ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ក្លិប​កម្សាន្ត​នៅ​ទី​ក្រុងបាង​កក ប្រទេស​ថៃ​ បណ្ដាល​ឱ្យ​ស្លា.ប់​ម.នុ.ស្ស​២៧​នាក់ និង​រ.បួ.ស​៦៣​នាក់

1 ថ្ងៃ មុន

ទី​ក្រុង​បាងកក៖ មាន​ហេតុ​ការណ៍​ឆេះ​ក្លិប​កម្សាន្ត​មួយ​កន្លែង​នៅ​កណ្ដាល​ទី​ក្រុង​បាងកក ប្រទេស​ថៃ​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២៧​នាក់​ និង​របួស​រាប់​សិប​នាក់​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ត្រី​រដ្ឋាភិបាល​ថៃ​។ ដោយ​សារ​ច្រក​ផ្លូវ​ចេញ​ត្រូវ​រាំង​ស្ទះ ដូច្នេះ​ធ្វើ​ឱ្យ​មនុស្ស​រាប់​រយ​នាក់​ក្នុង​អគារ​នោះ​ឈ្លក់​ផ្សែង​។ តាម​រយុៈវីឌី​អូឃ្លីប​ដែល​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម គេ​ឃើញ​​​​ផ្សែង​ក្រាស់​ឃ្មឹក​ហោះ​ហើរ​ទៅ​លើ​អាកាស​​។ នាយក​រដ្ឋ​មន្ត្រីថៃ​ អនុ​ទីន ចាន់​វីរៈគុល ថ្លែង​ថា​យើង​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ ២៧​នាក់​ ខណៈដែល​មនុស្ស​៦៣​នាក់​​ទៀត​រង​របួស​។ ក្នុង​​នោះ ២២​នាក់​រង​របួស​ធ្ងន់​​នៅ​ក្នុង​ហេតុ​ការណ៍​ឆេះ​ក្លិប​មួយ​កន្លែង​ឈ្មោះ​រ៉ុង​បៀ ណា​ឡាត់​ ប្រាវ (Rong Beer Na Lat Phrao)​។

ក្លិប​នោះ​ស្ថិត​នៅ​តំបន់​ទី​ប្រជុំ​ជន​នៃ​ទី​ក្រុង​បាងកក​ភាគ​ខាង​ជើង​ អាច​ធ្វើ​ដំណើរ​ទៅ​មក​ដោយ​ជិះ​រថ​ភ្លើង​​ ហើយ​ស្ថិត​​នៅ​ក្បែរ​ផ្សារ​លក់​ទំនិញ។ ​មាន​រោង​​រោង​ភាព​យន្ត​ជា​ច្រើន​កន្លែង​នៅ​ជិត​ៗ​នោះ អាច​​​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ទៅ​ដល់​។ ទី​នោះ​មាន​កន្លែង​ចត​ឡាន​ធំ​ទូលាយ, ​មាន​ផ្សារ​បើក​​លក់​ថ្ងៃចុង​សប្ដាហ៍​​​ឈ្មោះ​ចតុ​ចក្រ (Chatuchak) និង​មាន​​ភ្ញៀវ​ទេស​ចរ​បរទេស​ឧស្សាហ៍​​ចេញ​ចូល​។ ការ​វាយ​តម្លៃ​បឋម​ទៅ​លើ​សំណុំ​រឿង​ឆេះ​ក្លិប​ខាង​លើ​នេះ​បង្ហាញ​ថា​មាន​ហេតុ​ការណ៍​ឆ្លង​ចរន្ត​អគ្គិ​សនី​ពី​ម៉ាស៊ីន​ត្រជាក់​នៅ​ពិតាន​អគារ​ ហើយ​បង្ក​ជា​ភ្លើង​ឆេះ​តែ​ម្ដង​។ នេះ​បើ​យោង​តាម​​គណៈ​កម្ម​ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​។​

យោង​តាម​ការ​រៀប​រាប់​ពី​អ្នក​ដែល​នៅរស់​រាន​មាន​ជីវិត​ពី​ហេតុ​ការណ៍នេះ​​ មន្ត្រីរដ្ឋា​ភិបាល​ថ្លែង​ថា​ភ្លើង​ចាប់​ផ្ដើម​ឆេះ​ដំបូង​នៅផ្នែក​ខាង​មុខ​នៃ​ក្លិប។ បន្ទាប់​មក​ ភ្លើង​ក៏​ចេះ​ឆេះ​រាល​ដាល​​កាន់​តែ​ខ្លាំង​​ឡើង​ៗ​ ជា​ហេតុ​​ធ្វើ​ឱ្យ​មនុស្ស​នៅ​ក្នុង​នោះ​រត់​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ខាង​ក្រោយ​ដែល​មាន​ផ្ទះ​បាយ និង​បន្ទប់​ងូត​ទឹក​។ អភិបាល​​ទី​ក្រុង​បាង​កក​ថ្លែង​​ថានៅ​ក្នុងអគារ​នោះមាន​ច្រក​ចេញ​សម្រាប់​​​គ្រា​អាសន្ន​ចំនួន​២។ នៅ​តាម​ផ្លូវ​នោះ​មាន​ធុង​ដាក់​ស្រាបៀ​ធំ​ៗ​។ នៅ​ច្រក​ចេញ​មួយ​នោះ​មាន​តុ​នៅពី​មុខ​ផ្លូវ​។ ហេតុ​ដូចនេះ វា​បន្ទច់​បង្អាក់​ការ​ជម្លៀស​មនុស្ស​។

លោក​ថ្លែង​បន្ត​ទៀត​ថា​យើង​ត្រូវ​រង់​ចាំ​ក្រុម​អ្នក​កោសល្យ​វិច័យ​ដើម្បី​ពិនិត្យកន្លែង​កើត​ហេតុ​។ ភ្នាក់​ងារ​ពន្លត់​អគ្គិភ័យ​ម្នាក់​ឈ្មោះ​ចាក់​គ្រីត​ ខុងកម (Chakrit Khongkom) វ័យ​៤៥​ឆ្នាំ​ ប្រាប់​ថា​គាត់​ជិះ​ឡានទឹក​ទៅ​ដល់​កន្លែង​កើត​ហេតុ​។ នៅ​ពេល​ទៅ​ដល់​ឃើញ​ក្លិប​ខាង​លើ​នេះ​ឆាប​ឆេះ​នៅ​ក្នុង​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ និង​ឃើញ​មនុស្ស​ជា​ច្រើន​ជាប់​ផុង​នៅ​ក្នុង​អគារ​នោះ​។ អ្នក​ខ្លះ​ខំ​ជម្លៀស​ខ្លួន​ចេញ​ពី​ទី​នោះ​តាម​ច្រក​ទ្វារ​ខាង​ក្រោយ​។ មាន​តែ​មនុស្ស​តិច​តួច​ប៉ុណ្ណោះ​ដែល​សម្រុក​ចេញ​តាម​ច្រក​ទ្វារ​ខាង​មុខ​។​ បុរស​ខាង​លើ​នេះ​ប្រាប់​បន្ត​ទៀត​ថា​ផ្សែង​ហោះ​ហើរ​គ្រប់​ទី​កន្លែង​។ អ្នក​ដែល​អាច​នៅ​រស់​រាន​មាន​ជីវិត​ភាគ​ច្រើន​ក៏​ឈ្លក់​ផ្សែង​មិន​តិច​នាក់​ដែរ៕ ប្រភព៖ Reuters