​ឈាន​ចូល​ក្នុង​ប្រព័ន្ធ ជា​ពិសេស​សម្រាប់​កម្មករនិយោជិត​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​បុគ្គល​ស្វ័​យ​និ​យោជន៍​។

នា​ឱកាស​នោះ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​បាន​អនុម័ត ផែនទី​បង្ហាញផ្លូវ​របស់​កម្ពុជា សម្រាប់​កាតាលីករ​សកល ស្តី​ពី​ការងារ​សមរម្យ និង​ការ​គាំពារ​សង្គម​សម្រាប់​អន្តរកាល​យុត្តិធម៌ ឆ្នាំ​២០២៥-២០២៨ ជា​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​សម្រាប់​ជំរុញ​ការ​អនុវត្ត​គំនិត​ផ្តួចផ្តើម​នេះ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ និង​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ដោយ​ផ្តោត​លើ​ការ​បង្កើត​ការងារ​សមរម្យ ការ​អភិវឌ្ឍ​ជំនាញ ការ​ពង្រីក​ការ​គាំពារ​សង្គម ការ​ជំរុញ​ការ​ឈាន​ចូល​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​ការ​កសាង​ទីផ្សារ​ការងារ​ប្រកបដោយ​បរិ​យា​បន្ន ក្រោម​គោលការណ៍ «​មិន​ទុក​នរណា​ម្នាក់​ចោល​ឡើយ​»​។

លោក​ជំទាវ​បាន​គូសបញ្ជាក់​ថា គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២៦ សមាជិក ប​.​ស​.​ស​. បាន​កើន​ដល់​ប្រមាណ ៣,៨​លាន​នាក់ ខណៈ​រាជរដ្ឋាភិបាល​កំពុង​បន្ត​ពង្រីក​វិសាលភាព​របប​សន្តិសុខ​សង្គម និង​ជំរុញ​ការ​ឈាន​ចូល​ក្នុង​ប្រព័ន្ធ ដើម្បី​ធានា​ឱ្យ​កម្មករនិយោជិត​ទទួល​បាន​ការងារ​សមរម្យ ប្រាក់​ចំណូល​កាន់តែ​ប្រសើរ និង​ការ​គាំពារ​សង្គម​កាន់តែ​រឹង​មាំ ព្រមទាំង​កាត់​បន្ថយ​អត្រា​ការងារ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មក​នៅ​ត្រឹម ៧០% នៅ​ឆ្នាំ​២០២៨​។

ជាមួយ​គ្នា​នេះ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ បាន​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន អង្គការ​អន្តរជាតិ អង្គការ​សង្គម​ស៊ី​វិល និង​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់ បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ ដើម្បី​រួម​គ្នា​ពង្រីក​វិសាលភាព​របប​សន្តិសុខ​សង្គម និង​លើកកម្ពស់​ការងារ​សមរម្យ​ឱ្យ​ទទួល​បាន​លទ្ធផល​ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព​។ ក្នុង​ឱកាស​នេះ​ដែរ តំណាង​អង្គការ​អុក​ស្វា​ម និង​អង្គការ ILO ដែល​សហការ​រៀបចំ​សិក្ខាសាលា​នេះ ក៏​បាន​បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុវត្ត​ផែនទី​បង្ហាញផ្លូវ និង​ក្របខ័ណ្ឌ​គោលនយោបាយ​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​ការ​គាំពារ​សង្គម សិទ្ធិ​ការងារ និង​ការងារ​សមរម្យ​ប្រកបដោយ​បរិ​យា​បន្ន​៕ អត្ថបទសហការ