ទីក្រុងកៀវ៖ ក្រុមអ្នកតវ៉ានៅទីក្រុងកៀវបានអំពាវនាវឱ្យដកតំណែងអគ្គបញ្ជាការកងទ័ព លោកអូឡិចសាន់ដឺ សឺស្គី (Oleksandr Syrskyi) បន្ទាប់ពីលោកហ្សេឡិនស្គីទើបតែដកតំណែងរដ្ឋមន្ត្រីការពារជាតិដែលជាមនុស្សមានប្រជាប្រិយភាពខ្ពស់។ ការដកតំណែងនេះធ្វើឱ្យមហាជនមានកំហឹង និងទាមទារឱ្យមានការរៀបចំអភិក្រមសង្គ្រាមកាន់តែទំនើប។ ថ្ងៃនេះ គេឃើញថាមនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនឈានចូលដល់ថ្ងៃទីពីរហើយបន្ទាប់ពីលោកមីខៃឡូ ហ្វេដូរ៉ូស (Mykhailo Fedorov) ដែលជាមនុស្សធ្លាប់មានស្នាដៃឆ្នើមបែរជាមិនមានឈ្មោះនៅក្នុងគណៈរដ្ឋមន្ត្រីថ្មី។ លោកជាអ្នកប៉ិនប្រសប់ខាងបច្ចេកវិទ្យាវ័យ៣៥ឆ្នាំ ហើយត្រូវគេវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់លោកដែលធ្វើឱ្យយោធាអ៊ុយក្រែនមានជោគជ័យលើរុស្ស៊ីនៅក្នុងសមរភូមិ។

អ្នកតវ៉ាម្នាក់ឈ្មោះអានឌ្រី វ័យ២៧ឆ្នាំ ជាពេទ្យទាហាន និងពិការជើង។ គាត់កាន់បដាសរសេរអក្សរថា «យើងមិនអាចស៊ូទ្រាំតទៅទៀតទេ, យើងមិនអាចនៅស្ងៀមមិនមាត់មិនកតទៅទៀតទេ»។ បុរសរូបនេះយល់ថាលោកសឺស្គីមានទំនាស់មិនត្រឹមតែជាមួយរដ្ឋមន្ត្រីការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ទំនាស់ជាមួយមេបញ្ជាការយោធាជាច្រើនរូបផងដែរ។ បើគាត់នៅតែបន្តកាន់តំណែងដូចសព្វថ្ងៃនេះទៀត យើងនៅតែមិនខ្លាំងពូកែដដែល។ យើងអាចនឹងចាញ់សង្គ្រាម។ បន្ទាប់ពីរុះរើគណៈរដ្ឋមន្ត្រីរួច លោកហ្សេឡិនស្គីផ្ដល់សេចក្ដីពន្យល់ត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។ លោកថាលោកត្រូវតែធ្វើអន្តរាគមន៍ជាបន្ទាន់ព្រោះទំនាស់រវាងរដ្ឋមន្ត្រីការពារជាតិ និងអគ្គបញ្ជាការកងទ័ពមានភាពស្រួចស្រាល់ខ្លាំងដល់ថ្នាក់លែងអាចអង្គុយក្បែរគ្នាដើម្បីសម្រុះសម្រួលគ្នាបានតទៅទៀត។

កាលពីម្សិលមិញ លោកហ្សេឡិនស្គីបានតែងតាំងអតីតមេនគរបាល លោកអ៊ីហ័រ គ្លីមឹនកូ (Ihor Klymenko) ឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិជំនួសលោករូស្តឹម អ៊ូមេរ៉ូស (Rustem Umerov)។ ភារកិច្ចស្នូលរបស់លោកគ្លីមឹនកូគឺត្រូវសម្របសម្រួលរាល់ធាតុផ្សំនៃវិស័យសន្តិសុខ និងការពារជាតិ។ ក្នុងនោះ ក៏មានវិស័យឧស្សាហកម្មការពារជាតិផងដែរ។ គេមិនទាន់ដឹងច្បាស់ថាតើលោកអ៊ូរ៉ាម៉ូសដែលធ្លាប់ជាប្រធានក្រុមអ្នកចរចាសន្តិភាពជាមួយរុស្ស៊ីផងដែរនោះនឹងទទួលបានតំណែងថ្មីជាអ្វីទេ។ មន្ត្រីប្រតិបត្តិការកំពូលម្នាក់ផ្នែកសន្តិសុខដែលមើលការខុសត្រូវលើការវាយប្រហាររយៈចម្ងាយឆ្ងាយទៅលើរុស្ស៊ី លោកយេវហេនី ខ្មារ៉ា (Yevhenii Khmara) ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិស្ដីទី។ លោកហ្សេឡិនស្គីព្យាយាមបន្ធូរបន្ថយកំហឹងរបស់មហាជន។

មនុស្សតវ៉ាថ្ងៃទី២នៅខាងក្រៅខុទ្ទកាល័យលោកហ្សេឡិនស្គី និងស្រែកទាមទារឱ្យដកតំណែងលោកសឺស្គី ហើយយកលោកហ្វេដេរ៉ូសត្រឡប់មកវិញ។ មនុស្សភាគច្រើនអំពាវនាវឱ្យរដ្ឋាភិបាលស្ដាប់សំឡេងអំពាវនាវរបស់ពួកគេផង។ ជម្លោះរវាងលោកហ្វេដូរ៉ូស និងលោកសឺស្គីបានបង្ហាញជាចំហកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ លោកហ្វេដូរ៉ូស បានចោទប្រកាន់ថាលោកសឺស្គីវ័យ៦០ឆ្នាំរូបនេះជាអ្នកបំផ្លាញការងាររបស់លោក។ លោកសឺស្គីជាមនុស្សសំខាន់ក្នុងការការពារប្រទេសអ៊ុយក្រែនទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីតាំងពីពេលសង្គ្រាមចាប់ផ្ដើមដំបូងៗ។ ប៉ុន្តែលោកក៏ទទួលរងការរិះគន់យ៉ាងខ្លាំងក្លាផងដែរដោយសារការប្រកាន់វិន័យតឹងរ៉ឹងមិនងាយដកថយកងទ័ពទេ ជាហេតុធ្វើឱ្យកងទ័ពស្លាប់ច្រើន។ ម៉្យាងទៀត លោកច្រើនប្រើយុទ្ធសាស្ត្រសង្គ្រាមបែបបុរាណ និងមិនចង់ធ្វើទំនើបកម្មកងទ័ពនោះទេ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ