ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ីលីពីន​ច្រាន​ចោល​ការ​អះ​អាង​របស់​បញ្ញ​វន្តចិន​ដែល​ថា​ខេត្ត​បាតាន​គឺ​ជា​ទឹក​ដី​របស់​ចិន​ព្រោះ​ស្ថិត​នៅ​ក្បែរ​កោះ​តៃវ៉ាន់

2 ថ្ងៃ មុន

ទី​ក្រុង​ម៉ានីឡា៖ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ហ្វ៊ីលីពីនច្រាន​ចោល​នូវ​អ្វី​ដែល​លោក​ហៅ​ថា​ជា​ការ​អះ​អាង​គ្មាន​មូល​ដ្ឋាន និងដ៏​ឆ្កួត​លលា​របស់​ក្រុម​បញ្ញ​វន្ត​ចិន​បន្ទាប់​ពី​ពួក​គេ​និយាយ​​ថា​ខេត្ត​នៅ​ចុង​ខាង​ជើង​បំផុត​របស់​ខ្លួន​ជា​ទឹក​ដី​របស់​ចិន​ទេ​។ រដ្ឋ​មន្ត្រី​រូប​នេះ​ចាត់​ទុក​ការ​អះ​អាង​នោះ​ជា​ការ​គួរ​ឱ្យ​ព្រួយ​បារម្ភ និង​បង្ក​បញ្ហា​ប្រឈម​។ គេហ​ទំព័រ​របស់​រដ្ឋាភិបាល​ចិន​ឈ្មោះ​ជីឌី​ធូដេ (GDToday) បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា​ ថា​ក្រុម​បញ្ញវន្ត​ចិន​មក​ពី​វិទ្យា​ស្ថាន​នានា​រួម​ទាំង​សាកល​វិទ្យាល័យ​ណាន​ជីង​ផង​ដែរ​បាន​លើក​ទឡ្ហីករណ៍​នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍​​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា​ថា​ខេត្ត​បាតាន (Batanes) ជា​ទឹក​ដី​ដែល​លាត​សន្ធឹង​ចេញ​ពី​កោះ​តៃវ៉ាន់​។ ហេតុ​នេះ ពួក​គេ​យល់​ថា​ខេត្ត​នេះ​ជា​ទឹក​ដី​របស់​ចិន​។

រហូត​មក​ដល់​ពេល​នេះ ប្រទេស​ចិន​មិន​ទាន​អនុ​ម័ត​ទទួល​ស្គាល់​​ជា​ផ្លូវ​ការ​នូវ​ការ​អះ​អាង​នោះ​ទេ​។ ប៉ុន្តែ​ពាក្យ​សម្ដី​របស់​បញ្ញ​វន្ត​ចិន​អាច​បន្ថែម​បន្ទុក​កាន់​តែ​ធ្ងន់​​ពី​លើ​ភាព​តាន​តឹង​ដែល​មាន​ស្រាប់​​រវាង​ចិន និង​ហ្វ៊ីលីពីន​។ ប្រទេស​ទាំង​២​កំពុង​មាន​ជម្លោះ​បូរណ​ភាព​ទឹក​ដី​ពាក់​ព័ន្ធ​នឹង​ប្រជុំ​កោះ​មួយ​ចំនួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ហ្វ៊ីលីពីន​ លោ​កជីល​ប៊ែតូ តេ​អូ​ដូរ៉ូ​ (Gilberto Teodoro) ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​ «លោក​នៅ​តែ​និយាយ​អះ​អាង​ដដែល​ឡើង​វិញ​ថា​​នេះ​ជា​ចេត​នា​ដែល​គេ​បាន​រៀប​ចំ​ទុក​ជា​មុន​»។

រដ្ឋ​មន្ត្រី​រូប​នេះថ្លែង​បន្ត​ទៀត​ថា​មិន​មាន​អ្វី​ពិបាក​យល់​ទេ​ថា​នេះ​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​របស់​ពួក​គេ​ (ចិន)។ លោក​ធ្លាប់​និយាយ​រួច​ហើយ​ថា​ចិន​ចង់​គ្រប់​គ្រង​​​មហា​សមុទ្រ​ប៉ា​ស៊ី​ហ្វិច​ទាំង​ស្រុង​។ ដូច្នេះ នៅ​ពេល​ចេញ​ពាក្យ​សម្ដី​នេះ​មក​ទៀត​វា​ច្បាស់​ណាស់​ថា​អ្វី​ដែល​លោក​អះ​អាងនោះ​ជា​រឿង​ត្រឹម​ត្រូវ​។ លោក​ដាក់​ជា​សំណួរ​ថា​តើ​ពួកគេ​និយាយ​ដូច្នេះដើម្បី​អ្វី​? យើង​ដឹង​តាំង​ពី​ដំបូង​ដៃ​ថា​នេះ​ជា​ការ​អះ​អាង​ដែល​គ្មាន​មូល​ដ្ឋាន​ គ្មាន​ន័យ​ខ្លឹម​សារ ហើយ​មាន​ចរិត​ឆ្កួត​លលា​។ រដ្ឋ​មន្ត្រី​រូប​នេះ​និយាយ​ត្រឹម​ត្រឹង​ហ្នឹង​ដោយ​មិន​ផ្ដល់​សេច​ក្ដី​ពន្យល់​លម្អិត​ទេ​។ អ្នក​សារ​ព័ត៌​មាន​ព្យាយាម​ទាក់​ទង​ទៅ​ស្ថាន​ទូត​ចិន​ប្រចាំទី​ក្រុង​ម៉ានីឡា​ដើម្បី​ស្នើ​សុំ​ការ​ឆ្លើយ​បំភ្លឺ​​តប​ទៅ​នឹង​ការ​​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ហ្វ៊ីលីពីន​ដែរ​។ ប៉ុន្តែ​គ្មាន​ចម្លើយ​តប​។

សូម​បញ្ជាក់​ថា​ខេត្ត​បាតាន​​មាន​មនុស្ស​រស់​នៅ​២​ម៉ឺន​នាក់​ និង​ស្ថិត​នៅចម្ងាយ​១៦០​គីឡូ​ម៉ែត្រ​ភាគ​ខាង​ត្បូង​កោះ​តៃវ៉ាន់​។ ទី​នេះ​លាត​សន្ធឹង​តាម​ច្រក​សមុទ្រ​លូហ្សន (Luzon) ដែល​ជា​ទីតាំង​យុទ្ធ​សាស្ត្រ​ដ៏​សំខាន់​មួយ​ និង​ជា​ច្រក​ត​ភ្ជាប់​សមុទ្រ​ចិន​ខាង​ត្បូង និង​មហា​សមុទ្រ​ប៉ា​ស៊ី​ហ្វិច​។ ទី​នេះ​រឹត​តែ​សំខាន់​ខ្លាំង​ឡើង​ៗ​នៅ​ក្នុង​ការ​រៀប​ចំ​ផែន​ការ​ថែ​រក្សា​សន្តិ​សុខ​ ហើយ​ក៏​ជា​កន្លែង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​ហ្វ៊ីលីពីន និង​អាមេរិក​ផង​ដែរ​។

កាល​ពី​មុន​នេះ ប្រទេស​ចិន​បាន​ប្រកាស​ដាក់​ទណ្ឌ​កម្ម​លោក​តេ​អូ​ដូរ៉ូ (Teodoro) និង​សាច់​ញាតិ​ជិត​ស្និទ្ធ​របស់​គាត់​ពីបទ​ប្រព្រឹត្ត​កំហុស​ដ៏​ធ្ងន់​ធ្ងរ​ពាក់​​ព័ន្ធ​នឹង​ប្រទេស​ចិន​។ ការ​លើក​ជា​អំណះ​អំណាង​របស់​ក្រុម​បញ្ញ​វន្ដ​ចិន​ដូច​ខាង​លើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ហ្វ៊ីលីពីន និង​ជប៉ុន​ប្រកាស​កាល​ពី​ខែ​ឧសភា​ថា​ពួក​គេ​នឹង​ចាប់​ផ្ដើម​ការ​ចរ​ចា​គ្នា​ជា​ផ្លូវ​ការ​ទៅ​លើ​ការ​កំណត់​ព្រំ​ដែន​សមុទ្រ​នៃ​តំបន់​សេដ្ឋ​កិច្ច​ផ្ដាច់​មុខ​ និង​តំបន់​ជ្រោយ​ទ្វីប​ស្រប​ទៅ​តាម​ច្បាប់​អន្តរ​ជាតិ​។ ចំណាត់​ការ​នេះត្រូវ​ប្រទេស​ចិន​រិះ​គន់​៕ ប្រភព៖ Reuters​