រាជធានីភ្នំពេញ៖ ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា ការស្នើសុំពេលវេលាបន្ថែមទៀត ចំពោះអ្នកផ្សះផ្សាឯករាជ្យទាំងបួនរូបរបស់កម្ពុជា បានមិនប៉ះពាល់ដល់ដំណើរអនុសញ្ញាស្តីពីនីតិសមុទ្រឡើយ ។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦បានលើកឡើងថា ឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយអំពីការតែងតាំងប្រធានគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ដូចខាងក្រោមថា អ្នកផ្សះផ្សាឯករាជ្យទាំងបួនរូប បានស្នើសុំពេលវេលាបន្ថែមទៀត ដើម្បីពិចារណាឱ្យបានហ្មត់ចត់ថា គួរតែងតាំងឥស្សរជនរូបណាជាប្រធានគណៈកម្មការផ្សះផ្សា ។
អ្នកនាំពាក្យបានលើកឡើងថា កម្ពុជា និងថៃ បានឯកភាពនឹងមតិស្នើសុំនេះ ។ ពេលវេលាបន្ថែមដែលស្នើដោយអ្នកផ្សះផ្សា ដើម្បីពិចារណាលើការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា គឺមានលក្ខណៈសមរម្យ និងសមស្របទាំងស្រុង ដោយយោងលើសារៈសំខាន់នៃការតែងតាំង ក៏ដូចជា ដំណើរការផ្សះផ្សាទាំងមូល ។
ប្រភពបានបញ្ជាក់ថា ការស្នើសុំពេលវេលាបន្ថែមនេះ នឹងពុំមានផលប៉ះពាល់ទៅលើថេរវេលា កំណត់ ឬជំហាននីតិវិធីណាមួយ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រនោះទេ ។
អ្នកនាំពាក្យថា ការណ៍នេះឆ្លុះបញ្ចាំងពីនីតិវិធីដ៏លំបាក ដែលអ្នកផ្សះផ្សាកំពុងអនុវត្ត ។ យើងសូមថ្លែងអំណរគុណចំពោះភាពហ្មត់ចត់របស់អ្នកផ្សះផ្សាទាំងអស់ និងសូមបញ្ជាក់ជាថ្មីនូវជំនឿទុកចិត្តរបស់យើងចំពោះដំណើរការនេះ ។ ជាមួយគ្នានោះដែរ អ្នកនាំពាក្យបានអះអាងថាកម្ពុជាត្រៀមជំរុញទៅមុខនូវការដោះស្រាយវិវាទដែនសមុទ្រជាមួយប្រទេសថៃដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ ៕
ចែករំលែកព័តមាននេះ