រកឃើញហើយ! ក្មេងប្រុស៣នាក់ដែលបាត់ខ្លួននៅកាកាបទី២ គឺដើរលេងដាច់យប់មិនហ៊ានចូលផ្ទះ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ក្មេងប្រុសចំនួន៣នាក់ដែលបានបាត់ខ្លួននៅក្នុងពេលដំណាលគ្នានៅសង្កាត់កាកាបទី២ ត្រូវបានសមត្ថកិច្ចនិងក្រុមគ្រួសារតាមរកឃើញហើយ គឺពួកគេបានដើរលេងដាច់យប់មិនហ៊ានចូលផ្ទះ ហើយដេកលើសួនច្បារអតីតអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង៤យប់ ។

តាមនគរបាលប៉ុស្តិ៍កាកាបទី២បានឲ្យដឹងថា ក្មេងប្រុសដែលបានបាត់ខ្លួនត្រូវបានសមត្ថកិច្ច សហការជាមួយក្រុមគ្រួសារតាមរកឃើញនៅសួនច្បារអតីតអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ។ តាមសមត្ថកិច្ចឲ្យដឹងទៀតថា ការបាត់ខ្លួនរបស់ក្មេងទាំង៣នាក់ខាងលើ មិនមានអ្នកណាអ្នកចាប់ ឬនាំទៅនោះទេ គឺពួកគេបានចាកចេញពីផ្ទះដើរដោយខ្លួនឯង ហើយយប់ជ្រៅមិនហ៊ានចូលផ្ទះដោយខ្លាចឪពុកម្តាយវាយ ក៏បានដេកនៅលើសួនច្បារតែម្តង។
គួរបញ្ជាក់ថា ក្មេងប្រុសចំនួន៣នាក់ ១-ឈ្មោះ សំ ផាន់ណា ភេទប្រុស អាយុ១៤ឆ្នាំ ២-ឈ្មោះវី សុខណា អាយុ១១ឆ្នាំ ជាបងប្អូនបង្កើត និង៣-ឈ្មោះយ៉ា ភេទប្រុស អាយុដំណាលគ្នា ។ អ្នកទាំងបីនាក់រស់នៅបច្ចុប្បន្ន ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមជីតាបានឱ្យដឹងថា ក្មេងប្រុសទាំង៣នាក់នោះ បានបាត់កាលពីរថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ៤រសៀល មិនដឹងទៅទីណា ។ បន្ទាប់ពីបាត់ខ្លួន ក្រុមគ្រួសារក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវជួយរកផងដែរ ៕

ចែករំលែកព័តមាននេះ