ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ៖ គ្រោះអគ្គិភ័យឆាបឆេះបាមួយកន្លែងនៅបាងកក ស្លា.ប់យ៉ាងតិច២៧នាក់ និងរបួសជាង៦០​នាក់

5 ម៉ោង មុន

ប្រទេស​ថៃ ៖ មនុស្ស​យ៉ាងតិច​២៧​នាក់​ស្លាប់​ និង​៦៣​នាក់​រង​របួស ដោយសារ​ភ្លើង​ឆេះ​បា​មួយ​នៅ​ក្រុង​បាងកក កាលពី​យប់​ថ្ងៃ​ទី​១២​ កក្កដា​ ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​អភិបាលក្រុង​បាងកក ​លោក ​CHADCHART SITTIPUNT កាលពី​ថ្ងៃ​ទី​១៣​កក្កដា​ ។

ថ្លែង​ទៅ​កាន់​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក ក្រោយ​ទៅ​ពិនិត្យ​កន្លែង​មាន​ភ្លើង​ឆេះ អភិបាលក្រុង​បាងកក​រូប​នោះ​ពន្យល់​ថា ពួក​អ្នក​ពន្លត់ភ្លើង​បាន​ទៅ​ដល់​កន្លែង​ភ្លើង​ឆេះ ក្រោយ​ទទួល​សេចក្ដីរាយការណ៍ ​តែ​ភ្លើង​បាន​ឆេះ​រាល​ដាន​យ៉ាង​លឿន​ចូល​ក្នុង​បា​នេះ​រួច​ទៅ​ហើយ ពេល​ពួក​គេ​ទៅ​ដល់​ ។ អគ្គិភ័យ​នោះ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២៧​នាក់ ​និង​របួស​៦៣​នាក់ ក្នុង​នោះ​២២​នាក់​ របួសធ្ងន់​។ តាម​អភិបាលក្រុង​បាងកក​ថា​ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​២៧​នាក់ ​មាន​តែ​៦​នាក់​ប៉ុណ្ណោះ​ អាច​កំណត់​ដឹង​អត្តសញ្ញាណ​រហូត​មក​ទល់​ពេល​នេះ​។ អាទិភាព​បន្ទាន់​ គឺ​ការ​ផ្ដល់​ដំណឹង​ដល់​សាច់​ញាតិគ្រួសារ​អ្នក​ស្លាប់​ និង​របួស​។

តាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ថា ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​ទូរស័ព្ទ​ដៃ​ច្រើន​គ្រឿង​នៅ​ក្នុង​បា​​នេះ​។ ក្នុង​ចំណោម​ទូរស័ព្ទ​ទាំងនេះ​មួយ​ចំនួន​មានការ​តេ​មក​របស់​សាច់ញាតិ​បងប្អូន​ ឬ​មិត្តភក្ដិ​ជន​រង​គ្រោះ​​ ។ ពួក​អ្នក​ជួយ​សង្គ្រោះ​ក៏​បាន​ទាក់ទង ដើម្បី​ជួយ​កំណត់​អត្តសញ្ញាណ​ជន​រង​គ្រោះ និង​ទាក់ទង​មក​គ្រួសារ​ពួក​គេ​។

ទាក់ទិន​នឹង​មូលហេតុ​នៃ​ភ្លើង​ឆេះ​នោះ ពួក​អ្នក​នៅ​រស់រាន​មានជីវិត ថ្លែង​ទៅ​កាន់​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ថា ផ្សែង​យ៉ាង​ក្រាស់​ដំបូង​ហុយ​ចេញ​ឌី​ស​ហ្សុ​ង​ទ័​រ​មួយ​ស្ថិត​នៅ​ជិត​ឆាក​។ បន្ទាប់​មក ​ក៏​មានការ​ដាច់​ភ្លើង​ និង​មានការ​ផ្ទុះ​មួយ ​ហើយ​បន្ទាប់​ពី​នេះ​ក៏​មាន​ភ្លើង​ឆាបឆេះ​រាលដាល​យ៉ាង​លឿន​ ។

ការ​ត្រួតពិនិត្យ​ដំបូង​ឃើញ​ថា ពិ​ដាន​របស់​បា​នោះ​ត្រូវ​បំផ្លាញ​ទាំងស្រុង​ដោយ​អណ្ដាតភ្លើង ហើយ​កៅអី​អ​ង្កុ​យ​ធ្វើ​ពី​ប្លា​ស្ទិ​ក​ភាគច្រើន​ត្រូវ​ភ្លើង​ឆេះ​នាំ​ឲ្យ​គេ​គិត​ថា​ ផ្សែង​ពុល​អាច​ជា​មូលហេតុ​សំខាន់​នៃ​ការ​ស្លាប់​មនុស្ស​ច្រើន​ ។ បណ្ដា​សារព័ត៌មាន​ថៃ​រៀបរាប់​ថា ក្នុង​ចំណោម​អ្នក​ស្លាប់មាន​បុរស​៩​នាក់ ​និង​នារី​១៨​នាក់ ភាគច្រើន​រក​ឃើញ​នៅ​ក្បែរ​បន្ទប់ទឹក​ ៕