ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការទូត​កម្ពុជា​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ប្រទេស​ហ្វី​លី​ពី​ន

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​លោក​ជំទាវ ម៉ា តេ​រ៉េ​សា ភី​ឡា​ហ្សា​រ៉ូ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ទីក្រុង​ម៉ានីល សា​ធារ​រដ្ឋហ្វី​លី​ពី​ន ។

យោង​តាម​សេចក្តី​ប្រកាស​ព័​ត៌​មាម​របស់​ក្រសួងការបរទេស​បានឱ្យ​ដឹង​ថា ក្រោម​មូលបទ«​ដំណើរ​ឆ្ពោះទៅ​កាន់​អនាគត​រួម​គ្នា​» កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៩ និង កិច្ចប្រជុំ​ពាក់ព័ន្ធ​នេះ​នឹង​ផ្តល់​នូវ​វេទិកា​ដ៏​សំខាន់​មួយ ដើម្បី​ពិភាក្សា និង​តាមដាន​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៨ ។

កិច្ចប្រជុំ​ក៏​នឹង​ផ្តល់​ឱកាស​ដល់​អាស៊ាន និង​ដៃគូ​ខាងក្រៅ​ផ្លាស់​ប្តូរ​ទស្សនៈ​អំពី​កា​រវិ​វត្ត​ក្នុង​តំបន់ និង​អន្តរជាតិ ក្នុង​បរិបទ​នៃ​ការ​កើនឡើង​ទិដ្ឋភាព​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​ស្មុគស្មាញ និង​វិ​វត្ត​យ៉ាង​ឆាប់រហ័ស​។ បន្ទាប់​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចូលរួម​សកម្មភាព​ប្រារព្ធ​ខួប​លើក​ទី​៥០​នៃ​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ (TAC) ។

ព្រឹត្តិការណ៍​នេះ គឺជា​ខួប​គម្រប់​ប្រាំ​ទសវត្សរ៍​នៃ​សន្ធិសញ្ញា​នេះ ដែល​បាន​ដើរតួ​នាទី​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិភាព ស្ថិរភាព​ក្នុង​តំបន់ និង​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្អែក​លើ​ច្បាប់ ដោយ​គូសបញ្ជាក់​ឡើង​វិញ​នូវ​គោលការណ៍​ដ៏​យូរអង្វែង​របស់​អាស៊ាន ក្នុង​ទិដ្ឋភាព​តំបន់ និង​ពិភពលោក​ដែល​កំពុង​បន្ត​វិ​វត្ត ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ផ្សេង​ទៀត​ក្រោម​ក្របខ័ណ្ឌ​មេគង្គ និង​សន្និសីទ​លើក​ទី​៥ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ ក្នុង​ចំណោម​ប្រទេស​អាស៊ី​បូព៌ា សម្រាប់​ការ​អភិវឌ្ឍ​ប៉ា​ឡេ​ស្ទី​ន​។ ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ខាងលើ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​សម​ភាគី​នានា ដើម្បី​ជំរុញ និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ៕