ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​ប្រេង​កាន់តែ​ធ្ងន់ធ្ងរ​! រុ​ស្ស៊ី​បិទ​ការ​នាំ​ចេញ​ប្រេងម៉ាស៊ូត​ទាំងស្រុង ក្រោយ​អ៊ុយ​ក្រែ​ន​វា.យប្រហារ​បណ្តា​រោងចក្រ​ចម្រាញ់

1 ថ្ងៃ មុន

ទីក្រុង​មូ​ស្គូ ៖ ប្រទេស​រុ​ស្ស៊ី​បាន​ហាមឃាត់​ទាំងស្រុង​លើ​ការ​នាំ​ចេញ​ប្រេងម៉ាស៊ូត បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន​លើ​បណ្តា​រោងចក្រ​ចម្រាញ់​របស់​ខ្លួន បាន​បង្ក​ឱ្យ​មាន​កង្វះខាត​ប្រេងឥន្ធនៈ​យ៉ាង​ខ្លាំង ខណៈ​ទីផ្សារ​ថាមពល​សកល​កំពុង​ត្រៀមខ្លួន​ប្រឈម​មុខ​នឹង​ការ​រំខាន​បន្ថែម​ទៀត​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz)​។ នេះ​បើ​តាម​ប្រភព​ពី CNN ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៦​។

អនុនាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី លោក Alexander Novak បាន​ប្រកាស​អំពី​ការ​ហាមឃាត់​នេះ ក្នុង​កិច្ចប្រជុំ​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ រួម​ជាមួយ​លោក​ប្រធានាធិបតី Vladimir Putin ដោយ​បាន​បញ្ជាក់​ថា ការ​សម្រេចចិត្ត​នេះ គឺ​មាន​បំណង​បង្កើន​ការ​ផ្គត់ផ្គង់​ដល់ទី​ផ្សារ​ក្នុងស្រុក​។

រុ​ស្ស៊ី​បាន​ដាក់​ចេញ​ការ​ហាមឃាត់​មួយ​ផ្នែក​រួច​ទៅ​ហើយ ដែល​រារាំង​ការ​នាំ​ចេញ​ប្រេង​ទៅ​ក្រៅប្រទេស​ដោយ​ក្រុមហ៊ុន​មិនមែន​ជា​អ្នក​ផលិត​ផ្ទាល់​។ លោកស្រី Natalia Losada អ្នកវិភាគ​ជាន់ខ្ពស់​ផ្នែក​ផលិតផល​ប្រេង​នៅ​ក្រុមហ៊ុន Energy Aspects បាន​ពន្យល់​ប្រាប់ CNN ថា ការ​ហាមឃាត់​ដែល​ប្រកាស​កាលពី​ថ្ងៃ​ពុធ បាន​ពង្រីក​ការ​រឹត​បន្តឹង​នោះ​ទៅ​ដល់​បណ្តា​ក្រុមហ៊ុន​ផលិត ដោយ​គ្របដណ្តប់​លើ​ទីផ្សារ​ទាំងមូល​តែ​ម្តង​។

កាលពីដើម​ស​ប្តា​ហ៍​នេះ លោក Novak បាន​អះអាង​ថា ទីផ្សារ​រុ​ស្ស៊ី​ត្រូវ​បាន​ផ្គត់ផ្គង់​យ៉ាង​ពេញលេញ​ទាំង​ប្រេងម៉ាស៊ូត និង​ប្រេងសាំង បើ​ទោះបីជា​មាន​ទិដ្ឋភាព​រថយន្ត​អ្នកដំណើរ និង​រថយន្ត​ដឹក​ទំនិញ​តម្រង់​ជួរ​យ៉ាង​វែង​នៅ​ក្រៅ​បណ្តា​ស្ថានីយប្រេងឥន្ធនៈ​របស់​ប្រទេស​មួយ​នេះ​យ៉ាងណា​ក៏​ដោយ ដែល​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​នូវ​ភាព​ជាក់ស្តែង​នៃ​សង្គ្រាម​ជាង​៤​ឆ្នាំ​របស់​ខ្លួន​ជាមួយនឹង​ប្រទេស​អ៊ុយ​ក្រែ​ន​។

តាម​ការ​វិភាគ​របស់ CNN នៅ​ស​ប្តា​ហ៍​នេះ ស្ទើរតែ​គ្រប់​តំបន់​ទាំងអស់​របស់​ប្រទេស​រុ​ស្ស៊ី នៅ​ក្នុង​ចំណោម ៨៣ តំបន់ បាន​ជួប​ប្រទះ​នឹង​ការ​ខ្វះខាត​ប្រេងសាំង ឬ​របាយការណ៍​នៃ​ការ​រអាក់រអួល​ក្នុង​ការ​ផ្គត់ផ្គង់ ដោយ​បណ្តា​ស្ថានីយ៍​ប្រេងឥន្ធនៈ​ជា​ច្រើន​បាន​ដាក់​កម្រិត​លើ​ការ​ចាក់​ប្រេង ហើយ​ភាព​តានតឹង​រវាង​អតិថិជន​ក៏​កំពុង​តែ​កើនឡើង​ខ្លាំង​ផង​ដែរ​។ បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុ​ស្ស៊ី​បាន​រាយការណ៍​ថា មនុស្ស​១​ចំនួន​ត្រូវ​រង់ចាំ​រហូត​ដល់ ១៨ ម៉ោង​នៅ​តាម​បណ្តា​ស្ថានីយ៍​ប្រេងឥន្ធនៈ​។

ក្រឡេក​ទៅ​ភាព​តានតឹង​នៃ​សង្គ្រាម​វិញ បណ្តា​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន​ក៏​បាន​កំណត់​គោលដៅ​លើ​បណ្តា​ទីតាំង​ស្តុក​ប្រេងឥន្ធនៈ និង​ថាមពល​ក្នុង​តំបន់​គ្រី​មៀ (Crimea) ដែល​រុ​ស្ស៊ី​បាន​កាត់​យក កាលពី​ឆ្នាំ ២០១៤ ផង​ដែរ​។ រូបភាព​ពី​ផ្កាយ​រណប​របស់​អង្គការ​ណា​សា (NASA) ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​អំពី​សង្គ្រាម (ISW) នៅ​លើ​បណ្តាញ​សង្គម X បាន​បង្ហាញ​ថា ពន្លឺភ្លើង​អគ្គិសនី​នៅ​ពេល​យប់​ក្នុង​តំបន់​គ្រី​មៀ​នា​ពេល​បច្ចុប្បន្ន មាន​កម្រិត​តិច​ជាង​ឆ្ងាយ បើ​ធៀប​ទៅ​នឹង​កាលពី​១​ឆ្នាំ​មុន​៕