ខេត្តស្វាយរៀង ៖ សមត្ថកិច្ចគយ បានចុះបង្ក្រាបក្រុមឈ្មួញ ដែលលួចលាក់នាំបារីគេចពន្ធខុសច្បាប់ បានចំនួន៣៦,០០០សុង ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួមជាមួយលោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ។
ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ដោយបានចុះទៅបង្ក្រាបដល់ទីតាំងឃ្លាំងស្តុកបារីមួយកន្លែង នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង ។
នៅក្នុងប្រតិបត្តិការនេះដែរ កម្លាំងគយចល័ត បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងយោធាការពារព្រំដែន ២៣២ របស់ខេត្តស្វាយរៀង កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តស្វាយរៀង និងការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិបាវិត ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងដឹកនាំផ្ទាល់ដោយលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងចម្រុះបានចុះទៅដល់ទីតាំងឃ្លាំងស្តុកបារីមួយកន្លែងខាងលើ ដែលស្ថិតក្នុងភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ។
ជាលទ្ធផល នៃការត្រួតពិនិត្យឆែកឆេរ កម្លាំងមានសមត្ថកិច្ចចម្រុះបានរកឃើញបារីគ្មានបិទត្រាពន្ធគយចំនួន ៣ ប្រភេទ រួមមាន ៖
១. បារីម៉ាក JPS (Taiwan)៖ ចំនួន ៣១២ កេស (ស្មើនឹង ១៨,៧២០ សុង)
២. បារីម៉ាក B&H (UK)៖ ចំនួន ១៨៦ កេស (ស្មើនឹង ១១,១៦០ សុង)
៣. បារីម៉ាក Winfield Original Classic (Indonesia)៖ ចំនួន ១០២ កេស (ស្មើនឹង ៦,១២០ សុង)
សរុបប្រមូលបានបារីចំនួន ៦០០ ប៊ិច ស្មើនឹង ៣៦,០០០ សុង (គ្មានបិទត្រាពន្ធគយ)។
បច្ចុប្បន្ន ទំនិញបារីខុសច្បាប់ខាងលើ ត្រូវបាននាំយកមករក្សាទុកបណ្ដោះអាសន្ននៅឃ្លាំងរបស់ការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិបាវិត ដើម្បីរង់ចាំការសម្រេចដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ប្រតិបត្តិការនេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អាជ្ញាធរក្នុងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ និងធានានូវការអនុវត្តច្បាប់គយប្រកបដោយប្រសិទ្ធភាព ៕








ចែករំលែកព័តមាននេះ