ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​ព្យុះ​បាវី​កំពុង​វា.យ​ប្រ.ហារ​ប្រទេស​ចិន​ភាគ​ខាង​កើត​ ហើយ​អាច​នឹង​បង្ក​ជា​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​ថ្ងៃជាប់​គ្នា

1 ថ្ងៃ មុន

ទី​ក្រុង​ប៉េកាំង៖ ​ខ្យល់​ព្យុះ​បាវី​ដែល​មាន​កម្លាំង​បោក​បក់​ខ្លាំង​បំផុត​នៅ​ប្រទេស​ចិន​សម្រាប់​ឆ្នាំ​នេះ​បាន​បង្ក​ជា​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​ខាង​កើត​ និង​មាន​ខ្យល់​កន្ត្រាក់​នៅ​ទីក្រុង​ដែល​មាន​មនុស្ស​រស់​នៅច្រើន​ៗ​។ នេះ​ជា​វិញ្ញា​សា​សាក​ល្បង​សមត្ថ​ភាព​របស់​ចិន​ក្នុង​ការ​ទប់​ទល់​នឹង​បញ្ហា​អាកាស​ធាតុ​ដ៏​គ្រោះ​ថ្នាក់​​។ ​គិត​ត្រឹម​ព្រឹក​នេះ ខ្យល់​ព្យុះ​បាវី​ថម​ថយ​កម្លាំង​បោក​បក់​បន្តិច​វិញ​ក្លាយ​ទៅ​ជា​ព្យុះ​ត្រូពិច​នៅ​ពេល​វា​បក់​ទៅ​ដល់​តំបន់​ដី​គោក​។ ប៉ុន្តែ​ក្រុម​អ្នក​ឧតុ​និយម​ព្រមាន​ថា​ខ្យល់​ព្យុះ​ដែល​មាន​វិជ្ឈ​មាត្រ​ប៉ុន​ប្រទេស​បារាំង​នោះ​អាច​នឹង​បង្ក​ជា​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទូទាំង​តំបន់​ខាង​កើត​ និង​ខាង​ជើង​នៃ​ប្រទេស​ចិន​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​​។ ហេតុ​នេះ អាជ្ញាធ​រ​បាន​ជម្លៀស​មនុស្ស​ជាង​២,៨​លាន​នាក់​ចេញ​ពី​មុខ​ខ្យល់​ព្យុះ​។ រហូត​មក​ដល់​ពេល​នេះ មិ​នទាន់​មាន​សេចក្ដី​រាយ​ការណ៍​ថា​មាន​ករណី​ស្លាប់​ ឬ​របួស​នៅ​ឡើយ​ទេ​។​

នៅ​ក្នុង​ចំណោមអ្នក​ជម្លៀស​ទាំង​​នោះ ប្រជា​ជន​ជាង​២,២​លាន​នាក់​​រស់​​នៅ​ខេត្ត​សឺជាំង​។ ខ្យល់​ព្យុះ​បាវី​បក់​ទៅ​ដល់​ទី​ក្រុង​យូហួន នៃ​ខេត្ត​សឺជាំង​នៅ​វេលា​ម៉ោង​១១:២០​យប់​ថ្ងៃ​សៅរ៍​។ បន្ទាប់​មក ខ្យល់​ព្យុះ​ក៏​បក់​ទៅ​ដល់​តំបន់​ដី​គោក​នៃ​ទី​ក្រុង​វេន​ចូវ​នៅ​ពាក់​កណ្ដាល​អធ្រាត្រ​។ ជន​ជាតិ​​ចិន​ម្នាក់​ប្រាប់​ថា​ខ្យល់​នេះ​មាន​​កម្លាំង​បោក​បក់​ខ្លាំង​ណាស់​។ យើង​អាច​ស្ដាប់​ឮ​សំឡេង​ក្បឿង​រណ្ដំ​គ្នា​ និង​ឃើញ​ដើម​ឈើ​បាក់​មែក​ធ្លាក់​មក​ក្រោម​ទាំង​ផ្ទាំង​ៗ។ ជា​ការ​ពិត យើង​មាន​អារម្មណ៍​ភ័យ​ខ្លាច​។ ប៉ុន្តែ​​ដោយ​សារ​យើង​ជា​អ្នក​រស់​នៅ​តំបន់​មាត់​សមុទ្រ ​ដូច្នេះ​យើង​ស៊ំានឹង​ទិដ្ឋ​ភាព​ទាំង​អស់​នេះ។​ នៅ​ទី​ក្រុង​រណប​យូជីង ដើម​ឈើ​ជាង​១៣០០​ដើម​បាន​បាក់​រលំ​។ ក្នុ​ងនោះ​​ ជាង​៧០០​ដើម​ត្រូវ​គាស់​រលើង​ទាំង​ឫស​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​រដ្ឋ​ ស៊ី​ស៊ី​ធីវី​។

បុគ្គលិក​ជួយ​សង្គ្រោះ​នៅ​ថ្ងៃ​នេះ​បាន​បញ្ជូន​គ្រឿង​ចក្រ​ប្រភេទ​អេស្កា​វ៉ាទ័រ និង​រណា​យន្ត​ដើម្បី​កាត់​ផ្ដាច់​ដើម​ឈើ​ដែល​បាក់​នៅ​លើ​ដង​វិថី​នានា​។ នៅ​តំបន់​ភ្នំ​នៃ​ទី​ក្រុង​រណប​ដដែល​នេះ​ គេ​ឃើញ​មាន​ការ​បាក់​ដី​មួយ​ផ្ទាំង​ធំ​គ្រប​សង្កត់​ពី​លើ​ផ្លូវ​ និង​ឃើញ​ទឹក​ទន្លេ​ហក់​ឡើង​ខ្លាំង​រហូត​ដល់​លិច​ចុង​ឈើ​។ នៅ​កាន់​មឹន​ (Kanmen) ដែល​ជា​ទី​ក្រុង​មាត់​សមុទ្រ​ និង​ជា​តំបន់​នេសាទ​ ម្ចាស់​ហាង​ម្នាក់​វ័យ​៧២​ឆ្នាំ​ឈ្មោះ​លីន​យ៉ុង​ជីន​កំពុង​បូក​សរុប​តួ​លេខ​នៃ​ការ​ខាត​បង់​ដោយ​សារ​ខ្យល់​ព្យុះ​បាវី​។ ហាង​របស់​គាត់​ដែល​ស្ថិត​នៅ​ជាប់​នឹង​មាត់​សមុទ្រ​បាន​ទទួល​រង​ការ​វាយ​ប្រហារ​ពី​ខ្យល់​ព្យុះ​នេះ​យ៉ាង​ពេញ​ទំហឹង​។ នៅ​ពេល​ខ្យល់​ព្យុះ​​បក់​ទៅ​ដល់​តំបន់​មាត់​សមុទ្រ​ គាត់​មិន​អាច​ធ្វើ​អ្វី​​​ដើម្បី​ទប់​ទល់​នឹង​ព្យុះ​នេះ​បាន​ទេ​។ ទឹក​ភ្លៀង​ធ្លាក់​ឥត​ឈប់​ចូល​ទៅ​ក្នុង​ផ្ទះ​។ ពួក​គាត់​គ្មាន​បាន​ដេក​ពួន​​រហូត​ដល់​ម៉ោង​៥​ទៀប​ភ្លឺ​។

ខ្យល់​ព្យុះ​បាវី​បាន​បក់​កាត់​កោះ​តៃវ៉ាន់​ភាគ​ខាង​ជើង​កាល​ពី​ម្សិល​មិញ​ដោយ​ពាំ​នាំ​ទៅ​ជា​មួយ​នូវ​ខ្យល់​កន្ត្រាក់​ខ្លាំង​ៗ​ និង​ការ​ធ្លាក់​ភ្លៀង​នៅ​តំបន់​ភាគ​ច្រើន​នៃ​កោះ​នេះ​។ តំបន់​ភាគ​ខាង​ជើង​ទទួល​បាន​របប​ទឹក​ភ្លៀង​៨០០​មិល្លីម៉ែត្រ​។ នាយក​​ដ្ឋាន​អគ្គិ​ភ័យ​តៃវ៉ាន់​ថ្លែង​ថា​នៅ​ថ្ងៃ​នេះ​ មនុស្ស​១៣៤​នាក់​រង​របួស​ដោយ​សារ​ការ​ដួល​ម៉ូតូ, ការ​រអិល​ជើង​ដួល​ និង​ការ​រង​របួស​ដោយ​សារ​វត្ថុ​នានា​ធ្លាក់​ចំ​ពួក​គេ​​។ ប៉ុន្តែ​គ្មាន​មនុស្ស​ស្លាប់​ទេ​។ ក្រសួង​ដឹក​ជញ្ជូន​តៃវ៉ាន់​ប្រកាស​ថា​ជើង​ហោះ​ហើរ​អន្តរ​ជាតិ​​១៣៧​ខ្សែ​ត្រូវ​បាន​លុប​ចោល​ ខណៈ​ដែល​ជើង​ហោះ​ហើរ​ក្នុង​ស្រុក​៦២​ខ្សែ​ក៏ត្រូវ​បាន​លុប​ចោល​ផង​ដែរ​។ នៅ​ខេត្ត​សឺជាំង​ ប្រទេស​ចិន​ ស្ថានីយ​រថ​ភ្លើង​២​កន្លែង​បាន​​​​ផ្អាក​សេវា​ដឹក​ជញ្ជូន​ទាំង​ស្រុង​​​។ ចំណែក​ជើង​ហោះ​ហើរ​៣២៧​ខ្សែ​ក៏ត្រូវ​បាន​លុប​ចោល​ផង​ដែរ​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ស៊ាវ​សាន​។ នៅ​ទី​ក្រុង​សៀង​ហៃ គម្រោង​ធ្វើ​ដំណើរ​តាម​រថ​ភ្លើង​សរុប​១៦២០​ខ្សែ​ត្រូវ​លុប​ចោល, ​​​ជើង​ហោះ​ហើរ​៦៨៤ខ្សែ​ត្រូ​វ​លុប​ចោល​៕ ប្រភព៖ Reuters​