ខេត្តកណ្ដាល ៖ កម្លាំងរដ្ឋបាលស្រុកអង្គស្នួល សហការណ៍ជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលលំហាច ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានធ្វើការបង្ក្រាបទីតាំងឆ្នោតវៀតណាមមួយកន្លែង ដោយបានធ្វើការឃាត់ខ្លួនបុគ្គលិកជនជាតិខ្មែរម្នាក់ ។
ការបង្ក្រាបនោះបានធ្វើឡើងកាលពីវេលាម៉ោង១៤និង៥០នាទីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅក្នុងភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
ជនសង្ស័យឈ្មោះ សម្បត្តិ រតនៈ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនកត់ឆ្នោត មានទីលំនៅភូមិកើតហេតុខាងលើ(គ្មានសារធាតុញៀនក្នុងទឹកនោម(-) ។ នៅខណៈនោះសមត្ថកិច្ចខាងលើរឹបអូដបានប្រាក់ចំនួន១០០.៥០០៛(មួយសែនប្រាំរយរៀល) ក្រដាសដែលមានកត់លេខឆ្នោតគាបភ្ជាប់ជាមួយក្រដាសកាបូនចំនួន៣ដុំ, ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាកIPhone X ពណ៍ស០១គ្រឿង និង ម៉ាកIPhone 11 Pro mix ០១គ្រឿង ។
នគរបាលបានប្រាប់ថា នៅមុនពេលឈានដល់ការចុះទៅបង្ក្រាបទីតាំងឆ្នោតនោះ នគរបាលទទួលព័ត៌មានពីប្រជាជនល្អថា នៅចំណុចកើតហេតុខាងលើមានការលេងល្បែងស៊ីសងខុសច្បាប់កត់ឆ្នោតវៀតណាម ។ ក្រោយទទួលព័ត៌មាន ដោយមានការដឹកនាំពីលោក សាន វ៉ានធុល អភិបាលរង តំណាងលោកអភិបាលស្រុកអង្គស្នួល ។ សហការណ៍ជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលលំហាច ព្រមទាំងអាជ្ញាធរពាក់ព័ន្ធចុះទៅបង្ក្រាបតែម្ដង ។
ប្រភពដដែលបានប្រាប់បន្តថា ពេលចុះទៅដល់ទីតាំងនោះកម្លាំងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង រួចនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាលចាត់ការតាមនីតិវិធីច្បាប់ ។ ខណៈនោះជនសង្ស័យបានឆ្លើយសារភាពប្រាប់នគរបាលថា ខ្លួនបានធ្វើជាបុគ្គលិកកត់ឆ្នោតរយៈពេល០២ខែមកហើយនិងបានកត់ឆ្នោតវៀតណាមដោយខុសច្បាប់ពិតមែន ៕




ចែករំលែកព័តមាននេះ