អគារសិក្សាថ្មី និងសមិទ្ធិផលនានារបស់សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ នៅស្រុកសាមគ្គីមានជ័យ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ព្រះសង្ឃ គណៈគ្រប់គ្រងសាលា តំណាងអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានរួមគ្នាប្រារព្ធពិធីក្រុងពលី សូត្រមន្តសុំម្ចាស់ទឹកម្ចាស់ដី និងប្រកាសបើកដំណើរការឱ្យប្រើប្រាស់បណ្តោះអាសន្ននូវអគារសិក្សាថ្មី រួមទាំងសមិទ្ធផលអមនានា នៅសាលាបឋមសិក្សាស្ពានពោធិ៍ ស្ថិតក្នុងភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានចូលរួមយ៉ាងកុះករពីសំណាក់ លោក ឯក វ៉ាន់នី ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកសាមគ្គីមានជ័យ, អនុប្រធានអង្គការ ១០០រាត្រី, មន្ត្រីរាជការការិយាល័យអប់រំ, តំណាងអាជ្ញាធរឃុំសេដ្ឋី, ប្រធាន និងសមាជិកគណៈកម្មការគ្រប់គ្រងសាលារៀន, លោកនាយករង, លោកគ្រូ-អ្នកគ្រូ ព្រមទាំងតំណាងសហគមន៍ ប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោក ឯក វ៉ាន់នី ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកសាមគ្គីមានជ័យ បានបញ្ជាក់ថា ការរៀបចំពិធីសូត្រមន្ត និងការបើកឱ្យដំណើរការប្រើប្រាស់អគារជាបណ្តោះអាសន្ននាពេលនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់សិស្សានុសិស្ស។ ដោយសារអគារសិក្សាចាស់ដែលមានចំនួន ៣បន្ទប់ (ស្មើនឹង ៦ថ្នាក់) មានភាពទ្រុឌទ្រោមយ៉ាងខ្លាំង ការផ្លាស់ប្តូរឱ្យសិស្សចូលរៀនក្នុងអគារថ្មីនេះ គឺជាវិធានការការពារទុកជាមុនដ៏សំខាន់ ដើម្បីចៀសវាងហានិភ័យ ឬគ្រោះថ្នាក់ផ្សេងៗដែលជួបប្រទះដោយយថាហេតុ។
សមិទ្ធផលសិក្សាថ្មីស្រឡាងដែលត្រូវបានប្រគល់ជូនសាលាបឋមសិក្សាស្ពានពោធិ៍នាពេលនេះ គឺជាអំណោយទានប្រកបដោយសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ពេជ ចន្ទមុន្នី ដែលរួមមាន៖
អគារសិក្សាថ្មី៖ អាគារអាស្រ័យផល ២ជាន់ មានចំនួន ១២បន្ទប់
អគារទីចាត់ការ៖ ចំនួន ១ខ្នង មាន ៣បន្ទប់
ខ្យុះសម្រាប់លំហែកាយ៖ ចំនួន ១ខ្នង
ដងទង់ជាតិ៖ ចំនួន ១កន្លែង
ក្នុងនាមតំណាងឱ្យលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងសហគមន៍ទាំងមូល លោក ឯក វ៉ាន់នី បានសម្តែងនូវកតញ្ញូតាធម៌ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចធិបតី និងលោកជំទាវ ដែលជានិច្ចកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់វិស័យអប់រំនៅតាមមូលដ្ឋានដាច់ស្រយាល។
លោកបានគូសបញ្ជាក់បន្ថែមថា «សមិទ្ធផលទាំងនេះ មិនត្រឹមតែជាការកសាងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែគឺជាគ្រឹះយ៉ាងរឹងមាំក្នុងការលើកកម្ពស់គុណភាពអប់រំ និងការបង្កើតនូវបរិស្ថានសិក្សាសមរម្យ មានសុវត្ថិភាព ដល់កុមារក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគេមានឱកាសក្រេបជញ្ជក់ចំណេះដឹង និងអភិវឌ្ឍសមត្ថភាពសម្រាប់អនាគត»។
ពិធីទាំងមូលបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល រីករាយ និងពេញបៀបដោយសេចក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការរីកចម្រើននៃវិស័យអប់រំ និងអនាគតកុមារនៅក្នុងសហគមន៍ស្ពានពោធិ៍ទាំងមូល៕


















ចែករំលែកព័តមាននេះ