ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​សិទ្ធិ​មនុស្ស​UN​នៅ​កម្ពុជា ប្រកាស​ការ​ត្រៀមខ្លួន​បន្ត​កិច្ចសហការ​ជិត​ស្និ​ទ្ធិ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​អង្គការសិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បន្ត​កិច្ចសហការ​ជិត​ស្និ​ទ្ធិ ជាមួយ​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​ចូលរួម​កិច្ច​ខិតខំ​កសាង​សមត្ថភាព និង​ផ្តល់​ជំនួយ​បច្ចេកទេស ស្រប​តាម​តម្រូវការ និង​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួង​ការ​បទេស​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​អនុញ្ញាត​ជូន​លោក​ជំទាវ Matilda Bogner ចូល​ជួប​សម្តែង​ការ​គួរសម នៅ​ទីស្តីការក្រសួង ។

ក្នុង​ឱកាស​នៃ​ជំនួប​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​ជំទាវ Matilda Bogner និង​អបអរសាទរ​ចំពោះ​ការ​តែងតាំង លោក​ជំទាវ ជា​តំណាង​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) ថ្មី ប្រចាំ​កម្ពុជា ។

ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ជា​ដៃគូ​ប្រកបដោយ​ស្ថាបនា និង​កិច្ច​សហប្រតិបត្តិការ​យូរអង្វែង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ការិយាល័យ OHCHR ដែល​ឆ្លុះ​បញ្ចាំង តាម​រយៈ​វត្តមាន​របស់​ការិយាល័យ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៣ ធ្វើ​ឱ្យ​ការិយាល័យ​ប្រចាំ​ប្រទេស​របស់ OHCHR មាន​អាយុកាល​យូរ​បំផុត​នៅ​លើ​ពិភពលោក ។ លោក​ជំទាវ Matilda Bogner បាន​សម្តែង​នូវ​ការ​កោតសរសើរ​យ៉ាង​ជ្រាល ជ្រៅ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និ​ទ្ធិ និង​ប្រកបដោយ​ផ្លែផ្កា​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។

លោក​ជំទាវ​ក៏​បាន​ជម្រាប​ជូន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ពី​ការ​ត្រៀមខ្លួន​រួច​ស្រេច​ក្នុង​ការ​បន្ត​កិច្ចសហការ​ជិត​ស្និ​ទ្ធិ ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​ចូលរួម​កិច្ច​ខិតខំ​កសាង​សមត្ថភាព និង​ផ្តល់​ជំនួយ​បច្ចេកទេស ស្រប​តាម​តម្រូវការ និង​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​អះអាង​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​កម្ពុជា​ចំពោះ​ការ​ការពារ និង​លើកកម្ពស់​សិទ្ធិ​មនុស្ស ហើយ​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ការ​ចូលរួម និង​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​ជា​បន្តបន្ទាប់​របស់​ការិ​យាល័យ OHCHR ក្នុង​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ពង្រឹង​សិទ្ធិ​មនុស្ស​ស្រប​តាម​អាទិភាព​ជាតិ​របស់​
ខ្លួន ៕