ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​យ៉េន​ឡើងថ្លៃ​វិញ ក្រោយ​ជប៉ុន​គ្រោង​ឱ្យ​មូលនិធិ​សោធន​និវត្តន៍​ងាក​មក​វិនិយោគ​ក្នុងស្រុក

2 ថ្ងៃ មុន

រូបិយប័ណ្ណ​ប្រាក់​យ៉េន​របស់​ជប៉ុន​បាន​ហក់​ឡើងថ្លៃ​វិញ​នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​មាន​ព័ត៌មាន​ថា ប្រទេស​ជប៉ុន​មាន​គម្រោង​លើកទឹកចិត្ត​ដល់​មូលនិធិ​សោធន​និវត្តន៍​ឱ្យ​បង្កើន​ការ​វិនិយោគ​លើ​ទ្រព្យសកម្ម​ហិរញ្ញវត្ថុ​ក្នុងស្រុក ។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់ Reuters ។

អ្នកវិភាគ​យល់​ថា ចលនា​មួយ​នេះ អាច​ជួយ​ទប់ទល់​រូបិយប័ណ្ណ​យ៉េន​ដែល​កំពុង​ធ្លាក់​ថ្លៃ បាន​ល្អ​ជាង​ការ​ប្រើប្រាស់​វិធានការ​អន្តរាគមន៍​ផ្ទាល់​ពី​ធនាគារកណ្តាល ។ លោកស្រី Satsuki Katayama មន្ត្រីជាន់ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ជប៉ុន បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កំពុង​បន្ត​រៀបចំ​វិធានការ​នានា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ជំរុញ​ឱ្យ «​មូលនិធិ​វិនិយោគ​សោធន​និវត្តន៍​រដ្ឋាភិ​បាល​» (GPIF) ដែល​ជា​មូលនិធិ​សោធន​និវត្តន៍​ធំ​ជាងគេ​បំផុត​មួយ​ក្នុង​ពិភពលោក បង្កើន​ការ​វិនិយោគ​លើ​ទ្រព្យសកម្ម​ហិរញ្ញវត្ថុ​របស់​ជប៉ុន​ឱ្យ​បាន​កាន់តែ​ច្រើន​។

លោក Fabien Yip អ្នកវិភាគ​ទីផ្សារ​នៅ​ក្រុមហ៊ុន IG បាន​ពន្យល់​ថា «​មូលនិធិ​សោធន​និវត្តន៍​នេះ មាន​ទំហំ​ធំធេង​ណាស់ ។ បច្ចុប្បន្ន ៥០% នៃ​កញ្ចប់​ថវិកា​យុទ្ធសាស្ត្រ​របស់​ពួក​គេ គឺ​កំពុង​វិនិយោគ​នៅ​បរទេស​។ ដូចនេះ ការ​ផ្លាស់​ប្តូរ​ទិស​ដៅ​មក​វិញ ពិតជា​នឹង​បង្កើត​លំហូរ​ទុន​យ៉ាងច្រើន​ចូល​ទៅ​ក្នុង​ទ្រព្យសកម្ម​ក្នុងស្រុក ដែល​វា​ជួយ​គាំទ្រ​ទាំង​ដល់​រូបិយប័ណ្ណ​ជាតិ ទាំង​ទីផ្សារ​ភាគហ៊ុន និង​មូល​ប​ត្រ​បំណុល​របស់​ជប៉ុន​ផង​ដែរ​។​»

លោក​បាន​បន្ថែម​ទៀត​ថា​៖ «​នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន ដែល​ប្រាក់​យ៉េន​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​៤០​ឆ្នាំ​ធៀប​នឹង​ប្រាក់​ដុល្លារ ហើយ​រដ្ឋាភិបាល​ក៏​ហាក់ដូចជា​អស់ជម្រើស​ក្នុង​ការ​ទប់ទល់​… ខ្ញុំ​គិត​ថា ការ​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ តាម​បែប​ជា​រចនាសម្ព័ន្ធ ឬ​ជា​មូលដ្ឋាន ដោយ​ការ​បង្កើត​លំហូរ​លុយ​ចូល​ទៅ​ក្នុង​ទ្រព្យសកម្ម​ដែល​មាន​តម្លៃ​ជា​ប្រាក់​យ៉េន​កាន់តែ​ច្រើន​នឹង​អាច​ជួយ​គាំទ្រ​ដល់​រូបិយប័ណ្ណ​នេះ​បាន​ក្នុង​រយៈពេលវែង​។​»