ខេត្តកណ្ដាល ៖ ក្មេងប្រុសជំទង់ម្នាក់ ទើបតែអាយុ១៦ឆ្នាំសោះ បានក្លាយជាចោរ និងបានប្រើប្រាស់គ្រឿងញៀន រយៈពេល៤ឆ្នាំមកហើយ តាំងពីអាយុ១២ឆ្នាំមកម្ល៉េះ ហើយបានធ្វើសកម្មភាពរំលោភលើទំនុកចិត្ត (ឆបោកយកម៉ូតូ១គ្រឿង) ពីយុវជនវ័យ២២ឆ្នាំម្នាក់ទៀត។ ដោយក្រោយយកបានសម្រេចបានជិះម៉ូតូ ១គ្រឿងនោះ ទៅដោះយកកុងទ័រ និងបំពង់ស៊ីម៉ាំងដាក់បញ្ចាំយកប្រាក់បានចំនួន ១០ម៉ឺនរៀល ហើយស៊ីចាយហ្មត់ដូចអាមច៌ទីទុយ។ លុះរយៈពេល៤ថ្ងៃក្រោយ ក៏ត្រូវយុជនដែលជាម្ចាស់ម៉ូតូសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលពើក និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន ព្រមទាំងកម្លាំងផ្នែកព្រហ្មទណ្ឌនគរបាលស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនបាន នាំទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង ។
ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង០៧និង១០នាទីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតនៅក្នុងភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ក្មេងប្រុសជំទង់ ដែលជាជនសង្ស័យរូបនោះឈ្មោះ ម៉ៅ តារា អាយុ១៦ឆ្នាំ មានសារធាតុញៀនក្នុងទឹកនោម ស្នាក់នៅបន្ទប់ជួលខាងលើ។ ដោយឡែកយុវជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូឈ្មោះខន សៅភស្ស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងភូមិកើតហេតុនោះដែរ ។
នគរបាលបានប្រាប់ថា នៅមុនពេលកើតហេតុយុវជនឈ្មោះ ខន សៅភស្ស បានជិះម៉ូតូម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៍ខ្មៅមួយគ្រឿង ទៅកាន់បន្ទប់ជួលមិត្តភក្ដិ នៅចំណុចកើតហេតុ ដើម្បីសាកសួរ និងរកការងារសំណង់ធ្វើ ដោយពេលទៅដល់បានទុកម៉ូតូនៅមុខបន្ទប់ជួលជនសង្ស័យ ។ បន្ទាប់មក ជនសង្ស័យបានយកម៉ូតូជនរងគ្រោះ ជិះយកកំប៉ុងហ្គាសទៅបញ្ចូល ហើយក៏ទៅបាត់រហូតមិនឃើញត្រលប់មកមកវិញឡើយ ពេលនោះទើបជនរងគ្រោះដឹងថាខ្លួនចាញ់បោកជនសង្ស័យ ហើយក៏បានទៅផ្ទះ រួចខ្ចីម៉ូតូអ្នកជិតខាងជិះស្វែងរកជនសង្ស័យនិងម៉ូតូរបស់ខ្លួន ។
នគរបាលបានប្រាប់ទៀតថា ក្រោយពេលរកអត់ឃើញជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចានឲ្យជួយអន្តរាគមន៍ ហើយក្រោយពីទទួលបានពាក្យបណ្តឹងរួចហើយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន និងកម្លាំងនគរបាលប៉ុស្តិ៍ពើក សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌនគរបាលស្រុកអង្គស្នួល បានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៩និង៣០នាទីយប់ ជនរងគ្រោះបានឃើញជនសង្ស័យ និងម៉ូតូនៅចំណុចម៉ាតស្ថានីយ៍ប្រេងឥន្ធនៈតេលាអង្គស្នួល ក៏បានតេទូរសព្ទប្រាប់កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលពើក ឲ្យចុះទៅកន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យរួចនាំយកមកសួរនាំ និងចាត់ការតាមច្បាប់តែម្ដង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួន ពិតជាបានយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ហើយបានដោះយកកុងទ័រ និងស៊ីម៉ាំងទៅបញ្ចាំ បានប្រាក់ចំនួនដប់ម៉ឺនរៀល (១០០,០០០៛) ហើយខ្លួនបានប្រើប្រាស់សារធាតុញៀនប្រហែល០៤ឆ្នាំមកហើយ ៕




ចែករំលែកព័តមាននេះ