ក្រុមគ្រូពេទ្យឯកទេសប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានណែនាំ និងផ្តាំផ្ញើរទៅប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន នៅពេលលេបថ្នាំ ប្រយ័ត្នប្រហែសច្រឡំលេបទាំងសម្បក ពីព្រោះការលេបបែបនោះ វាមានហានិភ័យដល់សុខភាព ។

មន្ទីរពេទ្យជាតិ តេជោសន្តិភាពបានអះអាង កាលពីថ្ងៃទី០៨ ខែកក្កដាថា អ្នកជំងឺជាបុរសវ័យ២១ឆ្នាំម្នាក់ បានមកពិនិត្យនៅមន្ទីរពេទ្យ បន្ទាប់ពីមានអាការៈឈឺចុក និងតឹងក្នុងទ្រូង ក្រោយពេលលេបថ្នាំទាំងសម្បកកញ្ចប់ថ្នាំដោយអចេតនា ។
បន្ទាប់ពីមកដល់មន្ទីរពេទ្យ អ្នកជំងឺត្រូវបានពិនិត្យ និងវាយតម្លៃ ដោយក្រុមគ្រូពេទ្យផ្នែកត្រចៀក ច្រមុះ និងបំពង់ក និងផ្នែកប្រព័ន្ធរំលាយអាហារ ឃើញថា វត្ថុរឹងនេះបានធ្លាក់ទៅក្នុងប្រព័ន្ធរំលាយអាហារពោះវៀនធំ ក្រុមគ្រូពេទ្យផ្នែកឆ្លុះក្រពះ-ពោះវៀន បានធ្វើការឆ្លុះបន្ទាន់ និងចាប់យកចេញបានដោយជោគជ័យ និងសុវត្ថិភាព ។
ប្រភពដដែលបានបន្តថា នេះជាករណីទីពីរ ដែលក្រុមគ្រូពេទ្យបានចាប់យកក្នុងករណីលេបថ្នាំទាំងសម្បកដោយលើកទីមួយ ស្ថានភាពសម្បកថ្នាំនៅក្រពះ និងលើកទីពីរនេះ ករណីមកដល់ពោះវៀនធំ ។
មន្ទីរពេទ្យជាតិ តេជោសន្តិភាព សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ឱសថ ជាពិសេសមុនពេលលេបថ្នាំ ត្រូវពិនិត្យឱ្យបានច្បាស់ថា បានយកថ្នាំចេញពីសម្បកកញ្ចប់រួចរាល់ ។
ក្នុងករណីលេបវត្ថុទាំងនេះ ដោយអចេតនា ឬមានអាការៈរោគក្រពះ ពោះវៀន សូមប្រញាប់មកពិនិត្យនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ