ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រះវិហារមានកំណប់រ៉ែមាស រ៉ែដែក និងលោហៈមួយចំនួនទៀត

2 ថ្ងៃ មុន

លោក គី​ម រិ​ទ្ធី អភិបាល ខេត្តព្រះវិហារ​បានឱ្យ​ដឹង​ថា ខេត្តព្រះវិហារ​ដែល​ស្ថិត​នៅ​ភាគ​ឧត្តរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​កំណប់​រ៉ែ​លោហៈ​សំខាន់​ៗ​មួយ​ចំនួន ។

លោក​បាន​ឲ្យ​ដឹង នៅ​ក្នុងអំឡុងពេល ខេត្ត​ទទួល​ស្វាគមន៍​វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ដែល​បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត ប្រមាណ​ជាង​៨០០​នាក់ ថា រ៉ែ​ដែល​មាន​ដូច​ជា​រ៉ែ​មាស រ៉ែ​ដែក និង រ៉ែ​លោហៈ​មាន​តម្លៃ​មួយ​ចំនួន​ទៀត ។

លោក​បាន​បន្ត​ថា ក្នុងភូមិ​សាស្ត្រ​ខេត្ត​មាន​ធនធាន​រ៉ែ​សំខាន់​ៗ ដែល​មាន​អាជ្ញា​បណ្ណ​ធនធាន​រ៉ែ ៥​អាជ្ញា​បណ្ណ ស្មើនឹង​៣​ក្រុមហ៊ុន​,​អាជ្ញា​បណ្ណ​អណ្តូងរ៉ែ និង​ការដ្ឋាន​វាយ​ថ្ម​១២​អាជ្ញា​បណ្ណ​ស្មើនឹង​១០​ក្រុមហ៊ុន​។

លោក​បាន​បន្ត​ថា ខេត្ត​ដែល​មាន​ក្រឡា​ផ្ទៃ ប្រមាណ​ជាង​១៣​ពាន់​គីឡូម៉ែត្រ​ក្រឡា បែងចែក​ជា​ក្រុង​១ ស្រុក​៧ ឃុំ​៤៩ សង្កាត់​៤៩ និង​ភូមិ​២៣២ ខេត្តព្រះវិហារ​មានសម្បត្តិ​ធនធានធម្មជាតិ​ព្រៃឈើ និង​ប្រាសាទបុរាណ​ជា​ច្រើន ក្នុង​នោះ​មាន​ប្រាសាទបុរាណ​ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ចំនួន​២ គឺ​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះ​កេរ ។

ខេត្តព្រះវិហារ​នៅ​មាន​សក្តានុពល និង​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម ជា​ពិសេស គឺ​ការ​ជំរុញ​ផលិតកម្ម​ស្រូវ​សរីរាង្គ​ដែល​បាន​ចងក្រង​ជា​សហគមន៍​កសិកម្ម​ចំនួន ៤៧​សហគមន៍ ដើម្បី​ចុះ​កិច្ចសន្យា​ទិញ​លក់​ជាមួយ​ក្រុមហ៊ុន​សហគ្រាស​ចំនួន​៩​ក្រុមហ៊ុន ។ ក្រៅពី​នេះ​ខេត្ត​មាន​ដាំ​ដំណាំ​យុទ្ធសាស្ត្រ​សំខាន់​ៗ​ដូច​ជា​ស្វាយចន្ទី​ប្រមាណ​៣​ម៉ឺន​ហិ​កតា​,​ដំណាំ​ស្វាយ​ប្រមាណ​៨​ពាន់​ហិ​កតា​,​ដំឡូង​មី​ប្រមាណ​៤​ម៉ឺន​ហិ​កតា និង​កៅស៊ូ​ប្រមាណ​៣​ម៉ឺន​ហិ​កតា ដាំ​លក្ខណៈ​ជា​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន​១៥​ក្រុមហ៊ុន និង​លក្ខណៈ​ជា​គ្រួសារ ៕