ទីក្រុងមូស្គូ ៖ សេចក្តីសម្រេចកាលពីពេលថ្មីៗនេះរបស់ប្រទេសរុស្ស៊ី ដើម្បីហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតទាំងស្រុង បានធ្វើឱ្យកក្រើកទីផ្សារថាមពលសកល ដោយបង្កើនការខ្វះខាតប្រេងឥន្ធនៈសម្រាប់វិស័យឧស្សាហកម្ម និងធ្វើឱ្យតម្លៃហក់ឡើងខ្លាំង សូម្បីតែនៅក្នុងបណ្តាប្រទេសដែលលែងទិញប្រេងឥន្ធនៈពីទីក្រុងម៉ូស្គូក៏ដោយ។ នេះបើតាមប្រភពពី Reuters ចេញផ្សាយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។
ប្រេងម៉ាស៊ូតរួមចំណែកធំបំផុត នៃការប្រើប្រាស់ប្រេងសរុបនៅលើពិភពលោក ហើយការកើនឡើងតម្លៃយ៉ាងគំហុកនេះ អាចជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក ដោយសារតែវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ចាប់តាំងពីគ្រឿងចក្រឧស្សាហកម្ម និងឧបករណ៍កសិកម្ម រហូតដល់ការដឹកជញ្ជូនធុនធ្ងន់ និងការផលិតថាមពលអគ្គិសនី។
ការផ្គត់ផ្គង់បានបន្តស្ថិតនៅក្នុងភាពតឹងតែងជាច្រើនឆ្នាំមកហើយ ដោយសារតែតម្រូវការកើនឡើងខ្លាំង ក្រោយការរាតត្បាតជំងឺកូវីដ១៩ និងការកាត់បន្ថយផលិតកម្មដែលកើតមានឡើងទន្ទឹមគ្នា នឹងការបិទទ្វាររោងចក្រចម្រាញ់នៅបណ្តាប្រទេសលោកខាងលិច ហើយនៅចុងក្រោយសង្គ្រាមនៅអ៊ីរ៉ង់បានបន្ថែមសម្ពាធកាន់តែខ្លាំងដល់ទីផ្សារនេះ។
រុស្ស៊ី គឺជាប្រទេសនាំចេញប្រេងម៉ាស៊ូតធំជាងគេលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ហើយភាពរអាក់រអួលនៅបណ្តារោងចក្រចម្រាញ់ប្រេងក្នុងប្រទេសផ្ទៃដីធំជាងគេបំផុតមួយនេះ អាចប៉ះពាល់យ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈសកល។
ការនាំចេញរបស់រុស្ស៊ីត្រូវបានមើលឃើញថាមានការថយចុះរួចទៅហើយ មុនពេលមានការហាមឃាត់នេះ ដោយសារការខ្វះខាតក្នុងស្រុកបណ្តាលមកពីការវាយប្រហារដោយដ្រូនពីប្រទេសអ៊ុយក្រែន។
បើតាមទិន្នន័យពីក្រុមហ៊ុន Kpler ដែលផ្តល់ទិន្នន័យ និងការវិភាគទីផ្សារថាមពលសកលបង្ហាញថា ការដឹកជញ្ជូនប្រេងម៉ាស៊ូតចេញពីប្រទេសរុស្ស៊ីមានចំនួនត្រឹមតែ ២៣៤ ០០០ បារ៉ែលក្នុង១ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកក្កដា ដែលចំនួននេះបានធ្លាក់ចុះពី ៤០ ម៉ឺនបារ៉ែលក្នុង១ថ្ងៃ កាលពីខែមិថុនា និងធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិតមធ្យមកាលពីឆ្នាំ ២០២៥ ប្រមាណ ៨១៧ ០០០ បារ៉ែលក្នុង១ថ្ងៃ។
សម្ពាធបន្ថែមលើការផ្គត់ផ្គង់ប្រេងម៉ាស៊ូតបានកើតឡើង បន្ទាប់ពីការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីបានប្រកាសពីការហាមឃាត់ការនាំចេញ កាលពីថ្ងៃទី៨ ខែកក្កដា។ ការវាយប្រហារថ្មីនេះ បានដាស់ក្តីកង្វល់ឡើងវិញ ជុំវិញការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz) និងផលប៉ះពាល់ដែលវាបានបង្កឡើងដល់ការនាំចេញរបស់តំបន់មជ្ឈិមបូព៌ា៕


ចែករំលែកព័តមាននេះ