ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​៖ «​ប្រទេស​កាន់តែ​អភិវឌ្ឍន៍ ការ​ងារ​កាន់តែ​មមារ​ញឹក ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​»

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ប្រាប់​និស្សិត​ដែល​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ​ឱ្យ​ខិតខំ​សម្រួច​ខ្លួន​ឱ្យ​ក្លាយជា​មនុស្ស​ពូកែ និង​មាន​សមត្ថភាព​ខ្ពស់​ដើម្បី​ត្រៀម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ​នៅ​ពេល​ដែល​ពួក​គេ​រៀន​ចប់ ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​សង្កត់ធ្ងន់​ថា ប្រទេស​កាន់តែ​អភិវឌ្ឍន៍ ការងារ​កាន់តែ​មមារ​ញឹក ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង ។ ដូច្នេះ ទីផ្សារ​ការងារ​រង់ចាំ​ស្វាគមន៍​មនុស្ស​ដែល​មានចំណេះ​ជំនាញ​ពិតប្រាកដ និង​សមត្ថភាព​ខ្លាំងពូកែ ដែល​ពោរពេញ​ដោយ​ថាមពល​ដើម្បី​បម្រើ​ការងារ ។

ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​ជា​អធិបតី និង​ជា​វាគ្មិន​ក្នុង​បាឋកថា​ស្ដី​ពី «​ការ​ចូលរួម​របស់​យុវជន ដើម្បី​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០» នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៦ ។

បាឋកថា​នេះ មាន​វត្តមាន​អញ្ជើញ​ចូលរួម និង​ថ្លែង​សុន្ទរកថា ស្វាគមន៍​ពី​ឯកឧត្តម​បណ្ឌិត សំ សំអាង អធិការបតី​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា រួម​ទាំង​គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និង​សមណ​និស្សិត​-​និស្សិត​សរុប​ជាង​២០០​អង្គ​/​នាក់​។

នៅ​ចំពោះ​មុខ​សមណ​និស្សិត​-​និស្សិត ឯកឧត្តម ប៉ែន បូ​ណា បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល នីតិ​កាល​ទី​៧ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​មហា​បវរធិ​បតី ហ៊ុន ម៉ា​ណែ​ត ដោយ​ផ្តោត​សំខាន់​លើ​មុំ​ទី​១ ស្តី​ពី «​ការ​អភិវឌ្ឍ​មូលធនមនុស្ស​»​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បង្ហាញ​ថា ដើម្បី​ក្លាយជា​មូលធន​មនុស្ស​ពិតប្រាកដ​សម្រាប់​បម្រើ​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល យុវជន​ត្រូវ​មានចំណេះ​ជំនាញ​ច្បាស់លាស់​យ៉ាងតិច​មួយ​ក្នុង​ជីវិត មាន​ទាំង​ជំនាញ​រឹង​និង​ទន់ មាន​សីលធម៌​ល្អ សុខភាព​មាំមួន និង​មាន​មនសិការ​ស្នេហា​ជាតិ​ខ្ពស់ ។

ឯកឧត្តម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​បង្កើត​ឱកាស​អំណោយផល​គ្រប់​បែប​យ៉ាង​ដល់​ការ​សិក្សា​របស់​យុវជន ។ ដូច្នេះ យុវជន​ខ្លួនឯង​ត្រូវ​ចាប់​យក​ឱកាស​នេះ​ឱ្យ​បាន​តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង ដើម្បី​សម្រួច​អនាគត​របស់​ខ្លួន​ឱ្យ​ក្លាយជា​មូលធន​មនុស្ស​ពិតប្រាកដ​។

សូម​បញ្ជាក់​ថា បាឋកថា​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​សំខាន់​ៗ​ចំនួន​៤ រួម​មាន ទី​១- ដើម្បី​ឱ្យ​យុវជន​យល់​ដឹង​ពី​គោលនយោ​បាយ​ជាតិ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧​នៃ​រដ្ឋសភា ទី​២-​លើកទឹកចិត្ត​ដល់​និស្សិត​ឱ្យ​អភិវឌ្ឍ​ខ្លួន​ក្លាយជា​មូលធន​មនុស្ស​ដ៏​ពេញលេញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ ទី​៣-​យល់​ដឹង​ពីសារ​សំខាន់​នៃ​ព័ត៌មាន ដើម្បី​ជា​ប្រភព​នៃ​ការ​សិក្សា​ស្រាវជ្រាវ និង​ការ​សម្រេចចិត្ត និង​ទី​៤-​លើកកម្ពស់​ឱ្យ​យុវជន​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់ ៕