ទីក្រុងតេអេរ៉ង់៖ ឆ្មាំបដិវត្តអ៊ីរ៉ង់ប្រកាសថាខ្លួនទើបតែវាយប្រហារមូលដ្ឋានយោធារបស់អាមេរិកនៅប្រទេសបារ៉េន និងគូវែតដើម្បីជាការឆ្លើយតបទៅនឹងករណីដែលអាមេរិកវាយប្រហារមកលើខ្លួនកាលពីពេលថ្មីៗនេះ។ ការវាយបកគ្នាទៅវិញទៅមកនេះកើតមានឡើងបន្ទាប់ពីលោកដូណាល់ត្រាំប្រកាសថាបទឈប់បាញ់ជាបណ្ដោះអាសន្ននោះបានឈានដល់ទីបញ្ចប់ហើយ។ ឆ្មាំបដិវត្តក៏ឆ្លៀតព្រមានផងដែរថាពួកគេនឹងពង្រីកការវាយប្រហារទៅលើមូលដ្ឋានដទៃទៀតនៅទូទាំងតំបន់មជ្ឈិមបូព៌ាប្រសិនបើអាមេរិកមិនព្រមបញ្ឈប់ការវាយប្រហារទេ។ គេស្ដាប់ឮសំឡេងស៊ីរ៉ែនប្រកាសអាសន្នស្រែកកងរំពងនៅប្រទេសបារ៉េន និងគូវែតកាលពីយប់មិញក្រោយពេលអ៊ីរ៉ង់សច្ចាថាខ្លួននឹងបើកការវាយប្រហារជាថ្មី។

ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសគូវែតបានបាញ់ទម្លាក់មីស៊ីល និងដ្រូនជាច្រើនគ្រឿងរបស់បច្ចាមិត្ត។ នេះបើយោងតាមការអះអាងរបស់យោធាគូវែត។ ពួកគេបង្ហោះសារនៅលើបណ្ដាញអ៊ិចថាអគ្គសេនាធិការដ្ឋានកងទ័ពរបស់យើងកត់សម្គាល់ថាករណីផ្ទុះដែលយើងស្ដាប់ឮនោះជាលទ្ធផលនៃការទប់ទល់នឹងការវាយប្រហាររបស់សត្រូវ។ ឆ្មាំបដិវត្តប្រកាសថាពួកគេវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងសំខាន់ៗរបស់អាមេរិកនៅមូលដ្ឋានអារីហ្វចាន (Arifjan) និងអាលី អាល់ សាឡឹម (Ali Al Salem) នៅគូវែត និងមូលដ្ឋានជូហ្វា (Juffair) និងសេក ឥសា (Sheikh Isa) នៅប្រទេសបារ៉េនដោយប្រើប្រាស់មីស៊ីល និងដ្រូន។

លោកដូណាល់ត្រាំព្រមានកាលពីមុននេះថាបើអ៊ីរ៉ង់នៅតែបន្តវាយប្រហារកប៉ាល់ដឹកទំនិញនៅច្រកសមុទ្រហ័រម៉ូសទៀត ពេលនោះនឹងមានរឿងកាន់តែធំត្រូវនិយាយគ្នា។ លោកបញ្ជាឱ្យវាយប្រហារអ៊ីរ៉ង់ដោយសារតែអ៊ីរ៉ង់វាយប្រហារកប៉ាល់បីគ្រឿង។ សារព័ត៌មានរបស់រដ្ឋអ៊ីរ៉ង់ផ្សាយថាគេស្ដាប់ឮសំឡេងផ្ទុះនៅលើទីតាំងជាច្រើនកន្លែងតាមបណ្ដោយឆ្នេរសមុទ្រអ៊ីរ៉ង់ភាគខាងត្បូងបន្ទាប់ពីបញ្ជាការដ្ឋានកណ្ដាលយោធាអាមេរិកប្រកាសបើកការវាយប្រហារជាថ្មី។ គេស្ដាប់ឮសំឡេងយន្តហោះចម្បាំងបញ្ចេញសម្រែកកងរំពងនៅលើផ្ទៃអាកាសនៃកោះឃីស (Kish) និងស្ដាប់ឮសំឡេងផ្ទុះរ៉ុកកែតនៅទីក្រុងបាន់ដា អាបាស់ (Bandar Abbas), កូណារ៉ាក់ (Konarak) និងឆាបាហា (Chabahar)។ ភ្លើងអគ្គិសនីបានដាច់នៅទីតាំងខ្លះនៃតំបន់ទាំងនេះ។

មុនពេលចេញបញ្ជាឱ្យវាយប្រហារលើកចុងក្រោយនេះ លោកត្រាំថ្លែងថាបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់បានឈានដល់ទីបញ្ចប់ហើយ។ បន្ទាប់ពីឮដូច្នេះ ក្រុមប្រទេសសម្របសម្រួលដូចជាប៉ាគីស្ថាន, កាតា និងអង្គការសហប្រជាចេញសេចក្ដីអំពាវនាវឱ្យភាគីទាំង២បន្ធូរបន្ថយភាពតានតឹង។ លោកត្រាំបញ្ជាក់ថាការវាយបកគ្នាទៅវិញទៅមកនេះមិនធ្វើឱ្យមានជម្លោះប្រដាប់អាវុធរយៈពេលវែងទេ។ ម៉្យាងទៀត លោកនៅតែបើកទ្វារចំហជានិច្ចសម្រាប់គម្រោងចរចាសន្តិភាពនាពេលអនាគត។ យោធាអាមេរិកបង្ហើបឱ្យដឹងថាខ្លួនវាយប្រហារលើកនេះដើម្បីកុំឱ្យអ៊ីរ៉ង់ចេះតែបង្កគំរាមកំហែងចំពោះសេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកហ័រម៉ូស៕ ប្រភព៖ Euro News

ចែករំលែកព័តមាននេះ