ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការងារ ៖ ខេត្ត ៤ ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ

18 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ខេត្ត ៤ ដែលស្ថិតនៅជាប់ដែនសមុទ្រ នៃប្រទេសកម្ពុជា មានឱកាសការងារជាង ៣ពាន់កន្លែង សម្រាប់ផ្ដល់​ជូនអតីត​ពលករ​ត្រឡប់​មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាម ក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដែល​បានផ្សព្វ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗនេះ។

តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទ១១ ខែកក្កដា ឆ្នាំ២០២៦នេះ ខេត្តស្ថិតនៅជាប់ដែនសមុទ្ររួមមាន៖ ខេត្តកោះកុង ព្រះ​សីហនុ កំពត និងកែប មានឱកាសការងារសរុបចំនួន ២,៥៩៦​កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុង​ស្វែង​​រក​ការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងវិស័យសេវាកម្ម។

ដើម្បីទទួល​បានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរក​លេខ​ទំនាក់​ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតប័ណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់ ជាពិសេស​បងប្អូន​អតីត​ពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើ​តាម​ក្រសួងការងារដដែល៕ អត្ថបទសហការ