ករណីឆេះអគារខុនដូ ដ៏ខ្ពស់ស្កឹមស្កៃ នៅជ្រោយចង្វា ភ្លើងបានរលត់ហើយ ខណៈមូលហេតុមិនទាន់ដឹងនៅឡើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អគារខុនដូ WEALTH MANSION ដ៏ខ្ពស់ស្កឹមស្កៃនៅមុខ វិទ្យាល័យជាស៊ីមជ្រោយចង្វារ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាឲ្យរងការខូចខាតផ្នែកខាងលើដែលកំពុងតែដេគ័រ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នៅចំណុចអាគារខុនដូ WEALTH MANSIONដែលស្ថិតនៅផ្លូវភ្លោះ ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយសមត្ថកិច្ចការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានចេញរថយន្តជាច្រើនគ្រឿង ទៅអន្តរាគមន៍ភ្លាមៗ។
តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើត ហេតុគេឃើញភ្លើងបានឆាប់ឆេះយ៉ាងសន្ធោសន្ធៅនិងផ្សែង ខ្មៅខ្មួលខ្មាញ់ចេញពីជាន់ទី៤៣នៃអគារខុនដូខាងលើ។
នៅក្នុងហេតុការណ៍នោះនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញព្រមទាំងរថយន្តក្រុមហ៊ុន OCIC ជាច្រើនគ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ហើយភ្លើងបានរលត់ទៅវិញ។ទោះបីជាយ៉ាងណាសម្ភារៈជាច្រើននៅជាន់ទី ៤៣ត្រូវភ្លើងឆេះរងការខូចខាតស្ទើរតែទាំងស្រុង។
តាមព័ត៌មានឲ្យដឹងទៀតថា អាគារដែលត្រូវភ្លើងឆេះនៅផ្នែកខាងលើពុំទាន់សាងសង់រួចរាល់នៅឡើយហើយកំពុងតែរៀបចំដេគ័រ។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងជាបឋមថា សម្ភារៈ និងគ្រឿងដេគ័រដែលគទុកសម្រាប់ដេគ័រនៅជាន់នៅទី៤៣ ត្រូវភ្លើងឆេះរងការខូចខាត។
ទាក់ទិននឹងមូលហេតុដែលនាំឲ្យកើតមានអគ្គីភ័យនេះ សមត្ថកិច្ចពុំទាន់ដឹងពីមូលហេតុឡើយទេ ខណៈកំពុងតែធ្វើការស្រាវជ្រាវ៕

















ចែករំលែកព័តមាននេះ