ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡោម​ព័ទ្ធ​ឆែកឆេរ​វីឡា​មួយ​កន្លែង​នៅ​ទួល​គោក​បង្ក្រា.ប​ឆបោ.ក​​​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឃាត់ខ្លួន​ជនជាតិ​ចិន​និង​មី​យ៉ា​ន់​ម៉ា​​២៥​នាក់

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ទីតាំង​លួចលាក់​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(Online Scams) នៅ​ក្នុងផ្ទះ​វីឡា​មួយ​កន្លែង​ត្រូវ​បាន​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​និងមី​យ៉ា​ន់​ម៉ា​ចំនួន​២៥​នាក់​ព្រមទាំង​ដក​រហូត​សម្ភារៈ​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​១៩​និង​២០​នាទី​យប់ ក្រោម​ការ​បញ្ជា និង​ដឹកនាំ​ផ្ទាល់​ដោយ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ,​ឯកឧត្តម ហ៊ុន សុ​រិ​ទ្ធី និង​ឯកឧត្តម​សុខ ពេញ​វុ​ធ​អភិបាលរង ដោយ​មាន​កិច្ច​សម្របសម្រួល​ពី​លោក តូច ឧត្តម ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ទីតាំង​វីឡា លេខ​០០៦ ផ្លូវ​លេខ​៥៦៨ ភូមិ​៤ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ត្រួតពិនិត្យ​រក​ឃើញ​មាន​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(Online Scams) ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​២៥​នាក់ ស្រី​០៤​នាក់ មាន ០២​សញ្ជាតិ ក្នុង​នោះ​ជនជាតិ​ចិន​ចំនួន ២១​នាក់ (​គ្មាន​លិខិតឆ្លងដែន ១៧​នាក់ ប្រើប្រាស់​លិខិតឆ្លងដែន​ក្លែងក្លាយ​ចំនួន ២​នាក់​) និង​ជនជាតិ មី​យ៉ា​ន់​ម៉ា ៤​នាក់ ព្រមទាំង​បាន​រឹបអូស​សម្ភារ​ជា​វត្ថុ​តាង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​។

យោង​តាម​ការ​ធ្ចើ​កោសល្យ​វិ​ច្ឆ័​យ​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លើ​សម្ភារ​ជា​កំ​ព្យូ​ទ័​រ និង​ទូរស័ព្ទ ក្រុមការងារ​បាន​សន្និដ្ឋាន​ថា ជា​ករណី​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ Online Scams ក្រោម​រូបភាព​វិនិយោគ​(Investment Scams)​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​និ​តី​វិធី​ជំនាញ ចំណែកឯ​ផ្ទះ​វីឡា​ខាងលើ​ត្រូវ​បាន​បិទ​ឃ្លុំ​ជា​បណ្ដោះអាសន្ន​៕​