ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​មាន​បំណង​បញ្ជាក់​កិច្ចសន្យាជួលដី​ ​ផ្ទះ ​អគារ សំណង់​ឃ្លាំង ​ផ្ទះ​ជួល​បន្ទប់​ស្នាក់​នៅ សូមទៅ​បញ្ជាក់​នៅ​សាលាសង្កាត់​រៀង​រាល់​ម៉ោង​ធ្វើការ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោង​តាម​សេចក្តី​ជូន​ដំណឹង របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋនៅ​ក្នុង​រាជធានី​ភ្នំពេញ ​ថា ដើម្បី​ចូលរួម​ចំណែក​ពង្រឹង​ការ​ផ្តល់​សេវា​រដ្ឋបាលប្រកបដោយ​គុណភាព ប្រសិទ្ធភាព គណនេយ្យ​ភាព តម្លាភាព ឆាប់រហ័ស និង​កាន់តែ​កៀក​ជិត​ប្រជាពលរដ្ឋ និង​ធុរជន សំដៅ​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​មូលដ្ឋាន​លើ​គ្រប់​វិស័យ កន្លង​មករដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ ទាំង​ ១៤ និង​រដ្ឋបាល​សង្កាត់​ទាំង ​១០៥ បាន​ផ្តល់​សេវា​រដ្ឋបាល​ជា​ច្រើន​ប្រភេទ​តាម​យន្តការ​ច្រក​ចេញចូល​តែ​មួយ នៅ​តាម​កម្រិត​រដ្ឋបាល​នីមួយ​ៗ ក្នុង​នោះក៏​មានការ​ផ្តល់​សេវា​លិខិតបញ្ជាក់​កិច្ចសន្យាជួល​ដី​/​ផ្ទះ​/​តូប​/​យានជំនិះ និងលិខិតបញ្ជាក់​ផ្ទះ​ជួល​បន្ទប់​ស្នាក់​នៅផង​ដែរ នៅ​សាលាសង្កាត់ ប៉ុន្តែ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច នៅ​ពុំ​ទាន់ បានដឹង​ជ្រួតជ្រាប​ទូលំទូលាយ​អំពី​ការ​ផ្តល់​សេវា​លិខិតបញ្ជាក់​ប្រភេទ​នេះ​នៅឡើយ​ទេ​ ។

ក្នុង​ន័យ​នេះ ដើម្បី​ពង្រឹង​ការ​ផ្តល់​សេវា និង​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​អំពី​សេវា​ខាងលើ រដ្ឋបាល រាជធានី​ភ្នំពេញ សូម​ជូនដំណឹង និង​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​កិច្ចសន្យាជួល​អចលនវត្ថុ (​ដី​/​ផ្ទះ​/​អគារ​/ សំណង់​/​ឃ្លាំង ជាដើម​) ឬ មានផ្ទះ​ជួល​បន្ទប់​ស្នាក់​នៅ ហើយ​មាន​បំណង​ចង់​បញ្ជាក់​កិច្ចសន្យាជួល​អចលនវត្ថុ ឬ លិខិតបញ្ជាក់​ផ្ទះ​ជួល​បន្ទប់​ស្នាក់​នៅ​នេះ សូម​អញ្ជើញ​ទៅ​ទទួល​សេវា​បញ្ជាក់​កិច្ចសន្យាជួល​អចលនវត្ថុ និង​លិខិត បញ្ជាក់​ផ្ទះ​ជួល​បន្ទប់​ស្នាក់​នៅ នៅ​ទីតាំង​សាលាសង្កាត់​ដែល​អចលនវត្ថុ​ស្ថិត​នៅ ស្រប​តាម​គោលការណ៍ បែបបទ និង នីតិវិធី​ដែល​បាន​កំណត់​ក្នុង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន រៀង​រាល់​ម៉ោង​ធ្វើការ​។

សេចក្តីជូនដំណឹង​នេះ រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ រដ្ឋបាល​សង្កាត់​ទាំង ​១០៥ និង​មន្ទីរ​-​អង្គភាព​ជំនាញ ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ផ្សព្វផ្សាយ អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ៕