ទីក្រុងតៃប៉ិ៖ ប្រទេសចិន និងកោះតៃវ៉ាន់នឹងរងគ្រោះពីការវាយប្រហារដោយខ្យល់ព្យុះដ៏ខ្លាំងក្លាមិនធ្លាប់មាននៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ។ ខ្យល់ព្យុះឈ្មោះ ថាបាវី (Bavi) ចាប់ផ្ដើម បក់ទៅលើកោះតៃវ៉ាន់ភាគអាគ្នេយ៍ដោយមានល្បឿនខ្យល់ជិត២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ខ្យល់ព្យុះនេះលេចវត្តមានចំពេលដែលផ្នែកខ្លះនៃប្រទេសចិនមិនទាន់ចាកផុតពីខ្យល់ព្យុះសាក់នៅឡើយផង។ អាជ្ញាធរតៃវ៉ាន់ព្យាករថាតំបន់ខ្លះនឹងទទួលបានរបបទឹកភ្លៀងរហូតដល់មួយម៉ែត្រ ជាពិសេសនៅតំបន់ភ្នំជុំវិញទីក្រុងតៃប៉ិ។ អាជ្ញាធរត្រៀមកម្លាំងយោធា២៩០០០នាក់ដើម្បីជួយដោះស្រាយបញ្ហាលំបាកដោយសារខ្យល់ព្យុះ។ នេះជាខ្យល់ព្យុះដ៏ខ្លាំងបំផុតបន្ទាប់ពីព្យុះកង្រីដែលបោកបក់កាលពីឆ្នាំ២០២៤។

គេរំពឹងថាខ្យល់ព្យុះបាវីនឹងបក់ទៅដល់កោះតៃវ៉ាន់ភាគខាងជើងមុននឹងបន្តដំណើរទៅខេត្តហ៊្វូចៀនប្រទេសចិន នៅក្បាលព្រលប់ថ្ងៃសៅរ៍។ តៃវ៉ាន់អះអាងថាខ្យល់ព្យុះដែលមានទំហំធំដល់ថ្នាក់នេះជាករណីកម្រ។ បាវីជាខ្យល់ព្យុះដែលមានទំហំធំបំផុតវាយប្រហារទៅលើកោះតៃវ៉ាន់ចាប់តាំងពីឆ្នាំ១៩៨៧។ នៅប្រទេសចិន ក្រុមអ្នកជួយសង្គ្រោះបន្តរើកកាយគំនរបាក់បែកដែលបន្សល់ទុកពីខ្យល់ព្យុះម៉ៃសាក់ និងដែលបានសម្លាប់មនុស្ស៣៩នាក់នៅពេលបក់កាត់ខេត្តក្វាងស៊ីនៅដើមសប្ដាហ៍នេះ។ មនុស្ស៩នាក់នៅតែបន្តបាត់ខ្លួនរហូតដល់សព្វថ្ងៃ។

ប្រទេសចិន ជប៉ុន និងកោះតៃវ៉ាន់កាន់តែប្រឈមខ្លាំងឡើងៗនឹងគ្រោះមន្តរាយធម្មជាតិដែលអ្នកវិទ្យាសាស្ត្រអះអាងថាបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។ នៅឆ្នាំនេះ គេព្រួយបារម្ភកាន់តែខ្លាំងដោយសារបាតុភូតអែលនីញ៉ូអាចនឹងធ្វើឱ្យសីតុណ្ហភាពហក់ឡើងខ្ពស់, ធ្វើឱ្យខ្យល់ព្យុះកើតឡើងកាន់តែញឹកញាប់ និងមានកម្លាំងបោកបក់ក៏កាន់តែខ្លាំង។ គេរំពឹងថាកម្លាំងខ្យល់បក់ជាទូទៅមិនសូវខ្លាំងប៉ុន្មានទេនៅថ្ងៃនេះ។ ប៉ុន្តែខ្យល់បាវីនៅតែជាព្យុះដ៏គ្រោះថ្នាក់នៅពេលបោកបក់ទៅលើប្រទេសចិនភាគខាងកើត និងកោះតៃវ៉ាន់ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះរហូតដល់ថ្ងៃចន្ទសប្ដាហ៍ក្រោយ។ នេះបើយោងតាមលោកចេសុន នីឆូល (Jason Nicholls) ជាអ្នកជំនាញនៅស្ថាប័នតាមដានអាកាសធាតុអឹឃ្យូវេដឺ (AccuWeather)។

ក្រឡេកទៅមើលស្ថានភាពនៅទីក្រុងកំពង់ផែស៊ូអាវនៃកោះតៃវ៉ាន់ភាគឦសាន គេឃើញថាទូកនេសាទរាប់រយគ្រឿងចាប់ផ្ដើមចូលចតកំពង់ជាបណ្ដើរៗដើម្បីបង្ការខ្លួនពីខ្យល់ព្យុះបាវី។ ប្រជាជនតៃវ៉ាន់ឈរតម្រង់ជួរគ្នាដើម្បីទទួលយកបាវខ្សាច់ពីអាជ្ញាធរមូលដ្ឋាន។ កសិករក៏ប្រញាប់ប្រញាល់ច្រូតកាត់ប្រមូលផលទាន់អាកាសធាតុនៅល្អ។ លោកឈឹនមីងហួយវ័យ៦០ឆ្នាំជាអ្នកបើកទូកនេសាទចំណុះបីតោនសង្ឃឹមថាខ្យល់ព្យុះនេះនឹងបក់ទៅភាគខាងជើង ហើយមិនវាយប្រហារចំទីតាំងរបស់គាត់ទៅចុះ។ លោកថ្លែងបន្តទៀតថាកុំអាលអរនៅពេលឃើញអាកាសធាតុស្ងប់ស្ងាត់បែបនេះ។ ខ្យល់ព្យុះប្រភេទនេះគ្រោះថ្នាក់បំផុត។ ក្រឡេកទៅមើលស្ថានការណ៍នៅខេត្តអូគីណាវ៉ា ប្រទេសជប៉ុនវិញម្ដង អាជ្ញាធរខាងឧតុនិយមបានអំពាវនាវឱ្យប្រជាជនបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់ព្យុះនេះនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ព្រោះអាចនឹងមានខ្យល់កន្ត្រាក់ ការបាក់ដី និងទឹកជំនន់៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ