ជំនន់ទឹកភ្លៀងនៅប៉ែកខាងលើនៃស្រុកសំឡូតថយចុះ តែមន្ទីរជំនាញប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ននៅប៉ែកខាងក្រោមនៃស្ទឹងសង្កែ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ជំនន់ទឹកភ្លៀងដែលជោរជន់លិចលង់តាមដងអូរនានា កាលពីម្សិលមិញនៅក្នុងស្រុកសំឡូត ដែលជាប្រភពទឹកប៉ែកខាងលើ នៃដងស្ទឹងសង្កែ គិតត្រឹមម៉ោង១០ថ្ងៃទី១៣ កក្កដា នេះ បានថមថយវិញហើយ ។ ប៉ុន្តែមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានព្រមានអំពីហានិភ័យដែលអាចកើតឡើងដោយជំនន់ទឹកភ្លៀងនេះនៅប៉ែកខាងក្រោមនៃដងស្ទឹងសង្កែ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងនៅស្រុកឯកភ្នំ ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក ខៃ សុដា បានថ្លែងប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី ១៣ កក្កដា នេះថា ជំនន់ទឹកភ្លៀងដែលលិចលង់ខ្លាំងកាលពីម្សិលមិញ នៅតាមដងអូរនានានៅស្រុកសំឡូត មកទល់នឹងព្រឹកថ្ងៃទី១៣ កក្កដា នេះ បានស្រកចុះវិញច្រើនហើយ ប៉ុន្តែលោកប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ ត្រូវមានការប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិ ឬកូនចៅ ។

ជាពិសេស អុ្នកស្រុកឯកភ្នំ ដែលអាចប្រឈមនឹងហានិភ័យច្រើនជាងគេ ។ លោក ខៃសុដា បានប្រាប់ថា ពេលនេះ ជំនន់ទឹកភ្លៀង បានស្រកចុះពីតាមដងអូរនានាទៅកាន់ដងស្ទឹងគ្រញូង និងស្ទឹងបរឡាងនៃស្រុកសំឡូត ដែលជាប្រភពទឹកនៃប៉ែកខាងលើនៃស្ទឹងសង្កែ ហើយវានឹងហូរចុះមកប៉ែកខាងក្រោមនៃដងស្ទឹងសង្កែ ។ លោកថា ពេលនេះ កំពស់ទឹកកំពុងចាល់ខ្លាំងនៅទំនប់ស្ទាក់ទឹក «ពហុបំណង សេកសក» និងបន្តមកដល់សំណង់ធារាសាស្ត្រ «កង្ហត» ប៉ុន្តែ មន្ត្រីជំនាញរបស់លោកបាននិងកំពុងបើកទ្វារទឹកទាំងអស់ទម្លាយទឹកមកប៉ែកខាងក្រោមហើយ ។

លោក ខៃ សុដា បានបញ្ជាក់ថា ក្រោយពីបើកទ្វារទឹកនៃសំណង់ស្ទាក់ទឹកធំៗទាំង០២ខាងលើនេះ ជំនន់ទឹកនឹងធ្លាក់ចុះមកប៉ែកខាងក្រោមតាមដងស្ទឹងសង្កែ និងបែកចេញទៅតាមបណ្ដាប្រឡាយធារាសាស្ត្រនានាផង ដើម្បីបានកសិករប្រើប្រាស់ទឹកស្រោចស្របដំណាំស្រូវដែលតំបន់ខ្លះកំពុងរាំងស្ងួត។

ជាមួយគ្នានេះ លោកប្រធានមន្ទីរជំនាញបានព្រមានថា តាមការពិនិត្យស្ថានភាពជាក់ស្ដែង នៃសន្ទុះជំនន់ទឹកភ្លៀងក្នុងស្ទឹងសង្កែនឹងចូលមកដល់ទីក្រុងបាត់ដំបងនៅម៉ោង១១យប់ថ្ងៃទី១៣ កក្កដា នេះ ហើយវានឹងហូរធ្លាក់ខ្លាំងទៅប៉ែកខាងក្រោម នៃដងស្ទឹង ដែលអាចបង្កហានិភ័យដល់អ្នកស្រុកឯកភ្នំ ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនេះខ្លាំងជាងគេ មុនពេលវាហូរឆ្ពោះទៅកាន់តំបន់ទន្លេសាប។

ភ្លៀងបានធ្លាក់ខ្លាំង ស្ទើរពេញមួយយប់មួយថ្ងៃ ចាប់តាំងពីយប់ថ្ងៃទី១១ ដល់ថ្ងៃទី១២ កក្កដា នៅតាមភូមិសាស្ត្រនានាក្នុងខេត្តបាត់ដំបង ជាពិសេស នៅតំបន់ស្រុកសំឡូត ដែលរងនូវសម្ពាធទាបនេះធ្ងន់ធ្ងរជាងគេ រហូតបង្កជាជំនន់ទឹកភ្លៀងជោរជន់លិចលង់តាមដងអូរនានា បង្កការខូចខាតស្ពាន លូ និងកំណាត់ផ្លូវមួយខ្លះៗផង ។

បើតាមប្រភពពីប្រជាពលរដ្ឋស្រុកសំឡូតបានប្រាប់ថា នៅព្រឹកថ្ងៃទី១៣ កក្កដា ពិតមែនតែជំនន់ទឹកភ្លៀងបានស្រកច្រើន ពីតាមដងអូរនានា ហូរឆ្ពោះទៅកាន់ដងស្តឹង ប៉ុន្តែ ស្ថានភាពអាកាសធាតុខ្មៅអ័ព្វ និងមានភ្លៀងធ្លាក់រលឹមស្រិចៗមិនដាច់នៅឡើយទេ ។ ស្ថិតក្នុងស្ថានភាពបែបនេះ ប្រធានមន្ទីរធនធានទឹក និងឧតុនយម លោក ខៃ សុដា បានបញ្ជាក់បន្ថែមថា សន្ទុះទឹកជំនន់ នឹងមកដល់ក្រុងបាត់ដំបង ក្នុងយប់នេះ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ ត្រូវមានការប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិ កូនចៅ ឬមនុស្សចាស់។ ជាពិសេស អ្នករស់នៅក្នុងស្រុកឯកភ្នំ។

ពេលនេះ សំណង់ស្ទាក់ទឹក «សាលាតាអន» នៅស្រុកឯកភ្នំ ក៏បានបើកទ្វារទម្លាយទឹកទាំងអស់ហើយដែរ។ ដូច្នេះ បងប្អូននៅស្រុកឯកភ្នំ ដែលមានទូក កាណូត ឬម៉ា់ស៊ីនបូមទឹកដែលទុកនៅតាមដងស្ទឹងសម្រាប់បូមទឹកស្រោចស្រពដំណាំ ត្រូវត្រៀមលក្ខណៈ ឬ ត្រូវលើកឡើងគោកជាបន្ទាន់ មុនពេលជំនន់ទឹកភ្លៀងយ៉ាងគំហុកនឹងមកដល់ក្នុងយប់នេះ (១៣.០៧.២៦)។ យ៉ាងណា លោកបានព្រមានថា ពិតមែនតែពេលនេះ ម៉ោងនេះ សន្ទុះទឹកបានថយចុះពីតាមដងអូរនានា ក្នុងស្រុកសំឡូត ហូរធ្លាក់ចូលទៅតាមដងស្ទឹង ប៉ុន្តែផ្ទៃមេឃកំពុងរលឹមស្រិចៗនៅឡើយ គ្របដណ្ដប់លើស្រុកសំឡូត ។

ហើយបើភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនៅប៉ែកខាងលើ នៃដងស្ទឹងសង្កែ (ស្រុកសំឡូត) បែបនេះ ជំនន់ទឹកភ្លៀងនៅតាមដងស្ទឹងសង្កែនៅតែបន្តហក់ឡើងខ្លាំងដដែល។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ សូមមេត្តាប្រុងប្រយ័ត្នចំពោះកូនចៅ ឬ ទ្រព្យសម្បត្តិនានា ចៀសវាងបាត់បង់ ឬគ្រោះថ្នាក់ដោយយថាហេតុ ដោយសារជំនន់ទឹកភ្លៀងនេះ ៕




ចែករំលែកព័តមាននេះ