ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារអភិវឌ្ឍន៍អាស៊ី និង IMF បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា

2 ថ្ងៃ មុន

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)​បាន​អះអាង​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០២៦​នេះ ត្រូវ​បាន​បន្ថយ​០,៤​ភាគរយ មក​នៅ​ត្រឹម​៤,១​ភាគរយ ប៉ុន្តែ​ទោះជា​យ៉ាងណា ក៏​ការ​ព្យាករណ៍​នេះ​ប្រសើរ​ជា​ការ​ព្យាករណ៍​ដែល​ចេញ ដោយ​មូលនិធិ​រូ​បិ​វត្ថុ​អន្តរជាតិ (IMF) ។

នៅ​ក្នុង​សេចក្តី​ប្រកាស ដែល​ចេញ​នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា ADB បាន​អះអាង​ថា ចំ​ពេល​មាន​វិបត្តិ​ភូមិសាស្ត្រ​នយោបាយ​អវិជ្ជមាន និង​ការ​បិទ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ រយៈពេល​យូរ ការ​ព្យាករណ៍​កំណើន​សម្រាប់​ឆ្នាំ​២០២៦ គឺ​រង្វង់​៤,១​ភាគរយ ហើយ​នៅ​ក្នុង​ឆ្នាំ​២០២៧ អាច​ឡើង​ដល់​៤,៧​ភាគរយ ។

កាលពី​ថ្ងៃ​ម្សិលមិញ IMF បាន​បញ្ចប់​ការ​វាយតម្លៃ​សេដ្ឋកិច្ច​កម្ពុជា ប្រចាំឆ្នាំ​២០២៦ ដោយ​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០២៦ នឹង​សម្រេច​បាន​ប្រមាណ​ត្រឹមតែ​៣​ភាគរយ ដែល​ទាប​ជាង​ការ​រំពឹង​ទុក​កន្លង​មក ដោយសារ​តែ​សម្ពាធ​ពី​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក និង​ហានិភ័យ​ក្នុងស្រុក ។

យោង​តាម IMF ការ​ធ្លាក់​ចុះ​នៃ​ការ​ព្យាករណ៍​នេះ កើតឡើង​ដោយសារ​កត្តា​មួយ​ចំនួន រួម​មាន​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សកល ការ​ធ្លាក់​ចុះ​នៃ​វិស័យ​ទេសចរណ៍ ការ​បន្ត​ទន់ខ្សោយ​នៃ​វិស័យ​អចលនទ្រព្យ និង​សំណង់ ព្រមទាំង​ការ​កើនឡើង​នៃ​ថ្លៃ​ថាមពល ដែល​អាច​ប៉ះពាល់​ដល់​ការ​វិនិយោគ និង​ការ​ប្រើប្រាស់​ក្នុងស្រុក ៕