អ្នកទេសចរប្រមាណ៥៥១នាក់ បានជាប់នៅភ្នំខ្នងផ្សារ ដោយសារជំនន់ទឹកភ្លៀង ត្រូវបានជួយអន្តរាគមន៍ឱ្យចាកចេញអស់ហើយ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ អ្នកទេសចរដែលជាប់ដំណើរនៅភ្នំខ្នងផ្សារដោយសារជំនន់ទឹកភ្លៀងចំនួន៥៥១នាក់នោះ ត្រូវបានជួយអន្តរាគមន៍ឱ្យចាកចេញអស់ហើយ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ ត្រូវបានមន្ត្រីឧទ្យានុរក្សដែលឈរជើងនៅតំបន់នោះ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ បានជួយអន្តរាគមន៍។
គួររំលឹកផងដែរថា÷ កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានកើតឡើងនៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ហើយបង្អាក់ដំណើរអ្នកទេសចរជាច្រើនមិនអាចចាកចេញបាននោះឡើយ។ របាយការណ៍ បានបង្ហាញថា មានអ្នកទេសចរប្រមាណ ៥៥១នាក់ បានជាប់នៅភ្នំខ្នងផ្សារ ដោយសារជំនន់ទឹកភ្លៀងនេះ។
ក្រោយកើតហេតុការណ៍នោះ មន្ត្រីឧទ្យានុរក្សដែលឈរជើងនៅតំបន់នោះ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ បានជួយអន្តរាគមន៍នាំអ្នកទេសចរមកស្នាក់នៅទីតាំងលំហែបៃតងដំណាក់ដំរី ហើយបានរៀបចំស្បៀងអាហារផ្សេងៗជូនពួកគាត់។
លុះរហូតដល់វេលាម៉ោង៩ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ អ្នកទេសចរទាំងអស់ត្រូវបានជម្លៀសចេញទីតាំងដំណាក់ដំរី មកដល់ទីសុវត្ថិភាពក្នុងភូមិតាំងបំពង់។ លើកលែងតែឡានតូចៗចំនួន៤គ្រឿងជាប់នៅដំណាក់ទី១ និងមានភ្ញៀវនៅលើភ្នំខ្នងផ្សារចំនួន៣នាក់មិនទាន់ចុះ។ រីឯស្ថានភាពទឹកនៅតែបន្តឡើង ដោយសារមានភ្លៀងខ្លាំង។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើការអំពាវនាវដល់អ្នកទេសចរទៅលេងតាមតំបន់ភ្នំនានាក្នុងរដូវវស្សាឱ្យមានការប្រុងប្រយ័តឱ្យបានខ្ពស់ ព្រោះរដូវវស្សាពេលមានភ្លៀងតាមតំបន់ភ្នំ និងជ្រោះ គឺមានទឹកហូរបុកខ្លាំង ដែលអាចបង្កឱ្យគ្រោះថ្នាក់ជាយថាហេតុ៕
























ចែករំលែកព័តមាននេះ