រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌ៧មករា ចុះត្រួតពិនិត្យតាមបណ្តាសណ្ឋាគារ អាផាតមិន ក្នុងមូលដ្ឋានសង្កាត់ បឹងព្រលឹត រកឃើញជនបរទេស ៣នាក់ រួមសម្ភារៈជាច្រើន ពាក់ព័ន្ធបទល្មើស អនឡាញស្គេម។
កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះត្រួតពិនិត្យការស្នាក់នៅប្រមូលផ្ដុំ របស់ជនបរទេស ស្របតាមអនុក្រឹត្យលេខ០៣ ។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យអាជ្ញាធរទាំង១៤ខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យព្រមៗគ្នា ជាប់ជាប្រចាំដូចភ្លៀងរលឹម រហូតទល់តែបោសសម្អាតឲ្យអស់នៅបទល្មើស តាមប្រព័ន្ធបច្ចេកវិទ្យានោះ ធ្វើឲ្យរាជធានីភ្នំពេញ ជាតំបន់សេដ្ឋកិច្ច ពណ៌ស ។
ក្រោយធ្វើការចុះត្រួតពិនិត្យតាមបណ្ដាសណ្ឋាគារ ខុនដូ អាផាមិន ក្នុងមូលដ្ឋានសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា កម្លាំងអាជ្ញាធរខណ្ឌ៧មករា បានស្រាវជ្រាវតាមដាន នូវសកម្មភាពរបស់ក្រុមឧក្រិដ្ឋជន ប្រព្រឹត្តបទល្មើស តាមប្រព័ន្ធបច្ចេកវិទ្យា ដោយឃាត់ខ្លួនជនបរទេសចំនួន៣នាក់ និងដកហូតសម្ភារៈ រួមមាន៖ ទូរសព្ទជាច្រើនគ្រឿង សម្រាប់ប្រព្រឹត្តបទល្មើស លាក់ទុកក្នុងរថយន្ត ដើម្បីបន្លំភ្នែកអាជ្ញាធរ ។
ក្រោយឃាត់ខ្លួនជនបរទេសទាំង០៣នាក់ រួមទាំងសម្ភារៈ ត្រូវបាននគរបាលបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕






ចែករំលែកព័តមាននេះ