ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទាហាន​អាមេរិក​ម្នាក់​ទៀត​ស្លា.ប់​ក្រោម​ស្នាដៃ​អ៊ីរ៉ង់​​ ​ខណៈ​ដែល​អ៊ីស្រាអែល​ត្រៀម​ប្រឡូក​នៅ​ក្នុង​សង្គ្រាម

9 ម៉ោង មុន

ទី​ក្រុង​តេ​អេរ៉ង់​៖ យោធា​អាមេរិក​ប្រកាស​ថា​​ទាហាន​របស់​ខ្លួន​ម្នាក់​ទៀត​បាន​ពលីជីវិត​នៅ​ក្នុង​សង្គ្រាម​ទល់​នឹង​ប្រទេស​អ៊ីរ៉ង់​។ ការ​បាត់​បង់​ជីវិត​នេះ​កើត​មាន​ឡើង​ចំ​ពេល​ដែល​អាមេរិក​បង្កើន​ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ដើម្បី​ឆ្លើយ​តប​ទៅ​អ៊ីរ៉ង់​ដែល​បាន​សម្លាប់​ទាហាន​របស់​ខ្លួន​។ អ៊ីរ៉ង់​ក៏​មិន​នៅ​ស្ងៀម​ដែរ​ អ៊ីរ៉ង់​បាញ់​មីស៊ីល​ជា​ច្រើន​គ្រាប់​ដាក់​មូល​ដ្ឋាន​យោធា​អាមេរិក​នៅ​ប្រទេស​ហ្សក​​ដង់​ ហើយ​អាច​នឹង​ធ្វើ​ឱ្យ​សង្គ្រាម​រាល​ដាល​ទៅ​ដល់​ប្រទេស​អ៊ីស្រា​អែល​ដែល​នៅ​ជិត​ខាង​នោះ​។ បន្តិច​ម្ដង​ៗ​ សង្គ្រាម​​វិវត្ត​ទៅ​ជា​ទ្រង់​ទ្រាយ​ធំ​ដោយ​សារ​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​ត្រូវ​រលាយ​សូន្យ​បង់​ ហើយ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​បិទ​ដំណើរ​ការ​ស្ទើរ​តែ​ទាំង​ស្រុង​។ ភាគី​ទាំង​២​បន្ត​វាយ​ប្រហារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល​ដែល​ប្រើ​ប្រាស់​ដោយ​មនុស្ស​រាប់​លាន​នាក់​។

​​អាមេរិក​ទទួល​ស្គាល់​ថា​យោធា​របស់​ខ្លួន​ចុង​ក្រោយ​បំផុត​​​ស្លាប់​នៅ​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ពេល​​ដ្រូន​មួយ​គ្រឿង​ត្រូ​វបាន​បាញ់​ទម្លាក់​ ហើយ​ក៏​ផ្ទុះ​​តែ​ម្ដង​។ កាល​ពី​មុន​នោះ​ អាមេរិក​ថា​ខ្លួន​វាយ​ប្រហារ​​​​ឆ្មាំ​បដិវត្ត​ឥស្លាម​ដើម្បីសង​សឹក​ករណី​ដែល​អ៊ីរ៉ង់​បាញ់​សម្លាប់​ទាហាន​របស់​ខ្លួន​ (អាមេរិក) នៅ​ប្រទេស​ហ្សក​ដង់​កាល​ពី​ថ្ងៃ​សុក្រ។​​​ ទាហាន​អាមេរិក​ម្នាក់​បន្ត​បាត់​ខ្លួន​រហូត​ដល់​សព្វ​ថ្ងៃ​ក្រោយ​ការ​វាយ​ប្រហារ​នោះ​។ យោធា​អាមេរិក​ចេញ​សេចក្ដីថ្លែង​ការណ៍​ថា​ខ្លួន​រក​ឃើញ​សាក​សព​មនុស្ស​ដែល​គេ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​​កាល​ពី​ថ្ងៃ​អាទិត្យ និង​កំពុង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​។ ចាប់​តាំង​ពី​សង្គ្រាម​អ៊ីរ៉ង់​-​អាមេរិក​ផ្ទុះ​ឡើង​ជា​លើក​ដំបូង​រហូត​មក​ដល់​ពេល​នេះ ទាហាន​អាមេរិក​១៧​នាក់​បាន​ពលី​ជីវិ​ត​។

នៅ​ក្នុង​ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​ឈាន​ចូល​ដល់​សប្ដាហ៍​ទី​២ គេ​ឃើញ​ថា​អាមេរិក​វាយ​ប្រហារ​ស្ពាន​ជា​ច្រើន​កន្លែង​, វាយ​ប្រហារ​រោង​ចក្រ​ចម្រាញ់​ទឹក​សមុទ្រ​ទៅ​ជា​ទឹក​សាប​ និង​វាយ​ប្រហារ​រោង​ចក្រ​អគ្គិស​នី​របស់​អ៊ីរ៉ង់​។ ចំណែក​អ៊ីរ៉ង់​វាយ​ប្រហារ​​ក្រុម​​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​។ គូវែត​ ហ្សក​ដង់​ និង​បារ៉េន​ចាប់​ផ្ដើម​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​យ៉ាង​សកម្ម​ដើម្បីតាម​​ប្រមាញ់​ដ្រូន និង​មីស៊ីល​ដែល​បាញ់​ចេញ​ពី​ប្រទេស​អ៊ីរ៉ង់​។ អ៊ីស្រា​អែល​ប្រហែល​ជា​ចង់​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​នេះ​ដែរ​។ អ៊ីស្រា​អែល​ថា​​គ្រាប់​មីស៊ីល​ដែល​បាញ់​សំដៅ​ទៅ​ប្រទេស​ហ្សក​ដង់​​អាច​​នឹង​រាល​ដាល​ទៅ​ដល់​ប្រទេស​របស់​ខ្លួន​​ព្រោះ​ហ្សក​ដង់ និង​អ៊ីស្រា​អែល​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​។

បញ្ជា​ការ​ដ្ឋាន​កណ្ដាល​យោធា​អាមេរិក​ថ្លែង​ថា​ខ្លួន​​​វាយ​ប្រហារ​ទីតាំង​ស៊ើប​ការណ៍ និង​ខែល​ការ​ពារ​ដែន​អាកាស​របស់​អ៊ីរ៉ង់​ដែល​ដាក់​ពង្រាយ​នៅ​តាម​តំបន់​មាត់​សមុទ្រ​ ហើយ​ក៏វាយ​ប្រហារ​ទី​តាំង​ស្តុក​ទុក​មីស៊ីល និង​ដ្រូន​ផង​ដែរ​។ បញ្ជា​ការ​ដ្ឋាន​អះ​អាង​ថា​ខ្លួន​វាយ​ប្រហារ​ដូច្នេះ​ដើម្បី​កុំ​ឱ្យ​អ៊ីរ៉ង់​មាន​កម្លាំង​ខ្លាំង​ក្លា​ក្នុង​ការ​គ្រប់​គ្រង​ច្រក​ហ័រ​ម៉ូស​ និង​ដើម្បី​​ប្រៀន​ប្រដៅ​​ឆ្មាំ​បដិវត្ត​ឥស្លាម​ឱ្យ​​រាង​ចាល​​ម្ដង​។​ រូប​ភាព​ដែល​ផ្សព្វ​​ផ្សាយ​ដោយ​យោធា​អា​មេ​រិក​បង្ហាញ​ការ​វាយ​ប្រហារ​ពីសំណាក់​យន្ត​ហោះ​ចម្បាំង និង​មីស៊ីល​បណ្ដែត​ម៉ាក​ថូម៉ា​ហក (Tomahawk)។ គោល​ដៅ​វាយ​ប្រហារ​មួយ​ទំនង​ជា​ស្ថិត​នៅ​តំបន់​ភ្នំ​​ជា​ទី​តាំង​​ដែល​ឆ្មាំ​បដិ​វត្ត​ច្រើន​លាក់​ទុក​មីស៊ីល និង​អាវុធ​យុទ្ធ​ភ័ណ្ឌ​របស់​ខ្លួន​នៅ​ទី​នោះ​​។ ទី​ភ្នាក់​ងារ​ថាម​ពល​អាតូមិច​អ៊ីរ៉ង់​ថ្លែង​ថា​អាមេរិក​វាយ​ប្រហារ​ទី​តាំងកំពុង​សាង​សង់​រោង​ចក្រ​នុយ​ក្លេអ៊ែរ​មួយ​កន្លែង​​នៅ​ភាគ​និរតី​។

យោធា​ហ្សក​ដង់​ថ្លែង​ថា​ខ្លួន​​​បាញ់​ទម្លាក់​មីស៊ីល​ជា​ច្រើន​គ្រាប់​របស់​អ៊ីរ៉ង់​។ ប្រទេស​ហ្សក​ដង់​ក៏​ជា​កន្លែង​តាំង​នៅ​នៃ​មូល​ដ្ឋាន​សឹក​របស់​អាមេរិក​ផង​ដែរ​ ហើយ​ប្រទេស​នេះ​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​អាមេរិក​ដើម្បី​ការ​ពារ​។ យោធា​ហ្សក​ដង់​ថ្លែង​បន្ថែម​ទៀត​ថា​មីស៊ីល​ទាំង​នោះ​មិន​បាន​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​របស់​មនុស្ស​ ឬក៏​ខូច​ខាត​ទ្រព្យ​សម្បត្តិ​នោះ​ទេ​។ ក្រោយ​មក ហ្សក​ដង់​​កោះ​ហៅ​ភារៈ​ធារី​នៃ​ស្ថាន​ទូត​អ៊ីរ៉ង់​ទៅ​ជួប​ដើម្បី​បង្ហាញ​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​រឿង​នេះ​។ យោធា​អ៊ីស្រា​អែល​ថ្លែង​ថា​មីស៊ីល​របស់​អ៊ីរ៉ង់​​បាញ់​ចូល​ទី​ក្រុង​កំពង់​ផែ​អាកា​បា (Aqaba) របស់​ហ្សក​ដង់​ដែល​ស្ថិត​នៅ​កៀក​នឹង​ព្រំ​ដែន​អ៊ីស្រា​អែល​ ហើយ​ទៅ​ថ្ងៃ​មុខ​ មីស៊ីល​អ៊ីរ៉ង់​អាច​នឹង​ហោះ​ជ្រុល​ចូល​ទឹក​ដី​អ៊ីស្រា​អែល​។

នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​​លើក​ចុង​ក្រោយ​នេះ ​យោធា​អ៊ីរ៉ង់ច្រើន​ផ្ដោត​សំខាន់​លើ​ការ​វាយ​ប្រហារ​ក្រុម​​ប្រ​ទេស​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​នៅ​មជ្ឈិម​បូព៌ា​ជា​ជាង​វាយ​ប្រហារ​អ៊ីស្រា​អែល​។ ប៉ុន្តែ​នាយ​អគ្គ​សេនាធិការ​កង​ទ័ព​អ៊ីស្រា​អែល​ប្រកាស​ទុក​ជា​មុន​ថា​យោធា​របស់​ខ្លួន​ត្រៀម​វាយ​ប្រហារ​អ៊ីរ៉ង់​ឡើង​វិញ​។ គូវែត​ថ្លែង​ថា​រោង​ចក្រ​អគ្គិស​នី និង​រោង​ចក្រ​ចម្រាញ់​ទឹក​សមុទ្រ​របស់​ខ្លួន​រង​ការ​វាយ​ប្រ​ហារ​ជា​លើក​ទី​២​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​​២​ថ្ងៃ​​ប៉ុណ្ណោះ​ ហើយ​បង្ក​ជា​អគ្គិ​ភ័យ​។ គូវែត​​ថា​រោង​ចក្រ​អគ្គិស​នី​របស់​ខ្លួន​នៅតែ​ដំណើរ​ការ​ជា​ធម្មតា​។ នៅ​គូវែត​ ទឹក​ស្អាត​៩០%​ចម្រាញ់​ចេញ​ពី​ទឹក​សមុទ្រ​។ ​​ក្រុម​ប្រឹក្សានៃ​​កិច្ច​សហ​ប្រតិ​បត្តិការ​នៅ​ឈូង​សមុទ្រ​ពែក្ស​ (ដែល​មាន​ប្រទេស​ចំនួន៦​ជា​សមាជិក)​ ចោទ​ប្រកាន់​ថា​អ៊ីរ៉ង់​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ដោយ​វាយ​ប្រហារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ទីតាំង​ស៊ីវិល​៕ ប្រភព៖ AP​