លោកតាវ័យជាង៧០ឆ្នាំមួយរូប ចែករំលែកបច្ចេកទេសដាំដើមស្រកានាគ ដោះស្រាយជីវភាព
- កំពង់ចាម
ខេត្តកំពង់ចាម ៖ នៅតំបន់ជាច្រើនសម្បូរទៅដោយដីក្រហមមានជាតិអំណោយផលដល់ការដាំដុះដំណាំផ្សេងៗក្នុងនោះមានប្រភេទផ្លែស្រកានាគត្រូវបានអ្នកភូមិតាំងក្រង ឃុំស្វាយទាប ស្រុកចំការលើ បាននាំគ្នាដាំដុះទៅតាមគ្រួសារជាច្រើន ដើម្បីលក់យកថវិកាផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោកតាអឿន វ៉ា អាយុ៧៣ឆ្នាំ អ្នកភូមិតាំងក្រង បានរៀបរាប់ឲ្យដឹងនាល្ងាចថ្ងៃទី១៦កក្កដា ឆ្នាំ២០២៦ថា: ឪពុកម្ដាយរបស់គាត់ជាអ្នកស្រុកចំការលើ មានមុខរបរធ្វើចំការតាំងពីសម័យដើមមកម្ល៉េះ គ្រានោះពេលដែលគាត់នៅជាកុមារភាព ក៏បានរៀនពីលក្ខណៈបច្ចេកទេសដាំដុះផ្លែឈើដើម្បីលក់ឱ្យឈ្មួញយកលុយដោះស្រាយជីវភាព។តែនៅគ្រាគាត់ជាកុមារភាពកាលនោះមិនមានផ្លែស្រកានាគដាំនៅឡើយទេ។
លោកតាម្ចាស់ចំការបានរៀបរាប់ឲ្យដឹងទៀតថា ដោយសារតែគាត់ចូលចិត្តស្រឡាញ់លើមុខរបរដាំដុះ គាត់ក៏បានចាប់ផ្ដើមរកពូជស្រកានាគរបស់តៃវ៉ាន់យកមកដាំនៅក្បែរផ្ទះបានប្រមាណជា ២០០គុម្ព ដែលមានសាច់ពណ៌ក្រហមរសជាតិផ្អែមឆ្ងាញ់ ក្នុងរយៈពេលប្រាំពីរខែចាប់ផ្ដើមប្រមូលផលជាបណ្ដើរៗ។
ពេលដែលផ្លែមកត្រូវបេះក្នុងមួយថ្ងៃបានផលអាចដល់១០០គីឡូក្រាមហើយក្នុងមួយគីឡូលក់បាន៤០០០ទៅ ៥០០០រៀលគឺ ដាក់លក់នៅលើគ្រែមុខផ្ទះជាប់នឹងផ្លូវថ្នល់តែម្ដង។ហើយមានអ្នកធ្វើដំណើរតាមម៉ូតូនិងរថយន្តតូចធំបាននាំគ្នាចូលទិញយកទៅពិសារក្នុងគ្រួសារនិងខ្លះទៀតបានទិញយកទៅលក់បន្តនៅរាជធានីភ្នំពេញក៏មានដែរ។
ចំពោះពូជស្រកានាគតៃវ៉ាន់នេះដែលមានអាយុកាល៥ឆ្នាំ ដល់ពេលដែលវាត្រូវចាស់លែងហុចផល គាត់ត្រូវចាប់ផ្ដើមដាំជួសឡើងវិញលើដើមដែលចាស់នោះក្នុងរយៈពេលជិត២០ឆ្នាំ ទើបគាត់ងាកមកជ្រើសរើសពូជថ្មីដែលមានផ្លែធំៗហើយសាច់ក្រហមដូចគ្នាគឺដាំរហូតដល់៩ខែទើបឲ្យផលដូចជាពូជដែលដាំរាល់ថ្ងៃនេះ។
លោកតាម្ចាស់ចម្ការបញ្ជាក់ថាចំពោះថវិកាដែលបានមកពីការលក់ដូរគឺគាត់អាចដោះស្រាយជីវភាពគ្រួសារជាមួយនឹងយាយរបស់គាត់ព្រមទាំងចៅដែលរស់នៅជាមួយដែលអាចបានពេញមួយឆ្នាំគឺរស់នៅក្នុងជីវភាពសមរម្យនិងគេ។សព្វថ្ងៃនៅក្នុងភូមិរបស់គាត់មានគ្រួសារជាច្រើនបាននាំគ្នាដាំផ្លែស្រកានាគ តួយ៉ាងស្រកានាគរបស់គាត់មកដល់ពេលនេះបានហុចផលឱ្យផ្លែមួយៗហើយនៅឆ្នាំ២០២៧ ខាងមុខនោះនឹងបានផលច្រើន។
លោកតាអះអាងថាប្រភេទពូជស្រកានាគថ្មីនេះគឺមានភាពធន់ជាមួយនឹងអាកាសធាតុ ដែលមានលក្ខណៈអំណោយផលល្អគឺគាត់ដាំដុះចំនួន២០០គុម្ព ហើយក្នុងមួយគុម្ពមានចំនួន៤ដើម ដែលត្រូវបានទិញពីអ្នកភូមិរបស់គាត់ក្នុងមួយដើមតម្លៃ ៤០០០រៀល។សូមបញ្ជាក់ថាចំពោះការថែទាំគាត់ត្រូវប្រើជីលាមកគោដាក់នៅគល់ដើមស្រកានាគដើម្បីឲ្យបានផ្លែល្អនិងប្រើជីសរីរាង្គដែលមិនប៉ះពាល់សុខភាពដល់អ្នកទទួលទាន ៕












ចែករំលែកព័តមាននេះ