ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​ហា​រយ​វ័យក្មេង​១៧​នាក់​កំពុង​ស្ថិត​ក្នុង​តំណាក់កាល​នីតិវិធី​របស់​តុលាការ​

6 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ក្រុម​ចោរ​វ័យក្មេង​ចំនួន​១៧​នាក់ ដែល​សមត្ថកិច្ច​ស្រុក​បាណ​ន់ដើរ​ប្រមូល និងធ្វើការ​ឃាត់ខ្លួន​កាលពី​ស​ប្ដា​ហ៍​មុន គិត​ត្រឹម​ថ្ងៃ​ទី១៣ កក្កដា នេះ កំពុង​ស្ថិត​ក្នុង​ដៃ​តុលា​ការ​ចាត់ការ​តាម​នីតិវិធី​នៅឡើយ ​។​ នេះ​បើ​តាម​ការ​ផ្ដល់​ព័​ត៌​មាន​ពី​សមត្ថកិច្ច​ ។

​ស្នងការ​រង​ទ​ទួ​ល​ផែន​ព្រហ្មទណ្ឌ លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា  ក្រុម​ជនសង្ស័យ​«​លួច​មាន​ស្ថាន​ទម្ងន់ទោស​»​ចំនួន​១៧​នាក់ ដែល​បង្ក្រាប​នៅ​ស្រុក​បាណ​ន់ កាលពី​ស​ប្ដា​ហ៍​​មុន​នេះ  ត្រូវ​បាន​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​អស់ហើយ​ ។ ប៉ុន្តែ​នៅ​ថ្ងៃនេះ (១៣.០៧.២៦) តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត អាច​នឹង​បញ្ចប់​នីតិវិធី​សួរនាំ ហើយនឹង​អាច​បញ្ជូន​ជនសង្ស័យ​ទាំង​១៧​នាក់​នោះ ទៅ​កាន់​លោក​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​នីតិ​វ​ធី​នេះ   មុន​ពេល​ត្រូវ​បញ្ជូន​ទៅ​កាន់​ទ្វារ​ខ្មៅ​ ។

ក្រុម​ជន​​សង្ស័យ​ក្នុង​អំពើ​ «​ចោរកម្ម​» ​ទាំង​១៧​នាក់​នោះ  មាន​អាយុ​ចាប់ពី​១៤​ឆ្នាំ ដល់​អាយុ​​១៩​ឆ្នាំ ជា​កូនចៅ​អ្នកស្រុក​បាណ​ន់ តែ​ក្នុង​ចំណោម​នោះ​​មាន​ម្នាក់​ជា​កូន​អ្នកក្រុង​បាត់ដំបង ​។​ ក្រុម​នេះ ​ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​បាណ​ន់​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​០៨ កក្កដា  ក្រោម​បទ​ចោរ​ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» ដែល​ប្រព្រឹត្ត​ច្រើន​ករណី​នៅ​ក្នុង​ឃុំ​ឈើទាល និងឃុំ​ក​ន្ទឺ​រ​២ ស្រុក​បាណ​ន់​ ។

​លោក ហេង បារាំង អធិការ​ស្រុក​បាណ​ន់​បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​កម្លាំង​ប៉ុ​ស្ដិ៍​រដ្ឋបាល មូលដ្ឋាន តាម​ចាប់​អូស​.​ក​ក្រុម​ចោរ​ហា​រយ​នេះទាំង​ព្រលឹម​អុរ  ពី​តាម​ខ្ទម​ចម្ការ ខ្ទម​ស្រែ ឬ តាម​សំ​យ៉ាប​ផ្ទះ ដែល​ពួក​គេ​ស្នាក់​នៅ​បណ្ដោះអាសន្ន  បន្ទាប់​ពី​ពួក​គេ​ដើរ​ធ្វើ​សកម្មភាព​«​លួច​»ដាច់​យប់ ​។

​នៅ​ក្នុង​សំណុំរឿង ក្រុម​នេះ​ត្រូវ​ជាប់​សង្ស័យ​ថា បាន​ធ្វើ​សកម្មភាព​ «​គាស់​ទម្លុះទម្លាយ​» តាម​តូប​លក់ដូរ និង​តាម​ផ្ទះសម្បែង​របស់​ប្រជាប​ល​រដ្ឋ​លួច​យក​ទ្រព្យសម្បត្តិ លួច​ធុង​ទឹក​កក ដែល​ម្ចាស់​ដាក់​ក្លា​ស្សេ​គ្រឿង​កំប៉ុង​មាន​ដូច​ជា​៖   ភេ​ស​ជ្ជៈ ស្រា​បៀរ ឬគ្រឿងក្លែម​ផ្សេង​ៗ​ ។

​ជាមួយនឹង​ការ​ចេញ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​អំពើ​ «​ចោរកម្ម​» ​ម្ដង​ៗ ក្រុម​ចោរ​ហារយ​ទាំងនេះ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ច្រើន​គ្រឿង​ នៅ​ពាក់កណ្ដាល​អធ្រា​ត្រ ប្រដាប់​ដោយ​កាំបិត ដាវ ឬ ដែក​បំពង់​​ទីប ជិះ​ម៉ូតូ​ទាំង​ហ្វូង​អូស​ដែក អូស​ដាវ បែក​ផ្កាភ្លើង​ពេញ​ថ្នល់  ផ្អើល​អស់អ្នក​ភូមិ   ប៉ុន្តែ​បែរជា​មិន​រំខាន​ដល់​សមត្ថកិច្ច​ម្ដងណា​សោះ​ ។

​រហូត​ពួក​គេ​ចេញ​ធ្វើ​សកម្មភាព​ប៉ុន្មាន​លើក​យ៉ាង​កក្រើក​ចុង​ក្រោយ​នេះ  ទើប​លោក​សមត្ថកិច្ច​ចាប់​អារ​ម្ម​ណ៍​ងើប​ពី​ដំណេក​តាម​ចាប់ខ្លួន​ក្រុម​លោក​ចោរ​វ័យក្មេង អុកឡុក​អ្នកស្រុក​បាណ​​ន់​នេះ​បាន​ចំនួន​១៧​នាក់ ​។

​យ៉ាងណា  ពេល​នេះ​ តុលាការ​បាន​និង​កំពុង​ចាត់ការ​លើ​ក្រុម​ជនសង្ស័យ​មួយ​សំបុក​នេះ​តាម​​នីតិ​វិ​ធី​ហើយ   ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា  នៅ​ដំណាក់កាល​ចុង​ក្រោយ  តើ​មាន​ប៉ុន្មាន​​នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់​ទ្វារ​ខ្មៅ?  ហើយ​មាន​ប៉ុន្មាន​នាក់អាច​នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ក្រៅ​ឃុំ ក្រោម​ការ​ត្រួ​ត​ពិនិត្យ​របស់​តុលាការ?