អគ្គិភ័យឆេះផ្ទះលក់ចាប់ហួយខាតបង់គិតជាទឹកប្រាក់ប្រមាណ៥ម៉ឺនដុល្លារ សង្ស័យឆ្លងចរន្តអគ្គិសនី
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ផ្ទះលក់ចាប់ហួយដ៏ធំមួយខ្នង ត្រូវបានព្រះអគ្គីដែលគេសង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីលេបត្របាក់យកអស់ស្ទើរគ្មានសល់ កាលពីវេលាម៉ោងជិត១រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ កក្កដា នៅចំណុចភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកគោល ដែលធ្វើឲ្យខួចខាតគិតជាទឹកប្រាក់ប្រមាណជា៥ម៉ឺនដុល្លារ តែមិនបង្កគ្រោះធ្នាក់ដល់មនុស្សទេ ។

របាយការណ៍អធិការស្រុកថ្មគោលបានឲ្យដឹងថា ផ្ទះលក់ចាប់ហួយដែលត្រូវអគ្គិភ័យឆាបឆេះនោះធ្វើអំពីថ្ម ប្រក់ស័ង្កសី មានទំហំ១៣ម៉x៣០ម៉ របស់ឈ្មោះ រឿន សារិន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិ-ឃុំខាងលើ ។ ភ្លាមៗ គេមិនទាន់ដឹងពីមូលហេតុ ដែលបង្កឲ្យមានអគ្គិភ័យកើតឡើងនោះទេ ខណៈម្ចាស់ផ្ទះកំពុងដេកលក់ ។

របាយការណ៍ដដែលបានបញ្ជាក់ថា ផ្ទះលក់ចាប់ហួយដ៏ធំនេះ មានស្ដុកទំនិញចាប់ហួយគ្រប់មុខជាច្រើននៅក្នុងផ្ទះ និងមានឃ្លាំងជាប់នឹងផ្ទះផង ត្រូវអគ្គិភ័យលេបយកអស់ស្ទើរទាំងស្រុងតែម្ដង បើទោះជារថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចចំនួន០២គ្រឿងបានប្រឹងប្រែងជួយបាញ់ទឹកពន្លត់ក្ដី ។

លោក សេង លុច អធិការស្រុកថ្មគោលបានឲ្យដឹងដែរថា បើតាមការស្រាវជ្រាវ និង តាមការត្រួតពិនិត្យពីចំណុចចាប់ផ្ដើម យើងអាចសន្និដ្ឋានជាបឋមបានថា អគ្គិភ័យនេះ អាចបង្កឡើងដោយសារការឆ្លងចរន្តអគ្គិសនី ដែលមានខ្សែភ្លើងខ្វាត់ខ្វែងនៅផ្នែកខាងក្រោយ ជាកន្លែងចាប់ផ្ដើម ។

លោកអធិការបានបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ដែល០១គ្រឿងមកពីអធិការស្រុកបវេល និងរថយន្តដឹកទឹកតូចៗរបស់ប្រជាពលរដ្ឋប៉ុន្មានគ្រឿងទៀត បានជួយបាញ់ទឹកពន្លត់ តែមិនអាចជួយសង្គ្រោះបានទាំងស្រុងទេ ។ បើតាមរបាយការណ៍បានបញ្ជាក់ថា ខូចខាតផ្ទះមួយខ្នង រីឯទំនិញចាប់ហួយខូចខាតប្រមាណ៧០% ខាតបង់គិតជាទឹកប្រាក់សរុបប្រហែល៥ម៉ឺនដុល្លារ ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ៕







ចែករំលែកព័តមាននេះ