អ្នកភូមិប្រទះឃើញគ្រា.ប់បែក និងគ្រា.ប់មីនចំនួន២០គ្រាប់ នៅវាលស្រែក្បែរមាត់ស្រះ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទគ្រាប់មីន និងគ្រាប់បែកប្រមាណ២០ គ្រាប់ ត្រូវបានអ្នកភូមិប្រទះឃើញនៅឯវាលស្រែក្បែរមាត់ស្រះមួយកន្លែង កាលពីរសៀលថ្ងៃទី២១ កក្កដា ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ហើយបានរាយការណ៍ទៅកម្លាំងស៊ីម៉ាក់ ដើម្បីប្រមូលយកទៅកម្ទេចចោល បន្ទាប់ពីមន្ត្រីមូលដ្ឋានសហការចុះទៅពិនិត្យ ។

តាមរយៈរបាយការណ៍អធិការស្រុកថ្មគោល លោក សេង លុច បានឲ្យដឹងថា គ្រាប់យុទ្ធភណ្ទទាំងនោះត្រូវបានអ្នកភូមិប្រទះឃើញ រួចក៏បានរាយការណ៍បន្តប្រាប់មន្ត្រីមូលដ្ឋាន ដើម្បីឲ្យជួយអន្តរាគមន៍ត្រូតពិនិត្យ ។ លោក សេង លុច បានបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌទាំងនោះ ជាប្រភេទគ្រាប់បែក និង គ្រាប់មីន ។ អ្នកភូមិបានប្រទះឃើញគ្រាប់ទាំងនេះ នៅពេលទឹកស្រះស្រកចុះ តែយើងមិនដឹងថា តើគ្រប់ទាំងនោះត្រូវគេយកទៅបោះចោល ឬគេយកទៅលាក់ទុកក្បែរមាត់ស្រះនោះទេ ?

នៅក្នុងរបាយការណ៍បានឲ្យដឹងថា គ្រាប់យុទ្ធភណ្ឌទាំងនោះរួមមាន៖ គ្រាប់ប្រភេទ AP.Mine POHZ.2 (60 mm) ចំនួន០៩គ្រាប់, ប្រភេទ AP.Mine Type69 (60mm) ចំនួន០៦គ្រាប់, ប្រភេទ AP.Mine MBV78A.1 (60mm) ចំនួន០៤គ្រាប់ និងប្រភេទ HANG Gre.F1 (55mm) ចំនួន០១គ្រាប់ ។

លោក សេង លុច បានប្រាប់ថា ក្រោយពីមន្ត្រីជំនាញរបស់លោក សហការជាមួយមន្ត្រីស៊ីម៉ាក់ចុះត្រួតពិនិត្យរួចរាល់ មន្ត្រីជំនាញស៊ីម៉ាកបានប្រមូលយកគ្រាប់យុទ្ធភណ្ឌទាំងនោះអស់ហើយ ដើម្បីយកទៅកម្ទេចចោល ៕






ចែករំលែកព័តមាននេះ