ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ជម្លៀស​មនុស្ស​ជាង​មួយ​លាន​នាក់​ទៅ​រក​ទី​កន្លែង​សុវត្ថិ​ភាព​ដើម្បី​ទប់​ទល់​នឹង​ហានិភ័យ​បង្ក​ឡើង​ដោយ​ព្យុះ​បាវី

18 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ អាជ្ញា​ធរ​ចិន​ជម្លៀស​មនុស្ស​ជាង​១,៨​លាន​នាក់​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់​នៅ​ពេល​ខ្យល់​ព្យុះ​បាវី​​ចាប់​ផ្ដើម​​បោក​​បក់​ទៅ​រក​ទី​ក្រុង​វេន​ចូវ (Wenzhou) បន្ទាប់​ពី​បក់​ទៅ​លើ​ប្រជុំ​កោះ​សាគី​ស៊ី​ម៉ា (Sakishima) របស់​ជប៉ុន​ បង្ក​​ជា​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង និងបន្ទាប់​ពី​​បក់​ទៅ​លើ​កោះ​តៃវ៉ាន់​ភាគ​ខាង​ជើង​។ ទោះ​បី​ខ្យល់​ព្យុះ​បង្អន់​ល្បឿន​បន្តិចមែន​ ប៉ុន្តែ​វា​នៅ​តែ​ជាគ្រោះ​ថ្នាក់​ព្រោះ​​វា​មាន​ទំហំ​ធំ​ និង​​ពោរ​ពេញ​ដោយ​សំណើម​។ បើ​គិត​ពី​ជ្រុង​ម្ខាង​នៃ​ព្យុះ​ទៅ​ជ្រុង​ម្ខាង​ទៀត​គឺ​ប៉ុន​ប្រទេស​បារាំង​ទាំង​មូល​។

បាវី​មាន​ល្បឿន​ខ្យល់​បក់​ជា​មធ្យម​១៤៤​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​ស្ថិត​នៅ​ចម្ងាយ​២០០​គីឡូ​ម៉ែត្រ​ភាគ​អាគ្នេយ៍​ទី​ក្រុង​វេន​លីង (Wenling) ខេត្ត​សឺជាំង​។ ផ្នែក​ឧតុ​និយម​ព្យាករ​ថា​បាវី​នឹង​បក់​ទៅ​ដល់​តំបន់​ដីគោក​នៃទី​ក្រុង​វេន​ចូវ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​។ ទី​នេះ​​​មានប្រជា​ជន​រស់​នៅ​ដប់​លាន​នាក់​។ ​សារព័ត៌​មាន​របស់​រដ្ឋ​ចិន​ផ្សាយ​ថា​ប្រជា​ជន​ជាង​១,៧​លាន​នាក់​នៅ​ខេត្ត​សឺជាំង​​ត្រូវ​បាន​ជម្លៀស​ទៅ​រក​ទី​កន្លែង​សុវត្ថិ​ភាព​។ ចំណែក​នៅ​ខេត្ត​ហ្វ៊ូជៀន មនុស្ស​ជាង​១​សែន​នាក់​ក៏​បាន​ជម្លៀស​ខ្លួន​ផង​ដែរ​។

អ្នក​រស់​នៅ​ទី​ក្រុង​វេន​ចូវ​ម្នាក់​ឈ្មោះ​ហួង​ស៊ីង​ហួន​ វ័យ៥០​ឆ្នាំ​ ប្រាប់​ថា​គាត់​មាន​ចិត្ត​ព្រួយ​បារម្ភ​តិច​ៗ​ដែរ​ ប៉ុន្តែ​សង្ឃឹម​ថា​អ្វី​ៗ​នឹង​មិន​មាន​បញ្ហា​ទៅ​ចុះ​។​ យើង​ធ្លាប់​ឆ្លង​កាត់​ខ្យល់​ព្យុះ​ជា​ច្រើន​ដង​រួច​មក​ហើយ​។ យើង​នឹង​រួច​ផុត​ពី​ខ្យល់​ព្យុះ​លើក​នេះ​។ ឥឡូវ​នេះ គាត់​កំពុង​ដើរ​ទិញ​គ្រឿង​ឧប​ភោគ​បរិភោគ​ដើម្បី​បម្រុង​ទុក​នៅ​អំឡុង​ពេល​មាន​ខ្យល់​ព្យុះ​។ លោក​ហួង​ប្រាប់​ថា​គ្រួសារ​របស់​គាត់​បាន​ស្តុក​ទុក​នូវ​ទឹក​ស្អាត​សម្រាប់​ប្រើ​ប្រាស់​ពី​​ពីរ​ទៅ​បី​ថ្ងៃ​។ ដូច្នេះ ការ​បម្រុង​ទុក​ប៉ុណ្ណឹង​គឺ​អាចធានា​ថា​មិន​មាន​ការ​ខ្វះ​ខាតទេ​​។

រហូត​មក​ដល់​ពេល​នេះ ទាំង​ប្រទេស​ជប៉ុន និង​កោះ​តៃវ៉ាន់​មិន​ទាន់​មាន​អ្នក​ស្លាប់​ដោយ​សារ​ខ្យល់​ព្យុះ​នេះ​ទេ​។ ប៉ុន្តែ​នៅ​ហ្វ៊ីលីពីន​មនុស្ស​ស្លាប់​យ៉ាង​តិច​១៧​នាក់​ និង​បាត់​ខ្លួន​ជា​ច្រើន​នាក់​ទៀត​​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​​ជា​ច្រើន​មេ​ជាប់​ៗ​គ្នា​ធ្វើ​ឱ្យ​បាក់​ដី​នៅ​ភាគ​និរតី​។ នាយក​ដ្ឋាន​អគ្គិ​ភ័យ​នៅ​កោះ​តៃវ៉ាន់​ថ្លែង​ថា​មនុស្ស​៨៧​នាក់​រង​របួស​។ ភាគ​ច្រើន​រង​របួស​ដោយ​សារ​ការ​ដួល​ម៉ូតូ ឬ​កង់​។ ក្រៅ​ពី​នេះ​ អ្នក​ខ្លះ​រង​របួស​ដោយ​សារ​​ដួល ឬ​មាន​របស់​របរ​ផ្សេង​ៗ​​ធ្លាក់​ពី​លើ​។ នៅ​តៃវ៉ាន់​ដដែល​ អាជ្ញា​ធរ​​ជម្លៀស​មនុស្ស​ជាង​១៤០០០​នាក់​ចេញ​ពី​តំបន់​ភ្នំ​។

តាម​ពិត ខ្យល់​ព្យុះ​បាវី​មិន​បាន​បក់​ទៅ​លើ​​​ដី​នៃ​កោះ​តៃវ៉ាន់​ទេ​។ ប៉ុន្តែ​រដ្ឋាភិបាល​ចង់​ចាត់​វិធាន​ការ​បង្ការ​ឱ្យ​បាន​ហ្មត់​ចត់​ដើម្បី​មិន​ឱ្យ​បាត់​បង់​អាយុ​ជីវិត​របស់​មនុស្ស​ព្រោះ​ផ្នែក​ឧតុ​និយម​ព្យាករ​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ហើយ​ធ្វើ​ឱ្យ​កោះ​នេះ​ទទួល​បាន​របប​ទឹក​ភ្លៀង​រហូត​ដល់​កម្ពស់​មួយ​ម៉ែត្រ​ឯណោះ​។ អ្នក​ជម្លៀស​ខ្លួន​ភាគ​ច្រើន​រស់​នៅ​ភាគ​ខាង​ជើង​ និង​ភាគ​ខាង​កើត​។ ជើង​ហោះ​ហើរ​អន្តរ​ជាតិ​៩២០​ខ្សែ​ត្រូវ​បាន​លុប​ចោល​។ ពេញ​មួយ​ថ្ងៃ​សៅរ៍ ទី​ក្រុង​នានា​ប្រកាស​ឈប់​សម្រាក​។ សាលា​រៀន និង​កន្លែង​ធ្វើ​ការ​នានា​ត្រូវ​ផ្អាក​សកម្ម​ភាព​ ហើយ​អាច​នឹង​បន្ត​ផ្អាក​ពេញ​មួយ​ចុង​សប្ដាហ៍​នេះ​តែ​ម្ដង​។ នៅ​ទី​ក្រុង​តៃប៉ិ​បើ​ទុក​ជា​មាន​ហាង​លក់​ទំនិញ​ខ្លះ​បើក​ទ្វារ​ ក៏​បើក​ត្រឹម​តែ​បន្តិច​បន្តួច​​​ប៉ុណ្ណោះ​។ រថ​ភ្លើង​ល្បឿន​លឿនថ្វី​ដ្បិត​នៅ​បើក​ដំណើរ​ការ​ជា​ធម្មតា​​​ ប៉ុន្តែ​កាត់​បន្ថយ​សេវា​របស់​ខ្លួន​៕ ប្រភព៖ Reuters ​