ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការងារ បន្តនាំយកឱកាសការងារ ៣ ៥០០កន្លែង សេវាសន្តិសុខសង្គម និង​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ​ ដល់ប្រជាពលរដ្ឋនៅខេត្តសៀមរាប​

20 ម៉ោង មុន

ខេត្តសៀមរាប ​៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារ ផ្សព្វផ្សាយសេវាសន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ​ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការរៀបចំ ​វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ​ ក្រោមប្រធានបទ ​«ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ»​ នៅបរិវេណសាលាស្រុកអង្គរជុំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយនាំយកឱកាសការងារចំនួន ​៣ ៥០០កន្លែង​ ពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ព្រមទាំងព័ត៌មានអំពីអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជូនប្រជាពលរដ្ឋ។ វេទិកានេះមានការចូលរួមពីប្រជាពលរដ្ឋជិត ៦០០នាក់ ក្នុងនោះមានបងប្អូនអតីតពលករវិលត្រឡប់ពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារធ្វើ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ​ប៉ុក ប៉ាន់​ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ​ហេង សួរ​ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាមានឱកាសការងារជាង ​៩ម៉ឺនកន្លែង​ នៅទូទាំងប្រទេស ខណៈក្រសួងបានខិតខំសម្របសម្រួលនាំយកឱកាសការងារទាំងនោះទៅដល់មូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំវេទិកានេះ គឺជាការអនុវត្តតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ឱកាសការងារ កាត់បន្ថយការចំណាយ និងពេលវេលារបស់ប្រជាពលរដ្ឋក្នុងការស្វែងរកការងារធ្វើ ព្រមទាំងធ្វើឱ្យសេវារបស់រដ្ឋកាន់តែខិតជិតប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តអនុវត្តបេសកកម្មក្នុងការបង្កើនឱកាសការងារ លើកកម្ពស់ការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ព្រមទាំងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចាប់យកឱកាសការងារក្នុងស្រុក ដែលមានភាពសម្បូរបែប មានស្ថិរភាព អាចរស់នៅជួបជុំក្រុមគ្រួសារ និងរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងពីគុណសម្បត្តិនៃការធ្វើការក្នុងស្រុក បើប្រៀបធៀបនឹងការងារចំណាកស្រុក ដោយបញ្ជាក់ថា ការងារក្នុងស្រុកផ្តល់ទាំងស្ថិរភាពជីវភាព ការរស់នៅជួបជុំក្រុមគ្រួសារ និងទទួលបានការការពារតាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) លើផ្នែកហានិភ័យការងារ ការថែទាំសុខភាព និងសោធននិវត្តន៍។ ដោយឡែក ការងារចំណាកស្រុកអាចប្រឈមនឹងហានិភ័យជាច្រើន ដូចជា បញ្ហាសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរើសអើង និងឃ្លាតឆ្ងាយពីក្រុមគ្រួសារ។ សម្រាប់ប្រជាពលរដ្ឋដែលមានបំណងទៅធ្វើការនៅក្រៅប្រទេស ឯកឧត្តមបានណែនាំឱ្យជ្រើសរើសទៅតាមរយៈក្រុមហ៊ុនដែលមានអាជ្ញាបណ្ណស្របច្បាប់ ដើម្បីធានាបាននូវសុវត្ថិភាព និងអត្ថប្រយោជន៍ស្របតាមច្បាប់។

ឯកឧត្តមរដ្ឋលេខាធិការបាន​បន្ថែមថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពង្រឹងការផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅខេត្តសៀមរាប តាមរយៈគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងកម្មវិធី ​TVET ១,៥លាន​ ដែលអនុញ្ញាតឱ្យយុវជន និងប្រជាពលរដ្ឋអាចសិក្សាដោយឥតគិតថ្លៃលើមុខជំនាញជាច្រើន ដូចជា សំណង់ ជួសជុលគ្រឿងម៉ាស៊ីន អគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ឆុងកាហ្វេ និងសាឡនជាដើម។ ទន្ទឹមនឹងនេះ ក្រសួងក៏បានដាក់ឱ្យដំណើរការការបណ្តុះបណ្តាលតាមរយៈរថយន្តចល័ត និងការវាយតម្លៃទទួលស្គាល់ជំនាញពីមុន (​RPL) ដើម្បីពង្រីកឱកាសទទួលបានជំនាញ និងការងារជូនប្រជាពលរដ្ឋ។ សម្រាប់ព័ត៌មានបន្ថែម ប្រជាពលរដ្ឋអាចទាក់ទងទូរស័ព្ទជំនួយបន្ទាន់ Hotline លេខ ១២៩៧ ដើម្បីផ្គូផ្គងឱកាសការងារ និងលេខ ១២៨៦ ​ពាក់ព័ន្ធនឹង​ប.ស.ស.​។

សូមបញ្ជាក់ថា ឱកាសការងារចំនួន ​៣ ៥០០កន្លែង​ ដែលបានផ្តល់ជូនក្នុងវេទិកានេះ មានការចូលរួមពីរោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, ក្រុមហ៊ុន ថាកូ អាហ្គ្រី ដែលជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅក្នុងប្រទេស និងក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ ដែលជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស ដើម្បីផ្តល់ជម្រើសការងារកាន់តែទូលំទូលាយជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប៕ អត្ថបទសហការ