ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​សម្រុក​វា.យ​ប្រ.ហារ​ស្លា.ប់​៦​នា.ក់​ព្រោះ​ដឹង​ថា​អ៊ុយ​ក្រែន​កំពុង​ខ្វះ​ខាត​មីស៊ីល​ការ​ពារ​ដែន​អាកាស

7 ម៉ោង មុន

ទី​ក្រុង​កៀវ៖ យោធា​រុស្ស៊ី​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​ទី​ក្រុង​កៀវ និង​ទីក្រុង​តូច​ធំ​ដទៃ​ទៀត​របស់​អ៊ុយ​ក្រែន​ដោយ​ប្រើ​ប្រាស់​មីស៊ីល​ផ្លោងផង​ ដ្រូន​ផង​ និ​ងគ្រាប់​បែកបំពាក់​ប្រព័ន្ធ​នាំ​ផ្លូវ​ផង​កាល​ពី​យប់​មិញ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៦​នាក់​ និង​របួស​រាប់​សិប​នាក់​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​អាជ្ញា​ធរ​អ៊ុយ​ក្រែន​។ បើ​ដូច្នេះ​មែន​ វា​ជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​អ៊ុយ​ក្រែន​​មាន​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ម៉ាក​ផេ​ទ្រាត​ដែល​ជា​ជំនួយ​របស់​អាមេរិក​កាន់​តែ​តិច​ទៅ​ៗ​ ហើយ​មិន​អាច​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ដូច​កាល​ពី​មុន​ទេ​។ ​ប៉ុន្មាន​អាទិត្យ​ចុង​ក្រោយ​នេះ រុស្ស៊ី​សម្រុក​វាយ​ប្រហារ​ដោយ​មីស៊ីល​កាន់​តែ​ខ្លាំង​ឡើង​ៗ​ដើម្បី​បង្អន់​ល្បឿន​មិន​ឱ្យ​អ៊ុយ​ក្រែន​វាយ​ប្រហារ​ខ្លាំង​ពេក​ទៅ​លើ​ទី​តាំង​ស្តុក​ទុក​ប្រេង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ឆ្ងាយ​ៗ​ក្នុង​ទឹក​ដី​រុស្ស៊ី​ និង​ដែល​ធ្វើ​ឱ្យ​រុស្ស៊ី​ផ្គត់​ផ្គង់​ប្រេង​មិន​ទាន់​សភាព​ការណ៍​សម្រាប់​យោធា និង​ស៊ីវិល​។

លោក​ដូណាល់​ត្រាំ​ទើប​តែ​ប្រកាស​​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ណាតូ​នៅ​តួក​គីថា​អាមេរិក​នឹង​ផ្ដល់​សិទ្ធិ​ឱ្យ​អ៊ុយ​​ក្រែន​ផលិត​មីស៊ីល​ម៉ាក​ផេ​ទ្រាត​នៅ​លើ​ទឹក​ដី​អ៊ុយ​ក្រែន​ផ្ទាល់​តែ​ម្ដង​។ ដូច្នេះ វិស័យ​ការ​ពារ​ដែន​អាកាស​របស់​អ៊ុយ​​ក្រែន​អាច​នឹង​បាន​ប្រសើរ​ជាង​នេះ​។ ប៉ុន្តែ​សេចក្ដី​លម្អិត​ និង​ពេល​វេលា​នៃ​ការ​ប្រគល់​សិទ្ធិ​នេះ​នៅ​តែ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​។ ទម្រាំ​អ៊ុយ​ក្រែន​អាច​ផលិត​មីស៊ីល​នេះ​នៅ​ក្នុង​ទ្រង់​ទ្រាយ​ធំ​បាន​ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​។ ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ថ្មី​បំផុត​​ទៅ​លើ​ទី​ក្រុង​កៀវ​ចាប់​ផ្ដើម​​នៅ​វេលា​ម៉ោង​១:៣០​រំលង​អធ្រាត្រ​ និង​អូស​បន្លាយ​ពេល​រហូត​ដល់​៧​ម៉ោង​ទម្រាំ​បញ្ចប់​ទៅ​វិញ​។ នៅ​អំឡុង​ពេល​​នោះ គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​គ្រាប់​កាំ​ភ្លើង​ពាស​ពេញ​រដ្ឋ​ធា​នី​កៀវ​​។

រុស្ស៊ី​បញ្ជូន​មីស៊ីល​៤១​គ្រាប់​ និង​ដ្រូន​១២៥​គ្រឿង​ទៅ​វាយ​ប្រហារ​អ៊ុយ​​ក្រែន​។ នេះ​បើ​យោង​តាម​កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​។ លោក​ហ្សេឡិនស្គី​បញ្ជាក់​បន្ថែម​ថា​មីស៊ីល​ភាគ​ច្រើន​បាញ់​សំដៅ​ទៅ​រដ្ឋ​ធានី​កៀវ​។ ក្រោយ​មក រុស្ស៊ី​វាយ​ប្រហារ​ទី​តាំង​ប្រៃសណីយ៍​ក្បែរ​ទី​ក្រុង​ខាគីវ​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៣​​នាក់​ និង​របួស​យ៉ាង​តិច​២០​នាក់​។ គ្រាប់​បែក​របស់​រុស្ស៊ី​វាយ​ប្រហារ​ទី​ក្រុង​ខឺសុន និង​ស៊ូមី។ ទី​តាំង​នី​មួយ​ៗ​ស្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ម្នាក់​។ ការ​វាយ​ប្រហារ​ទី​ក្រុង​កៀវ​បង្ក​ជា​អគ្គិ​ភ័យ​ឆេះ​សង្កាត់​ចំនួន​៥​ ខូចខាត​អគារ​ស្នាក់​នៅ​របស់​ប្រជា​ជន​ ខូច​ខាត​កន្លែង​ធ្វើ​ការ​ ទីតាំង​ឧស្សាហ​កម្ម​ កន្លែង​ស្នាក់​នៅ​របស់​និស្សិត​ និង​រថ​យន្ត​ជា​ច្រើន​គ្រឿង​។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់​របស់​អ៊ុយ​ក្រែន​។

មិន​មែន​តែ​អ៊ុយ​ក្រែន​ទេ​ដែល​រង​ការ​វាយ​ប្រហារ​។ អ៊ុយ​ក្រែន​ក៏​វាយ​ប្រហារ​រុស្ស៊ី​ផងដែរ​។ អ៊ុយ​ក្រែន​វាយ​ប្រហារ​នាវា​ដឹក​ប្រេង​២​គ្រឿង​របស់​រុស្ស៊ី​នៅ​សមុទ្រ​ខ្មៅ​ និង​ធ្វើ​ឱ្យ​រអាក់​រអួល​ការ​ផ្ទេរ​ប្រេង​។ ការវាយ​ប្រហារ​នាវា​ ASIA និង​ NISSOS នៅ​កំពង់​ផែ​ណូវ៉ូរ៉ូសស៊ី​ (Novorossiysk) បង្ក​ជា​អគ្គិភ័យ​នៅ​លើ​កប៉ាល់​ ASIA។ ក្រុម​ហ៊ុន​ដែល​ជា​ម្ចាស់​នាវា​នេះ​មិន​បាន​ប្រកាស​ថា​នេះ​ជា​ស្នា​ដៃ​របស់​អ្នក​ណា​ទេ​។ ប៉ុន្តែសំណាង​ល្អ​ ការ​វាយ​ប្រហារ​នោះ​មិន​បាន​បណ្ដាល​ឱ្យ​របួស ឬ​ស្លាប់​នរណា​ម្នាក់​ឡើយ​ ហើយ​ក៏​មិន​បាន​ធ្វើ្​ឱ្យ​ហៀរ​ប្រេង​ស្រក់​រឡិក​រឡាក់​នោះ​ដែរ​។ កប៉ាល់​ដឹក​ប្រេង​ដែល​ដោត​ទង់​ជាតិ​ប្រទេស​លីបេរីយ៉ា និង​កោះ​ម៉ាសល​នោះ​នៅ​តែ​អាច​បើក​បរ​បាន​នៅ​លើ​ផ្ទៃ​សមុទ្រ​ជា​ធម្ម​តា​៕ ប្រភព៖ AP​