ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខរាជរដ្ឋាភិបាលណែនាំឱ្យថែរក្សាទីតាំង និងបញ្ចៀសការសាងសង់ណាមួយដែលប៉ះពាល់ដល់ទេសភាពប្រវត្តិសាស្ត្រនៃបូជនីយដ្ឋានចងចាំនៃកម្ពុជា

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​ឱ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា បន្ត​យកចិត្តទុកដាក់​ថែរក្សា​ទីតាំង និង​បញ្ចៀស​ការ​សាងសង់​ណាមួយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទេសភាព​ប្រវត្តិសាស្ត្រ​នៃ​បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា ។

យោង​តាម​រយៈ​សារលិខិត​ក្នុង​ឱកាស​ខួប​១​ឆ្នាំ​នៃ​ការ​ចុះ «​បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា ៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និង​សន្តិភាព​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៦ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​យូ​ណេ​ស្កូ​ភ្នំពេញ មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក ស្ថាប័ន​ជំនាញ​អន្តរជាតិ​ICOMOS អង្គការ​KOICA អង្គការ​GIZ-CPS អ្នកជំនាញ​ជាតិ​-​អន្តរជាតិ និង​អ្នក​រស់រាន​មានជីវិត ពី​របប​ប្រល័យពូជសាសន៍ និង ICCROM បាន​គាំទ្រ​ចំពោះ​ដំណើរការ​ចុះបញ្ជី និង​ទទួលស្គាល់​នូវ​តម្លៃ​ជាស​កល​នៃ​បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា​នេះ​ដែល​ជា​សាក្សី​នៃ​សេចក្តី​ពិត​របស់​ប្រវត្តិសាស្ត្រ​មួយ ដើម្បី​ជា​គុណប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​របស់​មនុស្សជាតិ​ទាំងមូល ជា​ពិសេស​ការ​ចង​ចាំ និង​ការ​ការពារ​សន្តិភាព ។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា «​ខ្ញុំ​សូម​ណែនាំ​ឱ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា បន្ត​យកចិត្តទុកដាក់​ថែរក្សា​ទីតាំង និង​បញ្ចៀស​ការ​សាងសង់​ណាមួយ​ដែល​ប៉ះពាល់​ដល់​ទេសភាព​ប្រវត្តិសាស្ត្រ​នៃ​បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា ហើយ​ត្រូវ​ធានា​ការ​ការពារ​ទីតាំង​នេះ ឱ្យ​បាន​គង់វង្ស​ជា​យូរអង្វែង​តទៅ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​សម័យ​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ព្រមទាំង​ត្រូវ​បំពេញបេសកកម្ម​ការងារ​គ្រប់គ្រង និង​អភិរក្ស​ឱ្យ​បាន​ហ្មត់ចត់ ស្រប​តាម​គោលការណ៍ ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក​» ។

លើស​ពី​នេះ​សម្ដេច នាយក​រដ្ឋមន្ដ្រី ក៏​បាន​អំពាវនាវ​ដល់​គ្រប់​បណ្តាញសារព័ត៌មាន​ទាំងអស់​ចូលរួម​សហការ​ផ្សព្វផ្សាយ​ទីតាំង​ប្រវត្តិសាស្ត្រ​នេះ​ឱ្យ​បាន​ទូលំទូលាយ ក្នុង​ឱកាស​ប្រារព្ធ​ខួប​១​ឆ្នាំ​នៃ​ការ​ចុះ «​បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា ៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និង​សន្តិភាព​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នា​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៦ ដើម្បី​បំផុស​បន្ថែម​នូវ​ជំហរ​ប្រឆាំង​ដាច់ខាត​នៃ​វិនាសកម្ម​សង្គ្រាម​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និង​ដើម្បី​រំឭក​អំពី​ភាព​ចាំបាច់​នៃ​ការ​រួម​គ្នា ការពារ​សន្តិភាព​ឱ្យ​បាន​គង់វង្ស​ជា​មរតក​សម្រាប់​ជន​ជំនាន់​ក្រោយ​ក្រោម​ពាក្យស្លោក «​អរគុណ​សន្តិភាព​»៕