ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់​រាប់រយ​នាក់​នាំ​គ្នា​បិទផ្លូវ​តវ៉ា​រឿង​ថៅកែ​សំណង់​មិន​បើក​ប្រាក់ខែ​

3 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ មាន​ករណី​ក្រុម​កម្មករ​សំណង់​រាប់រយ​នាក់​បាន​លើកគ្នា​បិទផ្លូវ តវ៉ា​រឿង​ថៅកែ​សំណង់​មិន​បើកប្រាក់​ឈ្នួល​ឲ្យ​បង្ក​ឲ្យ​កកស្ទះ​ផ្លូវ​មិន​អាច​ធ្វើ​ចរាចរណ៍​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​កម្ម​ការ​នី​រោងចក្រ​ខកដំណើរ​មិន​អាច​ទៅ​ចូល​ធ្វើការ ដោយសារ​ក្រុម​បាតុករ​នៃ​កម្មករ​សំណង់​នាំ​គ្នា​បិទផ្លូវ​ ។ ​ករណី​កម្មករ​សំណង់​បិទផ្លូវ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ​៧ ​និង ​១០​នាទី​ព្រឹក​ថ្ងៃ​ទី​ ១៧ ​កក្កដា​ ២០២៦ នៅ​ផ្លូវ​​ខាង​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង ​៣ ​ស្ថិតនៅ​ភូមិ ព្រៃ​គគីរ ឃុំ​ព្រៃ​គគីរ ស្រុក​ច​ន្រា្ទ ខេត្តស្វាយរៀង ​។

ការ​បិទផ្លូវ​នេះ​បង្ក​ឲ្យ​កកស្ទះ​ចរ​ចរណ៍​អស់​រយៈពេល​ជាង ​០២​ម៉ោង​ទើប​ក្រុមការងារ​នៃ​មន្ទីរ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ច​ន្ទ្រា​ចុះ​ធ្វើការ​សម្របសម្រួល​ជាមួយ​កម្មករ​សំណង់​ឲ្យ​បើកផ្លូវ​ និង​ដោះស្រាយ​ជាមួយ​ថៅកែ​សំណង់​ជា​លទ្ធផល​ក្រុម​កម្មករ​សំណង់​បាន​យល់ព្រម​បើកផ្លូវ​វិញ​ ។​

លោក ​អ៊ូ​ សា​ខឿន ប្រធាន​មន្ទីរ​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្វាយរៀង ​បាន​ឲ្យ​ដឹង​ថា កម្មករ​សំណង់​បាតុកម្ម​បិទផ្លូវ​នេះ​គឺ​ទាមទា​ឲ្យ​ថៅកែ​សំណង់ ដែល​សាងសង់​អគារ​រោងចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង​ ៣ មិន​បើក​បើក​ប្រាក់ខែ​ឲ្យ​កម្មករ ​(​ប្រាក់​ឈ្នួល​) ​ហួស​កាលកំណត់​ទើប​កម្មករ​សំណង់​ទាំងអស់​លើកគ្នា​តវ៉ា ដោយ​បិទផ្លូវ​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​ជាង ​២​ម៉ោង ​។​លោក​បន្ត​ទៀត​ថា ​ក្រោយមក​ក្រុមការងារ​ចុះ​ទៅ​អន្តរាគមន៍​សម្របសម្រួល​ និង​ដោះស្រាយ ជា​លទ្ធផល​បាន​ដោះស្រាយ​បញ្ចប់​ដល់​កិច្ចព្រមព្រៀង​នៅ​វេលា​ម៉ោង ​៩​ និង​ ០០​នាទី​ព្រឹក​ថៅកែ​យល់ព្រម​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​សំណង់​ហើយ​កម្មករ​ក៏​បាន​ចូល​ធ្វើការ​វិញ​ធម្មតា​ ៕