រាជធានីភ្នំពេញ ៖ ករណីអគ្គិភ័យឆេះនៅក្នុងរោងចក្រផលិតចានស្នោនៅខណ្ឌដង្កោ មុននេះ ដឹងការពិតហើយ វាមិនមែនឆេះអគាររោងចក្រថ្មីបន្ថែមទៀតនោះទេ គឺឆេះកម្ទេចកម្ទី ដែលសល់ពីការឆេះអគាររោងចក្រកាលពីលើកមុន។ ដោយពុំដឹងថាមានគេដុត ឬក៏ឆេះព្រោះតែមូលហេតុអ្វីមួយផ្សេងទៀតនោះទេ ហើយក្រោយពេលរថយន្តពន្លត់អគ្គិភ័យទៅដល់បាញ់ទឹកអស់ប្រមាណកន្លះរថយន្តប៉ុណ្ណោះ ក៏រលត់ទៅវិញទាំងស្រុង ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង០១និង៥០នាទីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងរោងចក្រផលិតចានស្នោ ដែលមានទីតាំងស្ថិតនៅភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ថា ខណៈពេលទទួលបានដំណឹងថា រោងចក្រផលិតចានស្នោខាងលើត្រូវអគ្គិឆាបឆេះជាលើកទី២នោះ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានធ្វើឲ្យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននៅមិនសុខនោះទេ។ ជាពិសេសក្រុមសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ តែម្ដង បានចេញរថយន្តពន្លត់អគ្គិភ័យទៅកាន់ទីនោះ ដើម្បីអន្តរាគមន៍ពន្លត់ភ្លើងភ្លាមៗ ប៉ុន្តែពេលទៅដល់ត្រូវបានក្រុមសន្តិសុខនៅទីនោះរារាំងបិទទ្វារមិនឱ្យចូលទៅពន្លត់ភ្លើងឡើយ ។
សមត្ថកិច្ច បានប្រាប់ឲ្យដឹងបន្តថា ក្រុមសន្តិសុខបានអះអាងថា ពួកគេធ្វើតែតាមបទបញ្ជាថៅកែ និងអ្នកគ្រប់គ្រងរោងចក្រតែប៉ុណ្ណោះ ប៉ុន្តែដោយសារតែឃើញភ្លើងឆេះខ្លាំង មានផ្សែងខ្មៅឃ្មួលខ្មាញ់កប់អាកាស កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចទទូចឱ្យបើកទ្វារដើម្បីចូលទៅពន្លត់។ លុះមួយសន្ទុះក្រោយមក ទើបសន្តិសុខយល់ព្រមឱ្យចូលទៅ ខណៈនោះបានឃើញភ្លើងឆេះកម្ទេចកម្ទីនៅទីតាំងអគាររោងចក្រ ដែលត្រូវភ្លើងឆេះកាលពីលើកមុន ពុំមែនឆេះអគារថ្មីទៀតឡើយ ។ ប៉ុន្តែទោះជាឆេះកម្ទេចកម្ទីក៏ដោយចុះ ក៏សមត្ថកិច្ចជំនាញនៅតែបាញ់ទឹកពន្លត់ដែរមិនឱ្យឆេះរាលទៅកន្លែងផ្សេងទៀតបានឡើយ ហើយក្រោយពេលបាញ់ទឹកអស់ប្រមាណកន្លះរថយន្តភ្លើងក៏រលត់ទៅវិញទាំងស្រុង ។
សូមរម្លឹកថា កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នោះកន្លងទៅ រោងចក្រមួយនេះត្រូវបានភ្លើងឆាបឆេះម្ដងរួចមកហើយ បណ្ដាលឱ្យអគាររោងចក្រសង់ពីដែកប្រក់ស័ង្កសីទំហំ៥,០០០ម៉ែត្រការ៉េរងការខូចខាតស្ទើរតែទាំងស្រុង ។ ក្រៅពីនេះសម្ភារៈនៅក្នុងអគារខាងលើមានដូចជា ម៉ាស៊ីនទាញស្នោ០១គ្រឿង, ចានស្នោផលិតរួចចំនួន៤០,០០០បេ ដែលក្នុង១បេៗមានចំនួន៧០០ចានសរុប២៨,០០០,០០០ចាន(ម្ភៃប្រាំបីលា នចាន) និងស្នោដែលជាវត្ថុធាតុដើមមិនទាន់ផលិតចេញជាចានចំនួន៤០០ដុំរ៉ូឡូធំៗ ។
ដោយឡែកម្ចាស់ទីតាំងរោងចក្រខាងលើនោះមានឈ្មោះ WEN CONGMU ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន គាត់មិនបានរងរបួសទេ ហើយពុំបានដឹងថា ទំហំនៃការខូចខាតនោះគិតជាប្រាក់ប៉ុន្មានឡើយ ។ ពេលនោះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យដែលមកពីការិយាល័យ បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងអង្គភាពនិងក្រុមហ៊ុននានា សរុបចំនួន២៥គ្រឿងក្នុងការពន្លត់ភ្លើង ។ ខណៈនោះបានប្រើប្រាស់ទឹកអស់រាប់សិបម៉ែត្រគូប ទើបភ្លើងរលត់ទៅវិញ ហើយរហូតមកដល់បច្ចុប្បន្នរយៈពេលជាង១ខែមកហើយ អគាររោងចក្រមួយនោះនៅមិនទាន់សាងសង់ឡើងវិញនៅឡើយទេ ៕








ចែករំលែកព័តមាននេះ