ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្មាតផេះ​ជា​ប្រភេទ​សត្វ​ស្លាប​កម្រ ​បាន​វិល​ត្រឡប់​មក​រស់នៅ​ក្នុង​តំបន់​ការពារធម្មជាតិ​ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់​វិញ​បន្ទាប់ពី​អវត្តមាន​អស់​រយៈពេល​ជិត​មួយ​ទសវត្សរ៍

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ប្រភេទ​ត្មាតផេះ​នេះ​ ត្រូវ​បាន​ពិភពលោក​ចាត់​ទុក​ថា ជា​ប្រភេទ​បក្សី​កម្រ​ជិត​ផុត​ពូជ​បំផុត ត្រូវ​បាន​កត់ត្រា​ថា មាន​វត្តមាន​ឡើង​វិញ ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី ភាគ​ឦសាន​ នៃ​ប្រទេស​កម្ពុជា កាលពី​អំឡុង​ពេល ធ្វើ​ជំរឿន​សត្វ​ត្មាត​ទូរ​ទាំង​ប្រទេស​ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ខែមិថុនា ឆ្នាំ​២០២៦ កន្លង​មកនេះ​ ​នេះ​បើ​តាម​ក្រសួងបរិស្ថាន​ ។

ក្នុងអំឡុងពេល​ធ្វើ​ជំរឿន អ្នកជំនាញ​បាន​កត់ត្រា ត្មាតផេះ ចំនួន ០២​ក្បាល នេះ​បង្ហាញ​ថា វត្តមាន​របស់​វា នៅ​តំបន់​នេះ​កំពុង​មាន​សញ្ញា​កើនឡើង​វិញ ហើយ​ការ​អភិរក្ស​បាន​ស្តារ​ប្រភេទ​នេះ​ឱ្យ​មានការ​រស់នៅ​ក្នុង​តំបន់​តំបន់ការពារធម្មជាតិ​។ នេះ​ជា​លើក​ដំបូង​ដែល​ប្រភេទ​បក្សីនេះ​ បាន​បង្ហាញខ្លួន​ឡើង​វិញ​ក្នុង​ដែន​ជម្រកសត្វព្រៃ​លំ​ផាត់ ក្រោយ​ពី​ការ​បាត់​ខ្លួន​តាំងពី​ឆ្នាំ​២០១៦​ ។

លោក ប៊ូ វរ​សក្ស នាយក​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ការ​ធ្វើ​ជំរឿន​ក៏​បាន​កត់ត្រា​វត្តមាន​សត្វ​ត្មាតភ្លើង​ចំនួន ៥​ក្បាល​ផង​ដែរ ក្នុង​នោះ​មានកូន​ត្មាត​ចំនួន ២​ក្បាល ដែល​បញ្ជាក់​ពី​ភាព​ជោគជ័យ​ នៃ​ការ​បន្ត​ពូជ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​នេះ​។ ដូចនេះ ការ​វិល​ត្រឡប់​របស់​សត្វ​ត្មាតផេះ គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ សម្រាប់​ការ​អភិរក្ស​សត្វ​ត្មាត​នៅ​ក្នុង​ដែន​ជម្រក សត្វព្រៃ​លំ​ផាត់ និង​ជា​និមិត្តសញ្ញា​ នៃ​ក្តី​សង្ឃឹម សម្រាប់​ការ​ស្តារ​ប្រភេទ​សត្វ​នេះ​ឡើង​វិញ ​។

ឯកឧត្តម ខ្វៃ អាទិ​ត្យា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួងបរិស្ថាន “​សត្វ​ត្មាត​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​បេតិកភណ្ឌ​ធម្មជាតិ ដែល​មាន​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​សម្អាត​បរិស្ថាន និង​ការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តាម​តំបន់​ការ ពារ​ធម្មជាតិ​។

ការ​វិល​ត្រឡប់​របស់​វា​បន្ទាប់​ពី ១០​ឆ្នាំ មិន​ត្រឹមតែ​ជា​សញ្ញា​វិជ្ជមាន សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​ន័យ​សំខាន់ សម្រាប់​ការពារ​ប្រភេទ​សត្វ​ដែល​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ​។ ជាមួយ​គ្នា​នេះ វត្តមាន​ត្មាតផេះ ជា​ថ្មី​នៅ​ក្នុង​តំបន់​ការពារ​ធ ម្ម​ជាតិ ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ បង្ហាញ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​របស់​ក្រសួងបរិស្ថាន សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​។

ក្រសួងបរិស្ថាន​ក៏​ដូច​ជា​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា បន្ត​លើកទឹកចិត្ត ការ​ចូលរួម​បន្ថែម​ទៀត ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ជា​ពិសេស​អភិរក្ស​ប្រភេទ​ជីវៈចម្រុះ​កម្រ​លើ​ពិភពលោក ដើម្បី​ធានា​បាន​នូវ​ការ​រស់រាន​មានជីវិត​យូរអង្វែង​របស់​ពួក​វា​”​។ សូម​បញ្ជាក់​ថា លទ្ធផល​ជំរឿន​ត្មាត​នៅ​តាម​ទីតាំង​អាហារ​ដ្ឋា​ន​ត្មាត​ទូ​ទាំង​ប្រទេស កត់ត្រា​បាន​ត្មាត​(​ត្មាត​ត្នោត ត្មាតភ្លើង និង​ត្មាតផេះ​) សរុប​ចំនួន​១៦៣​ក្បាល នៅ​ឆ្នាំ​២០២៥ ៕​