ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តកំពង់ស្ពឺ ណែនាំឱ្យពង្រឹងគុណភាពផ្លូវថ្នល់ និងរឹតបន្តឹងការផាកពិន័យឡានដឹកលើសទម្ងន់

20 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ចូលរួម​ថែរក្សា​សម្បត្តិ​រដ្ឋ​ទាំងអស់​គ្នា ជា​ពិសេស​ ការ​មិន​ផ្ទុក​ទម្ងន់​លើស​ទម្ងន់​កំណត់ ដើម្បី​រក្សា​ខ្សែ​ផ្លូវ​ទាំងនោះ​ឱ្យ​នៅ​ល្អ​ស្អាត សម្រាប់​ជា​ប្រយោជន៍​រួម​ក្នុង​ការ​ធ្វើ​ដំណើរ និង​ការ​ដឹក​ជញ្ជូន​កសិផល​នានា ក្នុង​គោលដៅ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ​ ។

ការ​លើក​ឡើង​បែប​នេះ ​ក្នុង​ឱកាសដែលលោក​អភិបាលខេត្ត ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ខូ​ត​ខាត នៅ​តាម​បណ្តា​ក្រុង​/​ស្រុក​មួយ​ចំនួន ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ‎ ​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៦​ ។ នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​/​ស្រុក​ចំនួន​៤ រួម​មាន ក្រុង​ច្បារមន ស្រុក​សំរោង​ទង ស្រុក​គងពិសី និង​ស្រុក​ប​សេដ្ឋ ដើម្បី​វាយតម្លៃ​គុណភាព និង​រៀបចំ​ផែនការ​ស្តារ ជួសជុល និង​អភិវឌ្ឍន៍​បន្ថែម​ ។



អភិបាលខេត្ត​កំពង់ស្ពឺ ‎​លោក ជាម ច័ន្ទ​សោភ័ណ បាន​ណែនាំ​ដល់​មន្ត្រី​បច្ចេកទេស ក៏​ដូច​ជា​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​តែ​យកចិត្តទុកដាក់​ខ្ពស់​លើ​គុណភាព​ជា​ចម្បង​។ រាល់​ការ​ស្ថាបនា ឬ​ជួសជុល​ឡើង​វិញ ត្រូវ​តែ​ធ្វើ​ឡើង​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ រឹង​មាំ និង​មាន​ប្រព័ន្ធ​រំដោះ​ទឹក​ច្បាស់លាស់ ដើម្បី​ធានា​ឱ្យ​ផ្លូវ​អាច​ប្រើប្រាស់​បាន​យូរអង្វែង មិនមែន​ធ្វើ​ហើយ​ខូច​ៗ​នោះ​ឡើយ​។



‎​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​បន្ត​ទៀត​ថា មន្ត្រី​ជំនាញ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​តាមដាន និង​ត្រួតពិនិត្យ​ជា​ប្រចាំ​នូវ​រាល់​ប្រព័ន្ធ​លូ និង​ប្រឡាយ​រំដោះ​ទឹក​តាម​សងខាង​ផ្លូវ ដោយ​មិន​ត្រូវ​ទុក​ឱ្យ​មានការ​កកស្ទះ​ដោយសារ​សម្រាម ឬ​ដីខ្សាច់​ឡើយ ព្រោះ​ទឹកជំនន់​ទឹកភ្លៀង​គឺជា​សត្រូវ​ធំ​បំផុត​របស់​ផ្លូវថ្នល់​។ ជាមួយ​គ្នា​នោះ​ដែរ ភាគី​ពាក់ព័ន្ធ​ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​រឹត​បន្តឹង​លើ​ការ​ត្រួតពិនិត្យ​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​ឆ្លងកាត់​ខ្សែ​ផ្លូវ​ក្នុង​ខេត្ត ដោយ​ត្រូវ​អនុវត្ត​ច្បាប់ និង​ផាកពិន័យ​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​យានយន្ត​ណា​ដែល​ផ្ទុក​លើស​ទម្ងន់​កំណត់​។



‎​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ​រួម​មាន​៖ ក្នុងស្រុក​សំរោង​ទង ខ្សែ​ផ្លូវ​លេខ ១៤៤០ ចេញ​ទៅ​ផ្លូវជាតិ​លេខ​៤ (​ម្តុំ​មុខ​បុរី​សុវណ្ណ​) ត​ភ្ជាប់​រវាង​ស្រុក​សំរោង​ទង និង​ក្រុង​ច្បារមន មាន​ប្រវែង ១០ គីឡូម៉ែត្រ​។ ‎​ខ្សែ​ផ្លូវ​លេខ ១៤០ ពី​ផ្លូវជាតិ​លេខ​៤ តាម​ផ្សារ​ព្រៃ​ផ្តៅ ទៅ​ដល់​វត្ត​ស្រះ​ឃ្លាំង មាន​ប្រវែង ៩,៩ គីឡូម៉ែត្រ​។ ‎​ខ្សែ​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវ​លេខ​៥១ មាន​ប្រវែង ៨,៤ គីឡូម៉ែត្រ ចាប់​ពីមុខ​វត្ត​អង្គ​ខ្មៅ ដោយ​ត​ភ្ជាប់​ពី​ផ្លូវ​បេតុង​ចាស់ (​លេខ ១៦១០៣ ទទឹង ៨៣) ស្ថិត​នៅ​ក្នុង​ឃុំ​សំបូរ និង​ឃុំ​ត្រពាំង​គង ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ​៤ ម្តុំ​មុខ​រោងចក្រ​សា​ព្រី​ណា​។

ស្រុក​គងពិសី​ខ្សែ​ផ្លូវ​ត​ភ្ជាប់​ចន្លោះ​ពី​ផ្លូវជាតិ​លេខ ៤១ ទៅ​ដល់​ផ្លូវជាតិ​លេខ ៣ មាន​ប្រវែង ៨,៦ គីឡូម៉ែត្រ​។ និង​ស្រុក​ប​សេដ្ឋ ខ្សែ​ផ្លូវ​ពី​ផ្សារ​ប័​ង្គ​សី មក​ផ្សារ​ស្លាប​លែង​៖ ផ្លូវ​មួយ​ខ្សែ​នេះ​រង​ការ​ខូចខាត​ច្រើន ដោយ​កាត់​តាម​ឃុំ​ចំនួន​២ គឺ​ឃុំ​ស្តុក និង​ឃុំ​ភា​រី​មាន​ជ័យ មាន​ប្រវែង​សរុប​១២​គីឡូម៉ែត្រ​។សរុប​ខ្សែ​ផ្លូវ​សំខាន់​ៗ​ដែល​ត្រូវ​បាន​ចុះ​ពិនិត្យ និង​វាយតម្លៃ​ដើម្បី​ត្រៀម​ស្តារ និង​ជួសជុល​ឡើង​វិញ​នៅ​ក្នុងស្រុក​ទាំង​៤ នេះ​មាន​ប្រវែង​សរុប​ប្រមាណ​ជិត ៤៩ គីឡូម៉ែត្រ​៕