ករណីប្តីកាន់កាំបិ.តប៉ងដល់ជីវិ.តប្រពន្ធ ផ្អើលទន្លេវ៉ៃគោ សមត្ថកិច្ចព័ទ្ធបង្ក្រា.បអស់៣ម៉ោង ទំរាំរំដោះប្រពន្ធដោយសុវត្ថិភាព
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៦ វេលាម៉ោង២និង៣០នាទី សមត្ថកិច្ចបានទទួលព័ត៌មានថា នៅត្រង់ចំណុចតូបលក់ដូររបស់ឈ្មោះ ឃ្លោក សំអន់ ជាប់មាត់ទន្លេវ៉ៃគោ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ មួយកើតឡើងបង្កដោយជនសង្ស័យម្នាក់ឈ្មោះ ហិន រិទ្ធី ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីកន្លែងកំណើតភូមិជ្រួល ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិពោធិតាហោ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង បានធ្វើសកម្មភាព រករឿងឈ្លោះ និងចោទប្រកាន់ថា ប្រពន្ធឈ្មោះ ឃ្លោក សំអន់ អាយុ ៣៦ឆ្នាំ (លួចលាក់មានសង្សា) និងបានវាយប្រពន្ធចំនួន ០២ដៃ ត្រូវចំថ្ពាល់បណ្តាលអោយដួលទៅលើដី មានស្នាមជាំក្រហម ហើមទាំងសងខាង ព្រមទាំងបានយកកាំបិតចិតបន្លែភ្ជុងក ប្រពន្ធ រួចស្រែកគំរាមថា បើមាននរណាហ៊ានចូលទៅក្បែរ រូបខ្លួននឹងចាក់សម្លាប់ប្រពន្ធតែម្តង។
ហេតុការណ៍ខាងលើ ត្រូវក្រុមអាជីវករលក់ដូរក្បែរគ្នាឃើញស្រែកឆោឡោប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ប្រើរយៈពេល០៣ម៉ោងទើបសមត្ថកិច្ចបង្ក្រាបបាន។
ករណីនេះកើតឡើងនៅវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ នៅចំណុចច្រាំងទន្លេវ៉ៃគោ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
បើតាមមន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យស្រវឹងស្រា បង្កជម្លោះជាមួយប្រពន្ធដែលកំពុងលក់ដូរនៅតាមច្រាំងទន្លេវ៉ៃគោ ហើយផ្ទុះហិង្សានៅកន្លែងលក់ដូរ ដោយជនសង្ស័យទាញបានកាំបិតចុងស្រួចប៉ុនប៉ងអា.កសម្លាប់ ប្រពន្ធខណៈនោះអ្នកលក់ដូរឃើញក៏ស្រែកឃាត់ហើយប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចនគបាលក្រុងស្វាយរៀងសហការជាមួយកងរាជអាវុធហត្ថក្រុងចុះទៅដល់កន្លែងកើតហេតុ ហើយបាននិយាយជាមួយជនសង្ស័យឲ្យទម្លាក់កាំបិតចុះ តែជនសង្ស័យមិនព្រមក៏ព័ទ្ធរយៈពេល៣ម៉ោងសមត្ថកិច្ចសម្រេចចិត្តចូលបង្ក្រាបរហូតចាប់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង០៦ល្ងាចនិងរំដោះស្ត្រីរងគ្រោះជាប្រពន្ធបានរួចបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះដោយស្ត្រីរងគ្រោះរបួសដៃ ។
ក្នុងករណីខាងលើនេះដែរ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះទៅដល់កន្លែងកើតហេតុ បានអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ បានដោយសុវត្ថិភាព ចំណែកឯជនសង្ស័យឈ្មោះ ហិន រិទ្ធី ពេលសមត្ថកិច្ចអន្តរាគមន៍ ចូលទៅឃាត់បានយកកាំបិតនៅក្នុងដៃចាក់ប្រពន្ធចំនួន ០២កាំបិត តែមិនបណ្តាលអោយរងរបួសធ្ងន់ទេដោយសារសមត្ថកិច្ចជួយឃាត់ទាន់ពេលវេលា រួចក៏បានតដៃជាមួយសមត្ថកិច្ច ហើយក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានរួមទាំងវត្ថុតាងកាំបិតចិតបន្លែ ០១ដើម។ មូលហេតុ ដោយសារភ្លើងប្រច័ណ្ឌជាមួយប្រពន្ធ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕












ចែករំលែកព័តមាននេះ